រយៈពេលកន្លង ក្រុងកឹងធើ បានផ្តុំកម្លាំងអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ជនរួមជាតិភាគតិច ជួយឱ្យជីវភាពរបស់ជនរួមជាតិភាគតិច លើភូមិសាស្រ្តកាន់តែវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ការបង្ហាញម៉ាស៊ីនស្ទូងនៅធើយឡាយ ទាក់ទាញប្រជាជនជាច្រើនមកទស្សនា។
យោងតាមស្ថិតិរបស់គណៈជនជាតិ អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ តាមមន្ទីរ គណៈ ផ្នែកបានសហការជាមួយភូមិភាគ ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ អនុវត្តការផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ជាសន្សឹមៗប្តូរទម្លាប់ផលិតកម្ម ដោយជំរុញការបង្វែររចនាសម្ព័ន្ធដំណាំ សត្វចិញ្ចឹម និងជំរុញមាំការងារជំរុញកសិកម្ម នាំយកវិទ្យាសាស្រ្តបច្ចេកទេស អនុវត្តទូលំទូលាយក្នុងការបង្កបង្កើនផល។ ផ្តើមពីនោះ រចនាសម្ព័ន្ធសេដ្ឋកិច្ច នៅតាមភូមិភាគតំបន់ជនរួមជាតិ បន្តបង្វែរទៅរកទិសវិជ្ជមាន សមស្របនឹងការកំណត់ទិសអភិវឌ្ឍរួមរបស់ក្រុង។
លោកត្រឿងថាញ់សាង ប្រធានការិយាល័យជនជាតិស្រុកកើ-ដ ឱ្យដឹង៖ ក្នុងចំណោមកម្មវិធី គម្រោងវិនិយោគអាទិភាពដាច់ដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិភាគតិច ក្នុងនោះ ក៏មានថវិកាមួយភាគសម្រាប់ការងារចលនាផ្សព្វផ្សាយ ឧបត្ថម្ភប្រជាជនដើម្បីផ្លាស់ប្តូររបៀបផលិតកម្ម សមស្របនឹងការប្រែប្រួលអាកាសធាតុ។ល។ ក្រៅពីនេះ ខណៈពេលជនបទវឌ្ឍនភាព មធ្យោបាយព័ត៌មានក៏រីកចម្រើន ប្រជាជនតែងធ្វើបច្ចុប្បន្នភាពព័ត៌មានតាមរយៈកាសែត ទូរទស្សន៍ និងប្រព័ន្ធអ៊ិនធឺណែត។ល។ ម្ល៉ោះហើយមិនមានការអល់អែកក្នុងការផ្លាស់ប្តូរទម្រង់ដាំដុះ ចិញ្ចឹមសត្វដើម្បីបង្កើនប្រាក់ចំណូល។ និយាយអំពីការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច បងស្រីថាច់ធីឡង នៅភូមិធើយហ្វាB ទីប្រជុំជនកើ-ដ ឱ្យដឹង៖ “កាលពីមុននេះ នាងខ្ញុំដឹងតែពីធ្វើស្រែ៣រដូវ ពីព្រោះពេលល្ហែពីការងារមិនដឹងជាធ្វើអ្វី។ ចាប់ពីបានស្តាប់កម្មាភិបាលជំរុញកសិកម្មផ្តល់អនុសាសន៍ នាងខ្ញុំធ្វើស្រែតែ២រដូវ រួចបង្ហូរទឹកចូលស្រែដើម្បីកែប្រែដី។ ពេលល្ហែពីការងារ នាងខ្ញុំចូលរួមក្រុមសហការត្បាញកំប្លោកក្នុងភូមិ។ ថ្វីត្បិតតែប្រាក់ចំណូលបានមកពីការត្បាញកំប្លោកមិនច្រើនក៏ពិតមែន ប៉ុន្តែមានភាពលំនឹង ហើយមិនបារម្ភដូចធ្វើស្រែរដូវទី៣ មិនបានផល បង់កម្លាំង ខាតដើមទុនដូចមុនទៀត”។
លោកថាច់តាម ប្រធានការិយាល័យជនជាតិស្រុកធើយឡាយ ឱ្យដឹងបន្ថែម៖ ថ្ងៃដែលសាកលវិទ្យាល័យកឹងធើ បានសហការជាមួយការិយាល័យកសិកម្មស្រុកធើយឡាយ រៀបចំបង្ហាញសាកល្បងម៉ាស៊ីនស្ទូងស្រូវស្វ័យប្រវត្តិ ឃើញថាមាមីងបានមកទស្សនានិងសិក្សាស្រាវជ្រាវច្រើនកុះករ។ ជាពិសេស មានអ្នកខ្លះក៏រំភើបចិត្តជាមួយនឹងរបៀបផលិតកម្មនេះ។ អ្នកមីងថាច់ធីឡង នៅឃុំធើយតឹង មានចម្ងល់៖ “នាងខ្ញុំគិតចង់រកទិញម៉ាស៊ីននេះឱ្យកូនប្រុស ដើម្បីជួយសម្រាលការនឿយហត់ ខណៈពេលធ្វើស្រែផ្ទះម្តងៗ ហើយអាចនឹងធ្វើសេវាកម្មបន្ថែមដើម្បីបង្កើនប្រាក់ចំណូល។ នេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់ការបង្កបង្កើនផលស្រូវនាបច្ចុប្បន្ន ពីព្រោះកម្លាំងពលកម្មនៅជនបទ កាន់តែពិបាករក ដោយភាគច្រើនទៅធ្វើកម្មកររោងចក្រ”៕
ហាថាញ់-លីសៀ