17/05/2016 - 08:57

ត្រៀមជាស្រេចសម្រាប់បម្រើថ្ងៃបោះឆ្នោត

បច្ចុប្បន្ន ប្រជាជនគ្រប់រូបកំពុងតម្កលចិត្តឆ្ពោះទៅព្រឹត្តិការណ៍នយោ បាយជាតិដ៏សំខាន់ នោះគឺបោះឆ្នោតតំណាងរដ្ឋសភានីតិកាល XIV និងបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០១៦-២០២១។ នៅសុកត្រាំងប្រជាជនត្រៀមជាស្រេចសម្រាប់អប អរសាទរថ្ងៃបុណ្យធំរបស់ប្រទេសជាតិ។

ភូមិភាគនានា ត្រៀមជាស្រេចសម្រាប់បម្រើថ្ងៃបោះឆ្នោត។

តាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង រយៈពេលកន្លង គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសុកត្រាំង បានជំរុញយ៉ាងខ្លាំងក្លានូវការឃោសនា ផ្សព្វផ្សាយបោះឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ តាមមធ្យោបាយផ្សព្វផ្សាយ។ ខ្លឹមសារផ្សព្វផ្សាយសំខាន់គឺផ្តោតលើគោលដៅ អត្ថន័យនិង សារសំខាន់នៃការបោះឆ្នោត ច្បាប់បោះឆ្នោត លក្ខឋាន តំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជន សិទ្ធិនិងភារកិច្ចរបស់បេក្ខជនឈរឆ្នោត អ្នកបោះឆ្នោត និងបណ្តាសេចក្តីកំណត់នានាស្តីពីរបៀបរៀបរយ​ នៃការបោះឆ្នោត បែបបទបោះឆ្នោត ការរៀបចំតុបតែង ឃោសនា ចងបដាពាក្យស្លោកផ្សព្វផ្សាយអំពីការបោះឆ្នោត។ល។ ដោយឡែកនៅតំបន់ជនជាតិភាគតិច ក្រៅពីអនុវត្តការផ្សព្វផ្សាយតាមមធ្យោបាយ ផ្សព្វផ្សាយនាឱកាសបុណ្យទានផ្សេងៗរបស់ជនរួមជាតិ ឬក៏នៅរាល់ថ្ងៃសីល មាមីងមកវត្តធ្វើបុណ្យសុន្ទរ៍ទាន គណៈកម្មាធិការរៀបចំបោះឆ្នោត ខេត្តផ្គួបផ្សំផ្សព្វផ្សាយបោះឆ្នោត ឆ្លងតាមរយៈអ្នកមានប្រជាប្រិយភាពព្រះសង្ឃ ដើម្បីប្រជាជនជ្រួតជ្រាប។ លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ឲ្យដឹង៖ "មកទល់នឹងពេលនេះ ខេត្តបានត្រៀមជាស្រេចសម្រាប់ការងារបោះឆ្នោត ហើយបេក្ខជនឈរឆ្នោតក៏បានអនុវត្តកម្មវិធីសកម្មភាពជួបសំណេះសំណាលជាមួយនឹងអ្នកបោះឆ្នោត។ ចំពោះតំបន់មានជនរួម ជាតិខ្មែររស់នៅកុះករ ឯកសារផ្សព្វផ្សាយទាំងអស់សុទ្ធសឹងប្រែជាភាសាខ្មែរ ដើម្បីមាមីងយល់ជ្រួតជ្រាបពីអត្ថន័យនិងសារសំខាន់  ក៏ដូចជា ភារកិច្ច និងប្រយោជន៍របស់ខ្លួនក្នុងការបោះឆ្នោតរដ្ឋសភានីតិកាល  XIV ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ឆ្លងតាមរយៈនោះ ជួយឲ្យមាមីងពង្រីកបានល្អនូវករណីយកិច្ច ភារកិច្ច ធានាសិទ្ធិធ្វើម្ចាស់របស់ពលរដ្ឋ បោះឆ្នោតជ្រើសអ្នកតំណាងស័ក្តិសម ចេះគិតគូរឲ្យប្រជាជន គិតគូរឲ្យប្រទេសជាតិ"។ លោកឡឹមឡីបជាជនជាតិខ្មែរនៅភូមិភឿកក្វើយ ឃុំភូតឹង ស្រុកចូវថាញ់ ឲ្យដឹង៖ "ដើម្បីគាំទ្រការបោះឆ្នោតតំណាង រដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាលថ្មីនាពេលខាងមុខ ខ្ញុំតែងឆ្លៀតពេលចូលរួមនៅរាល់លើកនៃការផ្សព្វផ្សាយបោះឆ្នោតរបស់ភូមិភាគ ស្វែងយល់អំពីច្បាប់បោះឆ្នោតសិទ្ធិ បោះឆ្នោតរបស់អ្នកបោះឆ្នោត។ ពិសេស ខ្ញុំតាមដានហ្មត់ចត់បញ្ជីរាយនាម ស្នាដៃរបស់បេក្ខជនឈរឆ្នោត ដើម្បីបោះឆ្នោតជ្រើសអ្នកមាន បញ្ញាមានសមត្ថភាព ស័ក្តិសមជាអ្នកតំណាងឲ្យប្រជាជន  ដោះស្រាយ នូវរាល់បញ្ហារបស់ភូមិភាគ"

និយាយរួម ការងារផ្សព្វផ្សាយបោះឆ្នោតត្រូវបានស្ថាប័ន អង្គភាពនានា ក្នុងខេត្តសុកត្រាំងផ្តោតការយកចិត្តទុកដាក់។ បច្ចុប្បន្ន ចាប់ពីខេត្តរហូតដល់ស្រុក ឃុំ សុទ្ធតែបានរៀបចំតុបតែងចងបដាទង់ ញុាំងឲ្យទិដ្ឋភាព ក៏ដូចជាបរិយាកាសបោះឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល២០១៦-២០២១ នៅ ខេត្តសុកត្រាំង ជាទិវាស័ក្តិសមនឹងថ្ងៃបុណ្យដ៏ពិតប្រាកដនៃប្រជាជនគ្រប់រូប៕

យ្វីអាញ់-មុនី

 

ចែករំលែកអត្ថបទ