ឪពុកស្លាប់តាំងពីតូច កុមាររូបនេះបានចូលនៅវត្ត និងសាងផ្នួសបួសរៀន។ ជាមួយការប្ដេជ្ញាចិត្តសម្រេចជោគវាសនា កុមារកូនអ្នកក្រកាលពីមុន បច្ចុប្បន្នបានក្លាយជាគ្រូបង្រៀនអក្សរខ្មែរនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ខេត្តសុកត្រាំង។ សព្វថ្ងៃលោកគ្រូយ័ញមេនបញ្ចប់កម្មសិក្សាថ្នាក់អនុបណ្ឌិត ហើយកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវប្បធម៌វិទ្យា។
លោកគ្រូយ័ញមេន។
“លោកគ្រូយ័ញមេន ជាអ្នកទ្រាំលំបាកក្នុងការសិក្សាស្រាវជ្រាវ ឧស្សាហ៍ធ្វើការ ម៉្លោះហើយតែងសម្រេចល្អការងារដែលបានប្រគល់ឲ្យ។ លោកគ្រូមេន តែងមានវិធីសាស្រ្តបង្រៀនសិស្សសមស្រប ម៉្លោះហើយម៉ោងសិក្សា តែងសម្រេចបានប្រសិទ្ធភាព គុណភាព។ ជាពិសេស កន្លងហើយប្រសិនបើគ្មានលោកគ្រូយ័ញមេន សកម្មក្នុងការពង្រាងកម្មវិធី ជម្រើសសិស្សជូនសាលាអនុមហាវិទ្យាល័យគរុកោសល្យខ្មែរ-បាលី បើកមុនដំបូងបង្អស់របស់ខេត្តទេនោះ គឺសាលាមិនអាចបើកបវេសនកាលក្នុងឆ្នាំ២០១៨បានឡើយ”។ លោកគ្រូឡឹមញ៉ឹម នាយកសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ ខេត្តសុកត្រាំង ឲ្យដឹងដូច្នេះ។
១៣ឆ្នាំមុន ខ្ញុំធ្លាប់ជាសិស្សរៀនអក្សរខ្មែរនៅវត្តឃ្លាំង អាស្រ័យលោកគ្រូយ័ញមេន បង្ហាត់ដោយមិនបាច់បង់ថ្លៃ។ ជាមួយនឹងសម្ដីទន់ភ្លន់ ពោរពេញទៅដោយមនោសញ្ចេតនា និងយល់ច្បាស់ពីចិត្តសាស្រ្ត សិស្សរបស់លោកគ្រូគ្មានអ្វីផ្លាស់ប្ដូរ។ អង្គុយសំណេះសំណាលទើបដឹងថា ដើម្បីក្លាយជាគ្រូបង្រៀនដូចសព្វថ្ងៃ លោកគ្រូបានឆ្លងកាត់ការលំបាកមិនតិចឡើយ។ លោកគ្រូមេន ឲ្យដឹង៖ “ឪពុកស្លាប់ម្ដាយទៅកម្ពុជារកស៊ី វត្តជាទីបង្អែកដ៏សំខាន់បំផុត។ ក្នុងរយៈកាលបួស ខ្ញុំបានសិក្សាអក្សរខ្មែរ-បាលីនៅតាមវត្តនានាក្នុងក្រុងកឹងធើ និងខេត្តត្រាវិញ។ គោលបំណងសំខាន់របស់ខ្ញុំ គឺដើម្បីចាកផុតពីភាពក្រីក្រ មានអនាគតភ្លឺស្វាង។ល។”។ ជាមួយនឹងក្ដីប្រាថ្នានោះ លោកគ្រូតែងខិតខំសិក្សារៀនសូត្រ អានសៀវភៅ កាសែត ម៉្លោះហើយបច្ចុប្បន្នលោកគ្រូស្ទាត់ជំនាញខាងអក្សរសាស្រ្តខ្មែរ-បាលី- អង់គ្លេសជាដើម។
ឆ្លងកាត់ការលំបាកជាច្រើនក្នុងជីវភាពឆ្នាំ២០០៥ លោកគ្រូបញ្ចប់កម្មសិក្សាថ្នាក់អនុមហាវិទ្យាល័យគរុកោសល្យ និងមកបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ លក្ខណៈពិសេសរបស់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូគឺសិស្សសាលាទាំងអស់ជាព្រះសង្ឃនិងត្រូវបញ្ចប់ថ្នាក់បាលីរង ម៉្លោះហើយមានការយល់ដឹងខាងអក្សរសាស្រ្តខ្មែរ។ ហេតុនោះ ក្នុងការបង្ហាត់បង្រៀន ទាមទារគ្រូបង្រៀនត្រូវមានបទពិសោធន៍ច្រើន មានការជ្រៅជ្រះខាងអក្សរខ្មែរ-បាលី។ ពេលបានរដ្ឋបញ្ជូនទៅសិក្សាអស់រយៈកាល២ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទ (ប្រទេសកម្ពុជា) ពេលវិលមក លោកគ្រូបានចាត់ឲ្យបង្រៀនអក្សរខ្មែររហូតមកទល់បច្ចុប្បន្ន។ ដើម្បីបង្កើនចំណេះ ដឹងខាងមុខជំនាញ ម៉្លោះហើយបង្រៀនបណ្ដើរ លោកគ្រូនៅទាំងរៀនអនុបណ្ឌិតផ្នែកវប្បធម៌វិទ្យាបណ្តើរ។ ឆ្នាំ២០១៤ លោកគ្រូមេន បញ្ចប់កម្មសិក្សាថ្នាក់អនុបណ្ឌិត និងបច្ចុប្បន្នកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកវប្បធម៌វិទ្យានៅសាកលវិទ្យាល័យត្រាវិញ។ បច្ចុប្បន្ន មិនត្រឹមតែបង្រៀននៅក្នុងសាលាប៉ុណ្ណោះទេ លោកគ្រូមេន នៅទាំងបានសាកលវិទ្យាល័យត្រាវិញ អញ្ជើញទៅបង្រៀនវិញ្ញាសាទ្រឹស្តីខាងសាសនា។ លោកគ្រូមេន ឲ្យដឹង៖ “កាលនៅជានិស្សិត ជីវភាពរបស់ខ្ញុំជួបលំបាកខ្លាំង។ ក្រោយពីចាកសិក្ខាបទ ពេលខ្លះគ្មានប្រាក់ អង្ករ ខ្ញុំទៅវត្តខ្សាច់សុំអង្ករមកដណ្ដាំបាយហូប។ ខ្ញុំត្រូវការតែបាយ មួយចម្អែតដើម្បីរៀនសូត្រ ចំណែកម្ហូបវិញចេញទៅវាលស្រែបេះបន្លែ ចាប់ក្ដាម ខ្យង។ល។ លំបាកវាយ៉ាងហ្នឹងហើយ ប៉ុន្តែខ្ញុំខិតខំឆ្លងកាត់។ ចំពោះការរៀនមិនដែលសល់ទេ បានជាខ្ញុំនៅតែរៀននិងស្រាវជ្រាវជានិច្ច។ ខ្ញុំបង្រៀនបណ្ដើរ ដាស់តឿនសមណសិស្សឲ្យខិតខំរៀនសូត្របណ្ដើរ ពីព្រោះ បក្ស រដ្ឋ មានគោលនយោបាយពិសេស ដោយឡែកចំពោះកូនចៅជនរួមជាតិខ្មែរ។ ឲ្យតែមានចំណេះវិជ្ជា ទោះបីទៅដល់ទីណា ក៏អាចប្រើការបានទាំងអស់”៕
យ្វីអាញ់-ទីទុយ