ការប្រកួតបាល់ទាត់កុមារដណ្តើមពានរង្វាន់ទូរទស្សន៍ STV លើកទី១ ឆ្នាំ២០១៧ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃ១៧មិថុនា រហូតដល់ថ្ងៃ៩កក្កដា ឆ្នាំ២០១៧ អាស្រ័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសហការជាមួយស្ថានីយទូរទស្សន៍ខេត្តសុកត្រាំងរៀបចំឡើងបានទាក់ទាញក្រុមកីឡាករបាល់ទាត់កុមារក្នុងខេត្តចូលរួមប្រកួតយ៉ាងកុះករ។
ក្ដីសោមនស្សរីករាយរបស់ក្រុមកីឡាបាល់ទាត់កុមារចូវថាញ់១ ខណៈពេលទទួលបានពានរង្វាន់ជើងឯក។
ពានរង្វាន់បានទាក់ទាញក្រុមកីឡាករបាល់ទាត់កុមារចំនួន២៩ក្រុម មកពីស្រុកទីរួមខេត្ត ក្រុងចំនួន១១។ ឆ្លងកាត់ការប្រកួត៥៥លើក ក្រុមកីឡាករបាល់ទាត់កុមារទាំងឡាយបានប្រកួតយ៉ាងពេញទំហឹង ពុះពោរនិងប្រកបដោយភាពស្វិតស្វាញ ដើម្បីដណ្តើមពានរង្វាន់ជើងឯក។ ប្អូនត្រឿងឡឹមហ៊ុង ចំណុះក្រុមកីឡាបាល់ទាត់កុមារចូវថាញ់១ ឲ្យដឹង៖ “ ប្អូនចូលចិត្តលេងបាល់ទាត់ខ្លាំងណាស់ រាល់ថ្ងៃ ប្អូនធ្លាប់លេងទាត់បាល់ជាមួយមិត្តភ័ក្តិនៅព្រលានដី។ នេះជាលើកដំបូងបង្អស់ដែលប្អូនចូលរួមប្រកួតកីឡាបាល់ទាត់របស់ខេត្ត។ នៅពេលប្រកួត ប្អូនតែងប្រឹងប្រែងយកអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជម្នះប៉ុណ្ណោះ។ ថ្ងៃនេះ ប្អូនមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដ្បិតអីក្រុមប្អូនទទួលបានជ័យលាភីលេខ១។ មិនតែប៉ុណ្ណោះ ប្អូនរឹតតែរីករាយថែមទៀត ដោយសារគណៈចាត់តាំងបានជ្រើសប្អូនជាកីឡាករដែលទាត់បាល់ចូលទីបានច្រើនបំផុត”។ ថ្វីបើជាការប្រកួតកីឡាបាល់ទាត់កុមារក៏ពិតមែន ប៉ុន្តែប្អូនៗមានការប្រកួតប្រជែងយ៉ាងពុះពោរញាំុងឲ្យទិដ្ឋភាពនៃការប្រកួតកាន់តែជក់ចិត្តនិងទាក់ទាញអារម្មណ៍ដល់អ្នកទស្សនា ប្រការនេះសឲ្យឃើញថាប្អូនៗពិតជាមានចំណង់ចំណូលចិត្តប្រកបដោយភាពបរិសុទ្ធជាមួយនឹងវិញ្ញាសាកីឡាបាល់ទាត់ខ្លាំងណាស់។ ប្អូនយ័ញហ្វិញសី អ្នកចាំទីចំណុះក្រុមកីឡាករបាល់ទាត់កុមារវិញចូវ១ ឲ្យដឹង៖ “ជាលើកដំបូងប្អូនចូលរួមប្រកួតកីឡាបាល់ទាត់នឹងមិត្តភ័ក្តិនៅលើព្រលានស្មៅសិប្បនិមិត្ត ប្អូនមានចិត្តត្រេកអរខ្លាំងណាស់។ ថ្វីបើក្រុមកីឡាបាល់ទាត់របស់ប្អូនទទួលបានជ័លាភីលេខ២មែន ប៉ុន្តែប្អូនក៏បានជ្រើសជាអ្នកចាំទីឆ្នើមផងដែរ”។
លទ្ធផលការប្រកួតរង្វាន់លេខ១ បានមកលើក្រុមកីឡាករបាល់ទាត់កុមារចូវថាញ់១ រង្វាន់លេខ២ បានមកលើក្រុមកីឡាករបាល់ទាត់កុមារវិញចូវ១រង្វាន់លេខ៣និងលេខ៤ ជាលំដាប់ធ្លាក់មកលើក្រុមកីឡាករបាល់ទាត់កុមារង៉ាណាំ៣ ម៉ីស្វៀង៣។ ក្រៅពីនោះ គណៈចាត់តាំងនៅទាំងជូនរង្វាន់អ្នកចាំទីឆ្នើម កីឡាករឆ្នើម កីឡាករទាត់បាល់ចូលទីច្រើនបំផុតដល់ប្អូនយ័ញហ្វិញសី ង្វៀនថែយ្វី និងត្រឿងឡឹមហ៊ុង។ តាមប្រសាសន៍របស់លោកគ្រូលីរដ្ឋា អនុប្រធានមន្ទីអប់រំនិងបណ្តុះបណ្តាលសុកត្រាំង៖ការប្រកួតកីឡាបាល់ទាត់កុមារដណ្តើមពានរង្វាន់ស្ថានីយទូរទស្សន៍ STV ធាតុពិតគឺជាសួនកម្សាន្តមានប្រយោជន៍នាឱកាសវិស្សមកាល បន្សល់នូវអនុស្សាវរីយ៍យ៉ាងល្អប្រសើរសម្រាប់ប្អូនៗកុមារ។ ភាពជោគជ័យនៃការប្រកួតកីឡាបាល់ទាត់កុមារឆ្នាំនេះ ជាកម្លាំងចលករសម្រាប់គណៈចាត់តាំងបន្តការរៀបចំការប្រកួតកីឡានៅឆ្នាំក្រោយៗទៀត៕
លីធាន – សេរី