ស្រុកត្រឹងដេ ខេត្តសុកត្រាំង មានជនរួមជាតិខ្មែររស់នៅជិត៤៩%។ កាលពីចុងខែមីនា ឆ្នាំ ២០១៩ ខេត្តសុកត្រាំង បានចាត់តាំងពិធីសម្ពោធនិងបើកដំណើរការមន្ទីរពេទ្យពហុព្យាបាល ស្រុកត្រឹងដេ រួមចំណែកលើកកម្ពស់ការថែទាំសុខភាពជូនប្រជាជន។
វេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាលត្រឹងដេ កំពុងសង្គ្រោះអ្នកជំងឺ។
មន្ទីរពេទ្យពហុព្យាបាលស្រុកត្រឹងដេ ត្រូវបានវិនិយោគកសាងតាមលក្ខឋាន ដែលក្រសួងសុខាភិបាលបានកំណត់ គឺមានទីឋានស្រឡះស្រឡំ គ្រប់ផ្នែកនិងបន្ទប់នីមួយៗ ត្រូវបានបំពាក់បរិក្ខារពេទ្យទំនើបៗ។ ពិសេស មន្ទីរពេទ្យត្រូវបានកសាងក្នុងមជ្ឈមណ្ឌលរដ្ឋបាលស្រុក ដោយមានផ្ទៃដី១១.៦៧៣ម៉ែត្រការ៉េ ថវិកាកសាងសរុបជាង១១៩ពាន់លានដុង។ ម្យ៉ាងទៀត សំណង់មាន៣ជាន់ មានបន្ទប់វិជ្ជាជីវៈសម្រាប់ពិនិត្យព្យាបាលជំងឺ ដោយមានទ្រង់ទ្រាយ ១០០គ្រែ និងផ្នែកសំណង់ផ្សេងៗឯទៀត ដូចជាមណ្ឌលបង្ការមេរោគឆ្លង និងមណ្ឌលអាហា រូបត្ថម្ភជាដើម។
ការបើកដំណើរការមន្ទីរពេទ្យហុព្យាបាលត្រឹង ដេដ៏ទំនើបនេះ បានឆ្លើយតបទៅនឹងតម្រូវការ ព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជន ពិសេស គឺជនរួមជាតិខ្មែរ។ ពូក្វាច់ភឿងដៀន នៅភូមិព្រែកគយ ទីប្រជុំជនត្រឹងដេ ឲ្យដឹង៖ “កាលពីមុននេះ ដោយសារតែមន្ទីរពេទ្យស្រុកតូចចង្អៀត ខ្វះបរិក្ខារពិនិត្យព្យាបាល ម្ល៉ោះហើយ ពេលឈឺថ្កាត់ម្តងៗ គឺប្រជាជនតែងទៅមន្ទីរពេទ្យថ្នាក់លើ។ ឥឡូវមានមន្ទីរពេទ្យថ្មី ធំទូលាយ ស្អាតបាត មានបរិក្ខារពេទ្យទំនើបៗ និងកងជួរវេជ្ជបណ្ឌិតអស់ពីចិត្តថែទាំសុខភាព ម្ល៉ោះហើយប្រជាជនយើងខ្ញុំមានការត្រេកអរណាស់។ សព្វថ្ងៃ មាមីងខ្មែរនៅតំបន់ឆ្ងាយ មានឱកាសដើម្បីថែទាំសុខភាពមិនបាច់ធ្វើដំណើរជាង៣៥គ.មទៅមន្ទីរពេទ្យខេត្តពិនិត្យព្យាបាលទេ”។ អ្នកមីងថាច់ធីខន នៅភូមិបឹងព្រលឹត ឃុំទ្រុងប៊ិញ ឲ្យដឹង៖ “ខ្ញុំមានជំងឺឡើងឈាមទៅមន្ទីរពេទ្យត្រូវបានវេជ្ជបណ្ឌិតថែទាំអស់ពីចិត្ត ឥឡូវសុខភាពបានធូរស្បើយ។ ម្យ៉ាងទៀត មន្ទីរពេទ្យថ្មីស្អាតបាត ស្រឡះស្រឡំ ម្ល៉ោះហើយអ្នកជំងឺក៏មានអារម្មណ៍ស្រស់ស្រាយ សុខភាពឆាប់បានធូរស្បើយផង។ សព្វថ្ងៃ ខ្ញុំជាសះស្បើយ វេជ្ជបណ្ឌិតឲ្យចេញពីពេទ្យ រួចផ្តែផ្តាំយ៉ាងហ្មត់ចត់ពីរបៀបលេបថ្នាំ ហូបចុក សម្រាកសម្រាន្ត គួរឲ្យទំនុកចិត្តណាស់”។
វេជ្ជបណ្ឌិត ហ្វិញទ្រុងដង នាយកមន្ទីរពេទ្យ ស្រុកត្រឹងដេ ឲ្យដឹង៖ “កាលពីមុននេះ មន្ទីរពេទ្យស្រុកត្រូវបានកសាងបណ្តោះអាសន្ន ខ្វះខាតបរិក្ខារពេទ្យ បន្ទប់សម្រាកព្យាបាលក៏តូចគ្រែអ្នកជំងឺក៏តិច រដូវភ្លៀងទឹកលិច រដូវក្តៅ ស្អុះស្អាប់។ ទោះបីកម្មាភិបាលគ្រូពេទ្យខិតខំយ៉ាងណា ក៏ប៉ុន្តែអ្នកជំងឺនៅតែតិចមកពិនិត្យ ព្យាបាលជំងឺ។ សព្វថ្ងៃ មន្ទីរពេទ្យថ្មីបានបើកដំណើរការដោយមានបរិក្ខារទំនើបៗ កងជួរកម្មាភិបាលគ្រូពេទ្យ ត្រូវបានបណ្តុះបណ្តាលមានការស៊ីជម្រៅខាងមុខជំនាញដើម្បីឆ្លើយតបទៅនឹងតម្រូវការពិនិត្យព្យាបាលជំងឺ។ អាស្រ័យហេតុនោះ នេះគឺជាក្តីរីករាយមួយដ៏ធំសម្រាប់កម្មាភិបាលគ្រូពេទ្យនិងប្រជាជនផង។ ជាពិសេសគឺកមា្មភិបាលក្នុងមន្ទីរពេទ្យ នឹងធ្វើការអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បីមន្ទីរពេទ្យស្រុក ក្លាយជាកន្លែងជឿទុកចិត្តបំផុតរបស់ប្រជាជន នៅពេលមកពិនិត្យព្យាបាលជំងឺ”៕
យ្វីអាញ់-លីសៀ