|
ព្រះតេជព្រះគុណឡឹមសឿង។ |
ព្រះតេជព្រះគុណឡឹមសឿង ព្រះចៅអធិការវត្តសិរីនគរជុំអំពូយារ ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង តែងបានមាមីងពុទ្ធបរិស័ទគោរពរាប់អាន។ ព្រះអង្គតែងយកព្រះទ័យទុកដាក់គិតគូរក្នុងការរៀបចំកសាងវត្តអារាម ការបួសរៀនរបស់ព្រះសង្ឃ ចលនាលើកទឹកចិត្តមាមីងពុទ្ធបរិស័ទរស់នៅប្រតិបត្តិល្អ ការងារសាសនា អនុវត្តល្អការងារសង្គម។
ឆ្នាំ ១៩៨០ យុវជនឡឹមសឿង បានឪពុកម្តាយនាំចូលបួសរៀននៅវត្តសិរីនគរជុំអំពូយារ។ ក្រោយពីរយៈកាល៥វស្សាបួសរៀន ព្រះតេជព្រះគុណឡឹមសឿង បានគណៈកម្មការនិងមាមីងពុទ្ធបរិស័ទចំណុះជើងវត្តទំនុកចិត្តតែងតាំងជាព្រះចៅអធិការវត្តរហូតមកទល់សព្វថ្ងៃ។ ព្រះអង្គខ្នះខ្នែងយកព្រះទ័យទុកដាក់គិតគូររៀបចំកសាងវត្តមានភាពសមរម្យ។ ព្រះតេជព្រះគុណឡឹមសឿង មានថេរដីកា៖ “ពីមុន កុដិសាលាក្នុងវត្តកសាងសាមញ្ញ សសរឈើ ដំបូលប្រក់ស្លឹក នៅក្បែរមាត់ព្រែកអំពូយារ ម៉្លោះហើយប្រឈមនឹងការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ។ ទីធ្លាវត្តលិចទឹក ថ្ងៃបុណ្យមាមីងពុទ្ធបរិស័ទមកវត្តគ្មានកន្លែងលេងកម្សាន្ត។ ព្រោះហេតុនោះ អាត្មាភាពខិតខំរៀបចំវត្តអារាមឱ្យមានកន្លែងសម រម្យសម្រាប់ការបួសរៀនរបស់ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទមកធ្វើបុណ្យទាន”។ ផ្តើមពីនោះ ព្រះអង្គនិងគណៈកម្មការវត្ត បានបវារណាពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសរួមវិភាគទានកសាង។ មាមីងពុទ្ធបរិស័ទជឿទុកចិត្តគោរពរាប់អានព្រះអង្គគ្រប់គ្នា ម៉្លោះហើយរួមគ្នាចូលរួមកសាងវត្តអារាម។
បច្ចុប្បន្ន វត្តសិរីនគរជុំអំពូយារ ត្រូវបានរៀបចំកសាងមានភាពសមរម្យ ទេសភាពបៃតង ជ្រះស្អាត បំផុតរបស់ស្រុកមីស្វៀង។ ព្រះវិហារ កុដិ សាលា អគារសិក្សា បន្ទប់ទទួលភ្ញៀវ។ល។ សុទ្ធតែបានកសាងមានក្បូរក្បាច់រចនាស្ថាបត្យកម្មវប្បធម៌របស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ព្រះអង្គនៅទាំងកសាងអគារសិក្សាមួយខ្នងពីរបន្ទប់រៀន និងកុដិ ៤ ល្វែង សម្រាប់សមណសិស្សនិមន្តមកសិក្សា ចាប់ពីថ្នាក់ទី១ដល់ទី៣ ប្រមាណជាង៥០អង្គ។ សមណសិស្សមកសិក្សានៅទីនេះ បានពុទ្ធបរិស័ទជួយឧបត្ថម្ភ។ ចំពោះព្រះសង្ឃក្នុងវត្ត ក្រៅសិក្សាផ្លូវធម៌ ព្រះអង្គនៅទាំងបង្កលក្ខណៈឱ្យទៅសិក្សាផ្លូវលោកនៅសាលាមធ្យមសិក្សាចំណេះទូទៅកម្រិត ២-៣ វ៉ាន់ង៉ុកចិញ។ ក្រៅពីនោះ ឱ្យតែដល់រដូវវិស្សមកាល វត្តបើកថ្នាក់បង្រៀនអក្សរខ្មែរ ដោយមានកូនចៅមាមីង ជនរួមជាតិខ្មែរចូលរៀនរាប់រយនាក់។ ជារៀងរាល់ឆ្នាំ ពេលបើកបវេសនកាល ព្រះអង្គជូនសៀវភៅ ប៊ិច ជាង៥.០០០ក្បាល ដល់សិស្សក្រីក្រក្នុងឃុំ។
វត្តអំពូយារមានសោភណភាពស្រស់ស្អាត គឺជាស្នាព្រះហស្ថរបស់ព្រះតេជព្រះគុណ
ឡឹមសឿងបវារណាពុទ្ធបរិស័ទជិតឆ្ងាយរួមវិភាគទានកសាង។
លោកកាវដូរ៉ា ប្រធានគណៈកម្មការវត្តសិរីនគរជុំអំពូយារ មានប្រសាសន៍៖ “ព្រះតេជព្រះគុណឡឹមសឿង ជាព្រះចៅអធិការមួយអង្គមានសន្តានចិត្តល្អអស់ពីព្រះទ័យចំពោះការងារសាសនានិងការងារសង្គម។ មាមីងមកវត្តនៅថ្ងៃសីលនិងបុណ្យទានម្ដងៗ ព្រះអង្គតែងផ្សព្វផ្សាយ ចលនាមាមីងអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ លើកគោលធម៌មកពន្យល់់ណែនាំមាមីងរស់នៅនិងធ្វើការត្រូវគោរពតាមច្បាប់រដ្ឋ ព្រមទាំងលើកទឹកចិត្តមាមីងឱ្យខិតខំប្រឹងប្រែងធ្វើការរកស៊ី កសាងគ្រួសារវប្បធម៌ អប់រំកូនចៅជៀសឆ្ងាយពីបាបគ្រោះសង្គម ចលនាមាមីងរស់នៅសាមគ្គី ជួយគ្នាក្នុងគ្រាលំបាក។ល។ ចំពោះព្រះសង្ឃ ព្រះតេជព្រះគុណ គ្រប់គ្រង អប់រំម៉ឺងម៉ាត់ក្នុងការគោរព អនុវត្តតាមវិន័យសង្ឃ”៕
លីធាន-មុនី