សព្វថ្ងៃ តម្លៃពពែមាននិន្នាការឡើងថ្លៃមកវិញ បន្ទាប់ពីតម្លៃចុះថោកកាលពីដើមឆ្នាំ។ នេះជាសញ្ញារីករាយសម្រាប់គ្រួសារចិញ្ចឹមពពែសាច់នៅលើភូមិសាស្រ្តក្រុងកឹងធើ។
បងថាច់ហ្វាង កំពុងថែទាំហ្វូងពពែ។
ចាប់ពីដើមឆ្នាំ២០១៨ តម្លៃសាច់ពពែ ចុះថោកជាបន្តបន្ទាប់ ជួនកាលពពែប្រភេទ១ មានតម្លៃត្រឹមតែ៣៥ពាន់ដុង/គីឡូក្រាមប៉ុណ្ណោះ។ មូលហេតុ គឺដោយសារគ្រួសារចិញ្ចឹមពពែភាគច្រើនលក់ស្របគ្នាក្នុងឱកាសចូលឆ្នាំង្វៀនដាង។ ដោយសារតម្លៃពពែលក់ចុះថោក បានជាគ្រួសារភាគច្រើន បម្រួញទ្រង់ទ្រាយចិញ្ចឹម ចាប់ពីត្រីមាសទី២ ឆ្នាំ២០១៨ តម្លៃចាប់ផ្តើមកើនឡើងវិញ ដ្បិតអី មិនសូវមានសាច់ពពែផ្គត់ផ្គង់លើទីផ្សារ។ បងថាច់ហ្វាង នៅឃុំថើយស្វឹន ស្រុកកើ-ដ ក្រុងកឹងធើ រីករាយឲ្យដឹង៖ “នេះជាលើកដំបូង ដែលខ្ញុំលក់ពពែឈ្មោលដោយតម្លៃ៨០ពាន់ដុង/គីឡូក្រាម គ្រួសារខ្ញុំ និងមាមីងជិតខាងរកបានចំណូលបង្គួរ។ ខ្ញុំចាប់ផ្ដើមចិញ្ចឹមពពែខណៈពេលកំពុងចុះថោក ម្ល៉ោះហើយក៏មានការបារម្ភណាស់ដែរ ប៉ុន្តែដោយសារតម្លៃពពែលក់ ចេះតែកើនឡើងទើបខ្ញុំទីទើរមិនចង់លក់កូនពពែ។ ថ្វីបើចំណេញក៏ពិតមែន ប៉ុន្តែ ខ្ញុំមិនបង្កើនចំនួនទេគឺរក្សាការចិញ្ចឹមពី៥ដល់១០ក្បាល ដើម្បីជៀសវាងហានិភ័យ”។ បងហ្វាងគឺកសិករខ្មែរម្នាក់ក្នុងចំណោមកសិករទាំងឡាយ ដែលបានចូលរួមវគ្គហ្វឹកហាត់ចិញ្ចឹមពពែរបស់ស្រុកកើ-ដ។ ក្រោយពីបញ្ចប់វគ្គហ្វឹកហាត់ មាមីងក៏បានឧបត្ថម្ភ ដើមទុនរួចបានកម្មាភិបាលជំរុញកសិកម្មជួយពិគ្រោះយោបល់ ជ្រើសពូជពពែគុណភាពខ្ពស់។ លោកវ៉ធ្វឹនមិញតឹម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថើយដុង វាយតម្លៃ៖ “ការចិញ្ចឹមពពែដោយទ្រង់ទ្រាយតូច គឺជាទម្រង់សេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាព ពីព្រោះប្រាក់ចំណាយតិច ឆាប់បានប្រមូលដើមទុន ការចិញ្ចឹមក៏ងាយស្រួលថែទាំ។ ថ្វីបើដូច្នោះក្តី ជាមួយនឹងលក្ខណៈ ពិសេសនៃតម្រូវការទីផ្សារមានការប្រែប្រួល ពិបាកស្មានម្ល៉ោះហើយកម្មាភិបាលយើងខ្ញុំត្រឹមតែលើកទឹកចិត្តប្រជាជនចិញ្ចឹមដោយទ្រង់ទ្រាយតូច ដើម្បីបញ្ជៀសហានិភ័យ។ មាមីងគប្បីចាត់ទុកការចិញ្ចឹមពពែ គឺជាប្រភពចំណូលបន្សំ ប្រសិនបើចិញ្ចឹមដោយទ្រង់ទ្រាយធំ លុះត្រាតែមានចុះកិច្ចសន្យានាំចេញជាមួយនឹងមូលដ្ឋានប្រមូលទិញទើបបាន”។
មិនបង្កើនចំនួនហ្វូងចិញ្ចឹមក៏ពិតមែន ប៉ុន្តែ ប្រជាជនក៏នៅមានវិធានការសម្រាប់បង្កើនប្រាក់ចំណូលអំពីរបរនេះផងដែរ។ ក្រៅពីលក់សាច់ អាចម៍ពពែក៏អាចលក់បានផងដែរ។ ចំពោះគ្រួសារដែលមិនលក់អាចម៍ពពែ គេក៏អាចផ្អាប់ធ្វើជាជីសម្រាប់ប្រើប្រាស់ក្នុងចម្ការផងខ្លួនក៏បាន។ ទន្ទឹមនឹងនោះ ចំពោះគ្រួសារដែលចិញ្ចឹមគោ គេនៅទាំងប្រើប្រាស់អាចម៍គោសម្រាប់ចិញ្ចឹមជន្លេនក្រហម ជាចំណីពពែទៀតផង។ ពពែកាលបើបានផ្តល់នីត្រូស្សែន និងជាតិម្សៅសមស្រប វានឹងធាត់ធំយ៉ាងឆាប់មានកម្លាំងប្រឆាំងរោគបានល្អ។ បងលីវសឿង នៅឃុំដិញម៉ូង ស្រុកថើយឡាយ ជាគ្រួសារធ្លាប់ចិញ្ចឹមពពែច្រើនឆ្នាំ ឲ្យដឹង៖ “ សព្វថ្ងៃ ខ្ញុំកំពុងចិញ្ចឹមពូជពពែ Boer និងបាក់ថៅ។ ដោយសារពូជពពែ Boer ចិញ្ចឹមឆាប់ធំសាច់លក់បានថ្លៃ ប្រសិនបើទុកឲ្យធំអស់កម្រិត វាក៏ធំជាងពូជ ពពែបាក់ថៅផងដែរ។ ក្រៅពីនោះ ខ្ញុំក៏ដាំពូជស្មៅថ្មីបន្ថែម ដើម្បីជ្រើសរកធុនស្មៅដែលសមស្របជាមួយនឹងហ្វូងពពែ”៕
ថាញ់ភូ - សេរី