ទូទាំងស្រុកទីវកឹង ខេត្តត្រាវិញ មានគ្រួសារជនរួមជាតិខ្មែររស់នៅប្រមាណ៣០,២៤% និងមានភូមិ អនុសង្កាត់លំបាកចំនួន១០/៩៨។ ប៉ុន្មានឆ្នាំជិតៗនេះ ស្រុកទីវកឹង បានផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយ គម្រោង និងទម្រង់ជាច្រើនដើម្បីឧបត្ថម្ភទុន ដីបង្កបង្កើនផល ពូជដំណាំ សត្វចិញ្ចឹម ។ល។ ដើម្បីជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។
កសិករលីយៀង បង្ហាញទម្រង់ដាំក្រូចថ្លុង។
អនុវត្តអនុក្រឹត្យលេខ ៤២/២០១២/NĐ-CP ចុះថ្ងៃ១១/៥/២០១២ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង ប្រើប្រាស់ដីផលិតស្រូវ ស្រុកទីវកឹងបានឧបត្ថម្ភប្រជាជនជាង២៧.០០០លើកគ្រួសារ គិតជាទឹកប្រាក់សរុប១២,៤៣ពាន់លានដុង។ ចាប់ពីឆ្នាំ២០១០មកទល់ពេលនេះ ស្រុកវិនិយោគទិញគោ៥០៩ក្បាលជូនប្រជាជន៥០៩គ្រួសារ (គិតជាទឹកប្រាក់៧,២២ពាន់លានដុង) ពីកម្មវិធី១៣៥/CP ។ល។ ក្រៅពីនោះ ប្រភពទុនរបស់មជ្ឈិមក៏បានឧបត្ថម្ភស្រុកកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូច៖ ស្ពាន ផ្លូវ គមនាគមន៍ អគារវប្បធម៌ និងទឹកស្អាតប្រើប្រាស់ជាដើម។ ក្នុងការអនុវត្តឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជនជាតិភាគតិច ចាប់ពីឆ្នាំ២០០៨ មកដល់ខែ៦ ឆ្នាំ២០១៨ ស្រុកទីវកឹង សង់ផ្ទះបាន៤.៧៣៦ខ្នង (គិតជាទឹកប្រាក់សរុបជាង៧១ពាន់លានដុង); ក្នុងនោះ ជូនគ្រួសារខ្មែរ១.៧៧៦ខ្នង ។ ក្រៅពីនោះ ឧបត្ថម្ភដីធារផ្ទះជូនប្រជាជន៣៦៩គ្រួសារ គិតជាទឹកប្រាក់ជិត១០ពាន់លានដុង និងឧបត្ថម្ភដីផលិតកម្មដល់ប្រជាជន៦៤គ្រួសារ គិតជាទឹកប្រាក់ជិត១,៥ ពាន់លានដុង។
តឹងហ្វា ជាឃុំមួយនៃស្រុកទឹវកឹងមានការផ្លាស់ថ្មីយ៉ាងច្រើន។ បច្ចុប្បន្ន ទូទាំងឃុំមានជនរួមជាតិខ្មែររស់នៅ២៥%; អត្រាគ្រួសារក្រីក្ររួមរបស់ឃុំថយចុះនៅតែ២,៦៤% (អត្រាគ្រួសារខ្មែរក្រីក្រស្រូបអត្រា៣,៤២% បើប្រៀបនឹងចំនួនគ្រួសារខ្មែរទូទាំងឃុំ) ហើយប្រាក់ចំណូលមធ្យមភាគសម្រេចបាន៣៧,៨លានដុង/ម្នាក់/ឆ្នាំ។ នេះជាលទ្ធផលរបស់ឃុំតឹងហ្វា ជាង៣ឆ្នាំអនុវត្តការកសាងឃុំវប្បធម៌ជនបទថ្មី ផ្សារភ្ជាប់នឹងគម្រោងស្ដារឡើងវិញរចនាសម្ព័ន្ធកសិកម្ម។ លោកឌាំងក្វឹកដង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ្វា ឲ្យដឹង៖ “រយៈពេលកន្លង ដងផ្លូវទៅកាន់វាលស្រែ ផ្លូវតភ្ជាប់ពីភូមិមួយទៅភូមិមួយ និងតំបន់តាំងទីលំនៅបានវិនិយោគកសាង ។ ឆ្លងតាមរយៈនោះ បង្កលក្ខណៈងាយស្រួលដល់ប្រជាជនធ្វើដំណើរទៅមកកាន់តែងាយស្រួល; ជួយឲ្យការដឹកជញ្ជូនកសិផលរបស់ប្រជាជនមិននៅលំបាកដូចពីមុនទៀត។ល។ ផ្ទៃដីធ្វើស្រែមិនសូវបានផល ប្រជាជនក៏បង្វែរមកដាំដូង ក្រូចថ្លុង ក្រូចពោធិ៍សាត់ គួបផ្សំនឹងដាំដំណាំរួមផ្សំ ។ល។ អភិវឌ្ឍសេដ្ឋកិច្ច”។ ពូលីយៀង ជាកសិករនៅភូមិអូរវែងថ្មី ឃុំតឹងហ្វា ឲ្យដឹង៖ “គ្រួសារខ្ញុំមានដីស្រែជាង២៦កុង។ ខ្ញុំបានបង្វែរមកដាំដូង១០កុង ក្រូចថ្លុង៤កុង និងដាំស្មៅ៣កុងសម្រាប់ចិញ្ចឹមគោ៥ក្បាល។ គិតដោយឡែកតែក្រូចថ្លុង គ្រួសារខ្ញុំរកបានប្រាក់ចំណូលពី១៥០-១៧០លានដុងរៀងរាល់ឆ្នាំ”។
លោកសឺនសុផន ប្រធានការិយាល័យជនជាតិស្រុកទីវកឹង ឲ្យដឹង៖ “គោលនយោបាយជំនួយរបស់បក្ស និងរដ្ឋ ព្រមជាមួយនឹងការចលនា កសាងឃុំវប្បធម៌-ជនបទថ្មី បានញុាំងឲ្យជីវភាព ប្រជាជនមានការវិវឌ្ឍជាវិជ្ជមាន។ ជាពិសេស ជនរួមជាតិខ្មែរមានការយល់ដឹងច្រើន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខិតខំរកស៊ី អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ”៕
សឺនម៉ាល័យ-វិមាន