បច្ចុប្បន្ន នៅខេត្តសុកត្រាំងចំនួនករណីកើតជំងឺពងបែកដៃជើងនិងមាត់ កំពុងមានការកើនឡើង។ តាមមន្ទីរសុខាភិបាលខេត្តសុកត្រាំង រហូតដល់ដើមខែតុលា ទូទាំងខេត្តបានកត់សម្គាល់មុខសញ្ញាកើតជំងឺពងបែកដៃជើងនិងមាត់មានចំនួន៩៦៧ករណី កើន៨០%បើប្រៀបនឹងឆ្នាំ២០១៨។ បច្ចុប្បន្ន ភូមិភាគកំពុងចាត់តាំងវិធានការជាច្រើន ដើម្បីទប់ស្កាត់មិនឱ្យជំងឺកើតរាលដាល។
វេជ្ជបណ្ឌិតត្រឹងហ្វៀងត្រឹងពិនិត្យសុខភាពដល់កុមារ។
ចំពោះមុខស្ថានភាពរោគរាលដាលកាន់តែកើនឡើង មជ្ឈមណ្ឌលសុខាភិបាលស្រុក បានសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ និងនៅតាមសាលារៀននានា ជំរុញការផ្សព្វផ្សាយដល់ប្រជាជន បាញ់ថ្នាំកម្ចាត់មេរោគនៅកន្លែងដែលមានរោគកើតឡើង ដើម្បីចៀសវាងមេរោគឆ្លងរាលដាល។ ឆ្លងតាមរយៈនោះ បានរួមចំណែកលើកកម្ពស់ការយល់ដឹងដល់ប្រជាជនក្នុងការបង្ការជំងឺ។ វេជ្ជបណ្ឌិតឯកទេសI ត្រឹងវ៉ាន់អា នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ ឱ្យដឹង៖ “មជ្ឈមណ្ឌលធ្វើបច្ចុប្បន្នភាពពីស្ថានភាពរោគឆ្លងរាលដាលរាល់ថ្ងៃ។ ព្រោះហេតុនោះ ពេលប្រទះឃើញមានជំងឺកើតឡើងគឺវិនិច្ឆ័យភ្លាម មិនទុកឱ្យជំងឺរាលដាលឡើយ។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលបានសហការជាមួយនឹងភូមិភាគ និងផ្នែកអប់រំ ចាត់តាំងផ្សព្វផ្សាយអប់រំនៅតាមទារកដ្ឋាន សាលាមតេ្តយ្យនិងនៅតាមសាលារៀនដទៃទៀតពីផលប៉ះពាល់នៃជំងឺពងដៃ ជើងនិងមាត់ ព្រមទាំងវិធីបង្ការ។ ទន្ទឹមនឹងនោះ ផ្ដល់ជូន Cloramin B និងសាប៊ូលាងដៃដល់ដំណាក់សុខាភិបាលឃុំ ទីប្រជុំជន និងសាលារៀននានា ដើម្បីកម្ចាត់មេរោគនៅក្នុងបន្ទប់រៀននិងវិនិច្ឆ័យករណីកើតជំងឺពេលជំងឺកើតឡើង”។
តាមមន្ទីរពេទ្យសម្ភពនិងកុមារខេត្តសុកត្រាំង ឱ្យដឹង៖ បច្ចុប្បន្ន មន្ទីរពេទ្យព្យាបាលជំងឺពងបែកដៃជើង និងមាត់មធ្យមភាគជាង៤០ករណី ក្នុងមួយថ្ងៃ។ ចំនួនកុមារកើតជំងឺចូលដេកពេទ្យ កើនឡើងកាលពីចុងខែកញ្ញា និងដើមខែតុលា ហើយស្ថានភាពកុមារចូលដេកពេទ្យដោយជំងឺពងបែកដៃជើង និងមាត់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ បងស្រីសើុងធីណាស៊ី កំពុងថែទាំកូននៅមន្ទីរពេទ្យ ឱ្យដឹង៖ “កូនខ្ញុំចូលដេកពេទ្យព្យាបាលបាន៥ថ្ងៃហើយ ឥឡូវបានធូរស្រាលគ្រាន់បើ។ ពេលឃើញកូនក្តៅខ្លួន និងកន្ត្រាក់ ខ្ញុំភ័យពេកក៏នាំកូនចូលមន្ទីរពេទ្យ។ ព្រឹកឡើង ឃើញស្នាមក្រហមឡើងពេញនៅលើគូថ បាតដៃ និងបាតជើង ម្ល៉ោះហើយទើបខ្ញុំដឹងថាកើតជំងឺពងបែកដៃជើងនិងមាត់។ ពេលចុះពីពេទ្យ ខ្ញុំនឹងអនាម័យប្រដាប់លេងនិងវត្ថុប្រើប្រាស់របស់កូន ព្រមទាំងលាងដៃ ឱ្យកូននិងទាំងគ្រួសារដោយសាប៊ូ”។
វេជ្ជបណ្ឌិតឯកទេសIត្រឹងហ្វៀងត្រឹង អនុប្រធានផ្នែកកុមារទូទៅនៃមន្ទីរពេទ្យសម្ភព និងកុមារខេត្តសុកត្រាំង ផ្តល់អនុសាសន៍៖ “ជំងឺពងបែកដៃជើងនិងមាត់ គឺអាស្រ័យមេរោគបង្កឡើង ជាសំខាន់គឺឆ្លងតាមប្រព័ន្ធរំលាយអាហារ ជំងឺច្រើនកើតឡើងចំពោះកុមារ។ រោគសញ្ញាដែលច្រើនតែជួបប្រទះលើកុមារ ដូចជា៖ ក្ដៅខ្លួន ឡើងពងបែក ស្នាមក្រហមនៅបាតដៃ ជើង មាត់ និងគូថ។ល។ ព្រោះហេតុនោះ ឪពុកម្តាយគប្បីយកចិត្តទុកដាក់អនាម័យដល់កុមារ ឱ្យកុមារហូបឆ្អិន ផឹកឆ្អិន មានជាតិបំប៉នគ្រប់គ្រាន់។ ចាំបាច់ត្រូវលាងដៃឱ្យកុមារដោយសាប៊ូជាប្រចាំ មុននិងក្រោយពេលទទួលទានលាងជម្រះឧបករណ៍ប្រើប្រាស់ ប្រដាប់លេងរបស់ក្មេងដែល តែងតែប៉ះពាល់ មិនឱ្យកុមារប៉ះពាល់ជាមួយនឹងអ្នកមានជំងឺពងដៃជើងនិង មាត់ បំផុតគឺពេលកុមារមានរោគសញ្ញាកើតជំងឺពងបែកដៃជើងនិងមាត់ គប្បីយកកុមារទៅកាន់មូលដ្ឋានសុខាភិបាលជិតបំផុត ដើម្បីព្យាបាលបានទាន់ពេល។ ពិសេស កុមារដែលមានជំងឺគប្បីផ្ដាច់ឱ្យនៅដោយឡែកយ៉ាងតិចបំផុត១០ថ្ងៃ ដើម្បីចៀសវាងឆ្លងដល់អ្នកដទៃ”៕
យ្វីអាញ់-វិមាន