វាយតម្លៃអំពីទម្រង់ “មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច” អ្នកស្រីទ្រិញធីភឿង អនុប្រធានសមាគមសហព័ន្ធនារីស្រុកកូវកែ ខេត្តត្រាវិញ ឲ្យដឹង៖ ឆ្លងតាមរយៈការខិតជិតប្រភពទុន ការរៀនសូត្រពីរបៀបប្រិតសំចៃ និងចំណេះដឹងផ្សេងៗទៀត ឃើញថាសមាជិកទាំងឡាយបានកែលម្អជីវភាពផ្តើមពីការធ្វើអាជីវកម្ម លក់ដូរកំប៉ិកកំប៉ុក ចិញ្ចឹមសត្វដាំដុះជាដើម។ ទម្រង់ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចផ្តើមពីប្រភពទុនរបស់មូលនិធិ ពិសេសក្នុងតំបន់ជនរួមជាតិខ្មែរ បានពង្រីកនូវប្រសិទ្ធភាព។
បងស្រីថាច់ធីកឿន កំពុងប្រមូលផលស្ពៃចង្កឹះ។
“មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច” បានផ្សព្វផ្សាយឲ្យសមាជិកនៃសមាគមនារីដែលមានស្ថានភាពសេដ្ឋកិច្ចលំបាក ប្រាក់ចំណូលទាប នៅឃុំ ទីប្រជុំជន៩/១១របស់ស្រុកកូវកែ បានខិតជិតនឹងប្រភពទុន រួមមានប្រាក់បំណុលសរុប៤,១ពាន់លានដុង។ ហ្វាតឹង និងចូវដៀង គឺជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ឆ្លងកាត់រយៈពេល២ ឆ្នាំអនុវត្ត មានសមាជិកជាង៦០០លើកនាក់ បានទទួលទុនក្នុងចំណោមនោះមានជនរួមជាតិខ្មែរ៦០% និងមានសមាជិកជាង៧០% ក្រោយពីបានទទួលទុន១ជុំ(១ឆ្នាំ) សុទ្ធតែសន្សែសន្សំបានប្រាក់សម្រាប់ផលិតកម្មឡើងវិញ។ បងស្រីង្វៀនធីឡង ប្រធានសមាគមសហព័ន្ធនារីឃុំចូវដៀង ឲ្យដឹង៖ “ក្នុងឃុំមានជនរួមជាតិខ្មែរជាង៨០%។ ឆ្នាំ២០១៧ “មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច” បានឲ្យបងប្អូននារី១២២នាក់ ខ្ចីទុនសម្រាប់ផលិតកម្ម និងលក់ដូរកំប៉ិកកំប៉ុក។ រហូតដល់ចុងខែមិថុនា ឆ្នាំ២០១៨ មានបងប្អូននារីទទួលបានទុនចំនួន២៤៤លើក ក្នុងមួយលើកៗសរុបទឹកប្រាក់ជាង៦០០លានដុង។ ឆ្លងតាមរយៈ ការពិនិត្យវាយតម្លៃប្រភពទុនដែលបានវិនិយោគមានបងប្អូនជាង៥០% ក្រោយពីធ្វើការវិនិយោគមួយលើក ក៏សន្សែសន្សំបានប្រាក់សម្រាប់ធ្វើការវិនិយោគជាបន្តដើម្បីពង្រីកការផលិត។
តាមប្រសាសន៍របស់បងស្រីគឹមធីហ៊ុងអាញ់ ប្រធានសមាគមសហព័ន្ធនារីឃុំហ្វាតឹង “មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច” បានវិនិយោគទុននៅនឹងឃុំចំនួន២លើក (ឆ្នាំ ២០១៧ មានសមាជិកចូលរួម១៦២នាក់; ឆ្នាំ២០១៨ មានសមាជិក១៩៨នាក់) សរុបទុនជាង១,១ពាន់លានដុង។ ក្នុងនោះ មានសមាជិកជាជនជាតិខ្មែរ៧០% រយៈពេលបុលទុនគឺ១២ខែ។ បងស្រីថាច់ធីកឿន នៅភូមិកំពង់មានជ័យ ឃុំហ្វាតឹង ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានទទួលទុនពីប្រភព”មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច” ឲ្យដឹងដោយក្ដីរីករាយ៖ “ គ្រួសារខ្ញុំឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ជីវភាពរស់នៅផ្អែកលើដីស្រែ១.៥០០ម២។ ឆ្នាំ២០១៧ បានទទួលប្រាក់៤,២លានដុងពី“មូលនិធិឧបត្ថម្ភនារី អភិវឌ្ឍសេដ្ឋកិច្ច” នាងខ្ញុំដាំស្ពៃចង្កឹះ ជន្លង់ ផ្ទី ត្រកួន។ល។ លើផ្ទៃដីប្រហែល១.០០០ម២។ ក្នុងមួយឆ្នាំដាំបន្លែបានពី៦-៧លើក យោងទៅតាមប្រភេទបន្លែនីមួយៗ ការប្រមូលផល អូសបន្លាយពេលពី១២-១៥ថ្ងៃ/រដូវ។ល។ តាមរយៈការដាំដំណាំនេះ គ្រួសារខ្ញុំអាចរកបានប្រាក់ចំណូលប្រមាណ២៥លានដុង/ឆ្នាំ”។ ក្រៅពីនោះ គ្រួសារបងស្រីថាច់ធីកឿន នៅទាំងចិញ្ចឹមទាកាប៉ា។ គិតមធ្យមភាគ ក្រោយរយៈពេលចិញ្ចឹម៥ខែគ្រួសារបងកឿន មានទាលក់ពី៤០-៥០ក្បាល/ល្បាស់។ល។ បងកឿនឲ្យដឹងបន្ថែម៖ “ដោយសារការប្រើប្រាស់ដើមទុនមានប្រសិទ្ធភាព ឆ្នាំ២០១៨ គ្រួសារខ្ញុំបាន“មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋកិច្ច” ឲ្យខ្ចីប្រាក់បន្តលើកទី២ ចំនួនទឹកប្រាក់៦,៥លានដុង។ ដោយបានចំនួនទុននោះ គ្រួសារខ្ញុំបន្តវិនិយោគទុនដាំបន្លែ ចិញ្ចឹមទាកាប៉ា និងឆ្លៀតប្រើប្រាស់ផ្ទៃដី៥០០ម២ ចិញ្ចឹមគោ២ក្បាល។ល។ អាស្រ័យបានប្រភពទុនអំពីមូលនិធិ ទើបជីវភាពគ្រួសារខ្ញុំ ធូរធារជាងមុន”៕
សឺនម៉ាល័យ – សេរី