កីឡាការិនី Sofia Kenin បានឈ្នះជើងឯកពានរង្វាន់ Grand Slams លើកដំបូងក្នុងឆ្នាំ-Australian Open ២០២០ (អូស្រ្តាលីបើកទូលាយ) នៅលើកដំបូងដែលចូលប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាស្នាដៃដ៏អស្ចារ្យរបស់កីឡាការិនី អាយុ២១ឆ្នាំ ជនជាតិអាមេរិកដើមកំណើតរុស្ស៊ី។
កីឡាការិនី Kenin លើកពានរង្វាន់ជើងឯក Grand Slam លើកដំបូង រូប៖ AP
កីឡាការិនី Kenin គឺជាពន្លកទី១៤ក្នុងការប្រកួតដ៏ធំលើកដំបូងក្នុងឆ្នាំ២០២០។ កាលពីឆ្នាំ២០១៩ នាងត្រូវបានពិនិត្យជម្រើសជាកីឡាការិនីជឿនលឿនបំផុត ដោយឈានឡើងពីចំណាត់ថ្នាក់លេខ៥២ ឡើងលេខ១២នៃពិភពលោក ។ ថ្វីត្បិតដូច្នោះក្តី នាងហាក់មិនទទួលបានការគាំទ្រពីមជ្ឈដ្ឋានមហាជន ថានឹងឈ្នះពានរង្វាន់អូស្រ្តាលីបើកទូលាយក្នុងឆ្នាំនេះឡើយ ខណៈពេលកីឡាការិនីម្ចាស់ផ្ទះ កំពុងគ្រងតំណែងលេខ១នៃពិភពលោក គឺកីឡាការិនី Ashleigh Barty នាងមានថ្វីដៃប្រកួតយ៉ាងល្អ។ ក្នុងពេលនោះ ម្ចាស់ជើងឯកអូស្រ្តាលីបើកទូលាយ២០១៩ នោះគឺកីឡាការិនី Naomi Osaka និងកីឡាការិនីឆ្នើម Serene Williams កំពុងវិលមកកាន់ការប្រកួតឡើងវិញ។
ដោយមិនទទួលបានការឱ្យតម្លៃខ្ពស់ ម្ល៉ោះហើយកីឡាការិនី Kenin មិនរងសម្ពាធអំពីស្នាដៃ ហើយប្រកួតដោយសម្រួលទៅតាមសមត្ថភាពរបស់ខ្លួន។ គឺប្រកួតអស់ពីចិត្ត រហ័សរហួន ពិសេសគឺការវាយខ្វែងដៃដ៏មានទម្ងន់ និងបានឆ្ងាយ ដៃគូពីបាកក្នុងការស្មាន ពេលខ្លះវាយគប់ ខ្លះវាយបញ្ឆិតប្រកិតខ្សែសំណាញ់។ ភាពទំនុកចិត្តបានញ៉ាំងឱ្យកីឡាការិនី Kenin ផ្តួលកីឡាការិនីកំពូលៗជាបន្តបន្ទាប់ មានដូច៖ កីឡាការិនី Trevisan Ann Li Zhang Shuai Cori Gauff ឬក៏កីឡាការិនី Ons Jabeur។ល។ រហូតដល់រូបនាងប្រកួតបាន៤សិត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយកីឡាការិនី Barty, រួចផុតពីសម្ពាធអ្នកគាំទ្រម្ចាស់ផ្ទះ ពេលនោះទើបអ្នកគាំទ្របានឃើញមុខមាត់ម្ចាស់ជើងឯកពិត។ នៅពេលប្រកួតជាមួយកីឡាការិនីអេស្ប៉ាញ-អ្នកដែលឈ្នះរង្វាន់ Grand Slam ២លើក ក្នុងព្រឹត្តិការណ៍ Garbine Muguruza ក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាការិនី Kenin នៅតែបន្តការប្រកួតបានយ៉ាងល្អ។ ជាពិសេសនាងបានក្រឡាស់ស្ថានភាពគួរឱ្យភ្ញាក់ផ្អើល ដោយលទ្ធផល៤-៦ ៦-២ ៦-២ ដើម្បីក្លាយជា"រាជិនីថ្មី"នៃ Australian Open តែម្តង។
ដណ្តើមបានកិត្តិនាមជើងឯកលើកដំបូងឈានចូលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Grand Slam គឺជាស្នាដៃដ៏អស្ចារ្យសម្រាប់កីឡាការិនីដែលមានអាយុ២១ឆ្នាំ។ មិនតែប៉ុណ្ណោះ ចំពោះពានរង្វាន់Grand Slams លើកដំបូងក្នុងអាជីព កីឡាការិនីKenin ក៏បង្កើតបានឯតទគ្គកម្មជាច្រើនដូច៖ ក្លាយជាម្ចាស់ជើងឯកវ័យក្មេងបំផុតនៃពានរង្វាន់អូស្រ្តាលីបើកទូលាយ ចាបពីឆ្នាំ២០០៨មក។ ក្លាយជាកីឡាការិនីវ័យក្មេងបំផុតឈានចូលលំដាប់កីឡាករកំពូលទាំង១០រូប ហើយជាកីឡាការិនីទី៤របស់អាមេរិក បានគ្រងតំណែងជើងឯកពានរង្វាន់ Grand Slams បន្ទាប់ពីបងប្អូនកីឡាការិនី Williams និង Sloane Stephens៕
ហាថាញ់-លីសៀ