ពេលដែលរំលឹកដល់ពូឡឹមវ៉ាន់ផឹង (សាវផឹង) នៅភូមិប្រាសាទគង់ ប្រជាជននៅឃុំថាមដូង ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង ស្គាល់គាត់សឹងតែគ្រប់គ្នា។ ប៉ុន្មានឆ្នាំមកនេះ គាត់មានរហស្សនាមថា“បិតា”របស់អ្នកក្រ មនុស្សចាស់អនាថានិងគ្រួសារក្រីក្រ។ ពិសេស គាត់បានធ្វើផ្លូវស្ពាននៅតំបន់ជនបទ ឃុំថាមដូងផងដែរ។ កាលពីឆ្នាំ២០១៩ ពូសាវផឹង បាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរដោយស្នាដៃឆ្នើមអំពី “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។
ពូឡឹមវ៉ាន់ផឹង ទទួលប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដោយមានស្នាដៃឆ្នើមក្នុងការ “រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ”។
ធំដឹងក្តីនៅតំបន់ជនបទក្រីក្រ យល់ច្បាស់ពីការនឿយហត់ ក្រលំបាករបស់អ្នកក្រ ម្ល៉ោះហើយខណៈពេលជីវភាពបានធូរធារ គាត់បានចលនាមាមីង ញាតិមិត្តនិងអាណិកជននៅបរទេស រួមវិភាគទានទឹកប្រាក់រាប់រយលានដុង ដើម្បីឧបត្ថម្ភជាអង្ករ ប្រាក់អំណោយ និងពិនិត្យ ជំងឺដោយឥតគិតថ្លៃ ជូនអ្នកក្រតំបន់ជនបទ។ ទន្ទឹមនឹងនោះ គាត់ចលនាទឹកប្រាក់បានជិត២ពាន់លានដុង ដើម្បីកសាងស្ពានជនបទបាន៦ខ្សែ ផ្លូវជនបទ៤ខ្សែ ប្រវែងជិត៣ គ.ម សង់ខ្ទមនៅវាលស្រែ២ខ្នង សម្រាប់មាមីងជ្រកភ្លៀងឬក៏សម្រាកពេលថ្ងៃ។ ក្រៅពីនេះ គាត់ថែមទាំងចលនាប្រជាជនបរិច្ចាគដី១.០០០ម៉ែត្រការ៉េ ដើម្បីរដ្ឋកសាងសាលាមតេ្តយ្យបុងស៊ាង នៅភូមិប្រាសាទគង់ទៀតផង។ លោកថាច់សាង អាយុ៨០ឆ្នាំ នៅភូមិប្រាសាទគង់ ឱ្យដឹង៖ “ពូសាវផឹង ធ្វើផ្លូវដើរ គាត់មិនត្រូវការតបស្នងអ្វីទេ។ រយៈពេល២០ឆ្នាំមកនេះ ខែណាក៏ដូចខែណា គាត់តែងចុះមកដល់ផ្ទះខ្ញុំជូនអង្ករ៣០គ.ក និងប្រាក់៣០០.០០០ដុង ដើម្បីខ្ញុំទ្រទ្រង់ជីវភាពគ្រួសារ។ នោះគឺជាសន្ដានចិត្តដ៏ឧត្តុង្គឧត្តមរកអ្វីប្រៀបផ្ទឹមពុំបាន ខ្ញុំចងចាំជានិច្ច។ មិនតែប៉ុណ្ណោះ គាត់នៅទាំងកសាងផ្លូវចូលភូមិស្អាតល្អ ម្ល៉ោះហើយអ្នកណាក៏ដឹងគុណគាត់ទាំងអស់”។
ដើម្បីមានទំនុកចិត្តពីមាមីងក្នុងភូមិ និងសប្បុរសជនទាំងឡាយគាំទ្រ ខ្លួនគាត់ផ្ទាល់ តែងយក តម្រាប់តាមគំរូអ៊ំហូ លត់ដំសីលធម៌ ឥរិយាបថជាដើម។ កាលពីមុននេះ គាត់មានដីស្រែតែ៤កុងប៉ុណ្ណោះ ប៉ុន្តែរយៈពេលច្រើនឆ្នាំខិតខំពលកម្មផលិត គាត់ក៏ក្លាយជាគ្រួសារមានបាន។ បច្ចុប្បន្ន គាត់មានដីស្រែ៦០កុង ចម្ការ៧កុង និងគេហដ្ឋានល្អស្អាត។ ពូសាវផឹង ឱ្យដឹង៖ “ខ្ញុំរៀនសូត្រពីអ៊ំហូ កិច្ចការណាមានប្រយោជន៍ដល់ប្រជាជន គប្បីធ្វើនៅពេលជីវភាពបានគ្រាន់បើ ខ្ញុំបំពេញការងារសប្បុរសធម៌ និងចលនាសប្បុរសជនទាំងឡាយ ឧបត្ថម្ភជាអង្ករជូនអ្នកក្រ និងជួយគ្រួសារក្រីក្រ ញាតិមិត្តមានជំងឺ ឬក៏ជនពិការ។ល។ រយៈពេល២០ឆ្នាំមកនេះ គ្រួសារខ្ញុំគឺជាអាសយដ្ឋានមនុស្សធម៌ ដើម្បីមាមីងទៅពឹងពាក់ពេលត្រូវការជំនួយម្តងម្កាល។ ក្នុងពេលទទួលប្រាក់ក៏ដូចជាចំណាយលើឧបត្ថម្ភ ខ្ញុំតែងកត់ត្រាច្បាស់លាស់ ប្រកាសជាសាធារណៈដោយតម្លាភាព បានជាសប្បុរសជនទាំងឡាយ មានទំនុកចិត្ត ឱ្យតែខ្ញុំបង្ហើបមាត់ គឺបងប្អូនគ្រប់គ្នាគាំទ្រជានិច្ច”។
លោកតាំងទ្រុងបាវ លេខាគណៈកម្មាធិការបក្សឃុំថាមដូង ឱ្យដឹង៖ “ទង្វើរបស់ពូសាវផឹង មានអត្ថន័យជាក់ស្តែងក្នុងជីវភាព។ គាត់បានរួមចំណែកជាច្រើនក្នុងការកសាងសំណង់ផ្សេងៗនៅជនបទ ការងារសប្បុរសធម៌ និងមនុស្សធម៌ផង។ ជាពិសេស គាត់អនុវត្តល្អតួនាទីជា “ស្ពាន តភ្ជាប់” រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជាមួយមាមីងខ្មែរ ក្នុងការផ្សព្វផ្សាយ ចលនារាល់គោលការណ៍ សេចក្តីសម្រេចរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ស៊ីជម្រៅក្នុងជីវភាព”៕
លីធាន-លីសៀ