ទោះបីជួបការលំបាកច្រើន ប៉ុន្តែអ្នកមីងថាច់ធីសិណ នៅភូមិតាអុង ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) តែងប្តេជ្ញាចិត្តអភិរក្សរបរត្បាញកន្ទេលប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ជាមួយនឹងកីតម្បាញយ៉ាងសាមញ្ញ អ្នកមីងថាច់ធីសិណ អាចត្បាញកន្ទេលមានគុណភាពខ្ពស់ អាចប្រើប្រាស់បានដល់ទៅ១០ឆ្នាំ។ ឆ្នាំនេះ អ្នកមីងថាច់ធីសិណ មានអាយុ៦៦ឆ្នាំ បានផ្សារភ្ជាប់ជាមួយនឹងរបរត្បាញកន្ទេលជាង៥០ឆ្នាំមកហើយ។
មីងសិណ ឲ្យដឹង៖ "ពីមុននៅទីនេះមានអ្នកត្បាញកន្ទេលច្រើនណាស់កន្ទេលភូមិតាអុង ល្បីល្បាញដោយសារគុណភាពប្រើបានយូរផង ស្អាតផង។ ព្រោះហេតុនោះ ទោះជាលំបាកយ៉ាងណាក៏ដោយ ខ្ញុំនៅតែប្ដេជ្ញាចិត្តធ្វើឲ្យបាននូវផលិតផល មានគុណភាពល្អ។ ខ្ញុំទើបប្រគល់កន្ទេលជូនអតិថិជនចំនួន១០ ដោយតម្លៃពី៣០០.០០០ដុងដល់៥០០.០០០ដុង/គូទៅតាមទំហំ"។ ដើម្បីកន្ទេលប្រើប្រាស់បានយូរ អ្នកត្បាញត្រូវហ្មត់ចត់តាំងពីការឆូតកក់ ហាលជ្រលក់ពណ៌រហូតដល់ការត្បាញ។ តាមប្រសាសន៍របស់មីងសិណ មធ្យមភាពក្នុង៣ថ្ងៃត្បាញបានកន្ទេលចំនួន២ ហើយកន្ទេលនី មួយៗអាចប្រើប្រាស់បានពី១០ឆ្នាំឡើងទៅ។ ដោយសារតែកន្ទេលគុណភាពខ្ពស់ បានជាអតិថិជននៅភូមិភាគនានាតែងមកស្វែងរកទិញ។ មីងសិណ ឲ្យដឹង៖ "ឥឡូវរបរត្បាញកន្ទេលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជួបការលំបាកដោយសារនៅនឹងភូមិភាគគ្មានកក់ ហេតុនោះ ទោះបីអតិថិជនមកដាក់ពាក្យបញ្ជាទិញច្រើន ខ្ញុំក៏មិនហានទទួលដែរ។ ពិសេសពេលកាត់កក់យកមកត្រូវតែឆូតបណ្ដូលចោល យកតែសម្បកទៅហាលឲ្យស្ងួត ចំណែកខ្សែក្រចៅកាន់តែលំបាករកទៀត ហេតុនោះ ចាំបាច់ត្រូវទិញដោយតម្លៃ១០០.០០០ដុង/គីឡូក្រាម ត្បាញកន្ទេលបានតែ៤ប៉ុណ្ណោះ។ ភាគច្រើនអតិថិជនមកដាក់ពាក្យបញ្ជាទិញកន្ទេលមានតម្រូវការមួយគូ ដោយមានរូបភាពផ្សេងៗ ដូចជា៖ សត្វក្ងោក អក្សរផ្កា អង្គាសីលជាដើម។ ដើម្បីធ្វើបានដូច្នេះ អ្នកត្បាញត្រូវមានថ្វីដៃនិងប៉ិន ប្រសប់ក្នុងការរំលេចពណ៌។
ដោយសារស្រឡាញ់របរប្រពៃណីរបស់ដូនតាបន្សល់ទុកមក ហេតុនោះក្នុងពេលកន្លងមក ខ្ញុំតែងខិតខំអភិរក្ស និងបង្ហាត់កូនចៅក្នុងគ្រួសារ"។ លោកគឹមរុង លេខាសាខាបក្សនឹងជាប្រធានភូមិតាអុង ឲ្យដឹង៖ "មីងសិណស្រឡាញ់របរ ហេតុនោះគាត់បានធ្វើនូវកីតម្បាញសាមញ្ញ ដើម្បីត្បាញបានជាកន្ទេលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការអតិថិជន។ ប្រការនោះ គួរឲ្យសរសើរណាស់ ពីព្រោះរបរប្រពៃណីរបស់ជនជាតិខ្មែរ ទោះបីសម័យណាក៏ដោយតែងមានអ្នកអភិរក្សនិងពង្រីក "៕
លីធាន-វិមាន