ជាអ្នកធ្លាប់បួសរៀន ម៉្លោះហើយលោកថាច់រ៉ូន មានការយល់ដឹងច្រើនពីធម៌អាថ៌ និងលក្ខណវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ។ ជាង៣០ឆ្នាំស្នងបន្តពីជំនាន់មុនៗ លោកថាច់រ៉ូន បានបញ្ចេញកម្លាំងជួយមាមីងនៅភូមិស្រុករបស់គាត់ពង្រីកស្មារតីជួយគ្នាទៅវិញទៅមក អំពាវនាវមនុស្សគ្រប់រូបរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត ទឹកប្រាក់ដើម្បីអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណី រឹតបន្តឹងចំណងមនោសញ្ចេតនារវាងភូមិផងរបងជាមួយ និងកសាងសំណង់បម្រើ សហគមន៍។
លោកថាច់រ៉ូន សួរសុខទុក្ខនិងជូនទេយ្យវត្ថុដល់ចាស់ទុំគ្មានទីពឹង។
លោកថាច់រ៉ូន ធ្លាប់បានបួសរៀននៅវត្តកោះស្លា ក្រោយពីលាចាកសិក្ខាបទ គាត់តែងបម្រើភូមិស្រុកនិងវត្តអារាមអស់ពីកម្លាំងកាយចិត្ត។ ក្នុងនាមជាមេវេននៅភូមិចារុ៍ លោកថាច់រ៉ូន តែងអស់ពីចិត្តដឹកនាំមាមីងធ្វើបុណ្យសុន្ទរ៍ទាន។ មិនត្រឹមតែដូច្នោះ គាត់នៅទាំងរក្សាបានល្អការជួយបង្ហាត់បង្រៀនវប្បធម៌ និងអក្សរសាស្រ្តជាតិដល់សមណសិស្ស កូនចៅ ពុទ្ធបរិស័ទចាប់ពីឆ្នាំ១៩៨៤រហូតដល់សព្វថ្ងៃ។ លោកថាច់ប្រែង គណៈកម្មការវត្តក្រពុំឈូកច្រាលចារុ៍ ឃុំ ថាញ់សើុង ស្រុកថ្កូវ ខេត្តត្រាវិញ បញ្ជាក់ ឱ្យដឹង៖ “លោកថាច់រ៉ូន ជាអ្នកមានសមត្ថភាពបំពេញការងារវត្តអារាមបានល្អ និងធ្វើការហ្មត់ចត់។ ក្រៅពីការងារគ្រួសារ គាត់នៅទាំងឆ្លៀតពេលមកវត្តដើម្បីបង្ហាត់បង្រៀនដល់សមណសិស្ស និងកូនចៅខ្មែរទៀតផង”។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើភូមិស្រុកបានល្អ ច្រើនឆ្នាំកន្លងលោកថាច់រ៉ូន តែង ខិតខំប្រឹងប្រែងប្រកបការងារបង្កបង្កើនផល។ លោកថាច់រ៉ូន ឱ្យដឹង៖ “គ្រួសារខ្ញុំមានដីស្រែជិត២ហិកតា។ ប៉ុន្តែនៅទសវត្សរ៍៨០ កាលនោះភូមិ ស្រុកធ្វើស្រែបានតែ១រដូវក្នុងមួយឆ្នាំ ប្រមូលផល ស្រូវបានប្រមាណពី៧ដល់១០ថាំងក្នុងមួយកុងប៉ុណ្ណោះ។ ព្រោះហេតុនោះ ដើម្បីបង្កើនប្រាក់ចំណូល ខ្ញុំបានជីកអណ្តូងយកទឹកស្រោចស្រពដំណាំរួមផ្សំក្នុងរដូវប្រាំង។ នេះជារបរបានជួយឱ្យគ្រួសារខ្ញុំមានលក្ខណៈទិញម៉ាស៊ីនកសិកម្មបម្រើការផលិត”។ ប្ដីប្រពន្ធគាត់ខិតខំបង្កបង្កើនផល ដើម្បីមានប្រាក់ចំណូលគិតគូរឱ្យកូនៗរៀនសូត្រ មានការងារធ្វើលំនឹង។ ឆ្នាំ ២០១៥ លោកថាច់រ៉ូន បានមាមីងបោះឆ្នោតជ្រើសរើសជាអ្នកមានប្រជាប្រិយភាពនៅភូមិចារុ៍។ គាត់តែងផ្សព្វផ្សាយអំពី គោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យ ច្បាប់របស់រដ្ឋ ដល់មាមីងក្នុងភូមិស្រុកដើម្បីមាមីងយល់និងគោរពតាម។
មិនត្រឹមតែយកចិត្តទុកដាក់គិតគូរការកសាង ជួសជុលកុដិ សាលាបានល្អប៉ុណ្ណោះទេ គាត់នៅទាំងបានពុទ្ធបរិស័ទប្រគល់ភារកិច្ចចាត់តាំងទៅសួរសុខទុក្ខ លើកទឹកចិត្តដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹងទៀតផង។ លោកឡឹមក្វីធី ប្រធានភូមិចារុ៍ ឃុំថាញ់សើុង ស្រុកថ្កូវ ខេត្ត ត្រាវិញ ឱ្យដឹង៖ “គ្រួសារពូថាច់រ៉ូន បានបរិច្ចាគដីនិងកម្លាំងពលកម្ម សម្រាប់កសាងបន្ទប់រៀន ទីស្នាក់ការភូមិ។ល។ ជួយឱ្យសកម្មភាពរបស់ភូមិកាន់តែមានភាពងាយស្រួល”៕
សើុងម៉ាល័យ-វិមាន