គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកញ៉ែមវ៉ាលី អនុប្រធានអចិន្រ្តៃយ៍និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានអញ្ជើញទៅសួរសុខទុក្ខនិងធ្វើការជាមួយខេត្តសុកត្រាំង។
គណៈប្រតិភូ អញ្ជើញសួរសុខទុក្ខសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង។
យោងតាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ដោយបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំភូមិភាគ ការងារជនជាតិ សាសនា ត្រូវបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់អនុវត្តបានល្អប្រសើរ។ ផ្តើមពីនោះ ឃើញថាជីវភាពរបស់ជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន អត្រាគ្រួសារធូរធារកើនឡើងជាលំដាប់ អត្រាគ្រួសារក្រីក្រកាត់បន្ថយជាបណ្តើរៗ (ចាប់ពី៤២,៩២% ឆ្នាំ២០០១ លុះដល់ឆ្នាំ២០១៧ ថយចុះនៅតែ១២,៦៥%)ប៉ុណ្ណោះ។ គ្រួសារក្រីក្រ និងជនរួមជាតិភាគតិចរស់នៅលើភូមិសាស្រ្តក្រលំបាកត្រូវបានឧបត្ថម្ភថវិកាទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលទាំង១០០%; ជនរួមជាតិភាគតិចមានអគ្គិសនីប្រើប្រាស់១០០% និងមានទឹកស្អាតប្រើប្រាស់ជាង៩៦%។ ធ្វើយ៉ាងណាដើម្បីប្រមូលផ្តុំ សាមគ្គីរវាងអ្នកកាន់សាសនានិងបង្កើនចំណងសាមគ្គីភាព ខេត្តសុកត្រាំង មានអង្គការតំណាងឲ្យសាសនាផ្សេងៗដូច៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ គណៈអភិបាលព្រះពុទ្ធសាសនា ព្រមទាំងគណៈកម្មាធិការសាមគ្គីសាសនាកាតូលិក ទាំងថ្នាក់ខេត្តនិងថ្នាក់ស្រុកជាដើម។ ម្យ៉ាងទៀតរាល់សកម្មភាពជំនឿសាសនា មួយអន្លើដោយពិធីបុណ្យវប្បធម៌ប្រវេណីត្រូវបានរក្សាទៅតាមទំនៀមទម្លាប់ មានដូច៖ ពិធីបុណ្យសែនដូនតា ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង ពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមា។ល។ ពោលគឺវត្តខ្មែរទាំង៩២ក្នុងខេត្ត ត្រូវបានរដ្ឋឧបត្ថម្ភកសាងកែលម្អឈាបនដ្ឋានគិតជាតម្លៃទឹកប្រាក់ជិត៥២ពាន់លានដុង។
តាមប្រសាសន៍លោកញ៉ែមវ៉ាលី អនុប្រធានអចិន្រ្តៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បានផ្តាំផ្ញើនូវបិយវាចាសួរសុខទុក្ខរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន ដល់ថ្នាក់ដឹកនាំខេត្តសុកត្រាំងផងដែរ។ លោកសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តសុកត្រាំងដើម្បីរួមគ្នាដោះដូរបទពិសោធន៍ក្នុងការអនុវត្តគោលនយោបាយជនជាតិនិងសាសនា។ ទន្ទឹមនឹងនោះ រឹតបន្តឹងទំនាក់ទំនងរវាងជនជាតិទាំង២ ឲ្យកាន់តែស្អិតល្មួតជាងទៀត និងពូនជ្រុំចំណងមិត្តភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរឹងមាំ។
ស្ថិតក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញទៅសួរសុខទុក្ខសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តផងដែរ៕
យ្វីអាញ់-លីសៀ