ច្រើនឆ្នាំកន្លង ទោះបីនៅមានការលំបាកអំពីមូលដ្ឋានសម្ភារៈក៏ដោយ ប៉ុន្តែវត្តសេតុត្តរ ស្រុកកើ-ដ ក្រុងកឹងធើ នៅតែរក្សាការបើកបង្រៀនអក្សរខ្មែរសម្រាប់កូនចៅពុទ្ធបរិស័ទ ក្នុងចំណុះជើងវត្តមកសិក្សារៀនសូត្រនាឱកាសវិស្សមកាលរៀងរាល់ឆ្នាំ។
ព្រះតេជព្រះគុណយឿងអាង កំពុងពិនិត្យការរៀនអក្សរខ្មែរ របស់សិស្សានុសិស្ស។
នៅទីប្រជុំជនកើ-ដ និងឃុំជិតខាងជាកន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករបង្គួរ ម្ល៉ោះហើយតម្រូវការរៀនសូត្រខាងអក្សរសាស្រ្តខ្មែរ តែងមានការចាប់អារម្មណ៍។ វត្តសេតុត្តរ ឋិតនៅភូមិថើយហ្វា ទីប្រជុំជនកើ-ដ គឺអាសយដ្ឋានដែលធ្លាប់តែបើកបង្រៀនអក្សរខ្មែរច្រើនឆ្នាំកន្លងមកហើយ សម្រាប់ប្អូនៗជនជាតិខ្មែរនៅទីប្រជុំជនកើ-ដ និងឃុំជិតខាងនានាមករៀននាឱកាសវិស្សមកាល។ ថ្នាក់រៀនត្រូវបានបន្តបើករៀងរាល់ឆ្នាំ នេះជាលទ្ធផលនៃការខំខ្នះខ្នែងអំពីសំណាក់គណៈកម្មការវត្តព្រះសង្ឃ ពិសេសគឺព្រះតេជព្រះគុណយឿងអាង ព្រះចៅអធិការវត្ត សេតុត្តរនេះតែម្តង។ អាស្រ័យបានសប្បុរសជននិងពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាឧបត្ថម្ភប្អូនៗតាំងពីសម្ភារៈ សិក្ខូបករណ៍ជាដើម។ ដើម្បីទាក់ទាញសិស្សចូលរៀនច្រើនឆ្នាំកន្លង ព្រះតេជព្រះគុណយឿងអាង និងគណៈកម្មការវត្តបានខ្នះខ្នែងចលនាពន្យល់ ដើម្បីជនរួមជាតិខ្មែរយល់ច្បាស់អំពីភាពចាំបាច់នៃការរៀនអក្សរសាស្រ្តខ្មែរ។ ក្នុងឱកាសវិស្សមកាលឆ្នាំនេះ ក៏ដូច្នោះដែរចាប់តាំងពីប្អូនៗមិនទាន់បញ្ចប់កម្មវិធីសាលាសាកលមកម៉្លេះ ព្រះតេជព្រះគុណយឿងអាង និងគណៈកម្មការវត្តបានសកម្មចលនាកូនចៅពុទ្ធបរិស័ទ ចុះឈ្មោះចូលរៀនអក្សរខ្មែរក្នុងវត្ត។ ឆ្លងតាមរយៈកម្មវិធីបុណ្យទានផ្សេងៗក្នុងវត្ត មួយអន្លើដោយអ្នកមានប្រជាប្រិយភាពមួយចំនួនជួយខ្នះខ្នែងជ្រំជ្រែងជាមួយវត្ត ឃើញថា ស្មារតីភ្ញាក់រលឹករបស់អាណាព្យាបាលសិស្សនិងទឹកចិត្តឧស្សាហ៍ រៀនសូត្ររបស់ប្អូនៗមានការរីកចម្រើន។ ព្រះតេជព្រះគុណយឿងអាង ចែករំលែក៖ " ដោយសាររៀងរាល់ឆ្នាំ វត្តតែងចលនាទូលំទូលាយតាមភូមិស្រុក ទើបឆ្នាំនេះចំនួនសិស្សចូលរៀនបានកុះករ។ អាណាព្យាបាលសិស្សភាគច្រើនបានប្រញាប់មកចុះឈ្មោះ ប្អូនៗខ្លះក៏មកវត្តចុះឈ្មោះចូលរៀនដោយខ្លួនឯង។ មានអាណាព្យាបាលសិស្សមួយចំនួនទៅធ្វើការងាររកស៊ីនៅឆ្ងាយលុះត្រឡប់មកផ្ទះទើបដឹងឮ រួចហើយក៏មកវត្តចុះឈ្មោះសូមផ្ញើឲ្យកូនរបស់ខ្លួនចូលរៀនផងដែរ។ នេះជាប្រការដែលវត្តមានក្ដីសោមនស្សខ្លាំងណាស់ ក្នុងបរិបទនៃការទាក់ទាញសិស្សចូលរៀនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលំបាក"។
មិនត្រឹមតែផ្ដុំកម្លាំងចលនាអាណាព្យាបាលសិស្ស និងសិស្សប៉ុណ្ណោះទេ វត្តសេតុត្តរនៅទាំងចលនាលើកកម្ពស់ស្មារតីភ្ញាក់រលឹកចំពោះសប្បុរសជន ពុទ្ធបរិស័ទដែលមានលក្ខណៈសម្បត្តិឧបត្ថម្ភថ្នាក់រៀន។ ឆ្លើយតបនឹងការយកចិត្តទុកដាក់ក្នុងការរៀនសូត្ររបស់វត្ត របស់អាណាព្យាបាលឃើញថា សិស្សម្នាក់ៗសុទ្ធតែមានស្មារតីភ្ញាក់រលឹកសង្វាតរៀនសូត្រគួរឲ្យកោតសរសើរ។ រយៈពេលជាងកន្លះខែមកនេះ ចំនួនសិស្សចូលរៀនត្រូវបានរក្សាលំនឹង ប្អូនៗទៅរៀនទៀងទាត់និងឧស្សាហ៍ធ្វើមេរៀននៅផ្ទះ។ ប្អូនដាវថាញ់ហុង នៅភូមិថើយហ្វា រីករាយឲ្យដឹង៖ "ប្អូនឃើញមិត្តភក្ដិក្នុងភូមិទៅរៀនអក្សរខ្មែរក្នុងវត្ត ប្អូនក៏សុំឪពុកម្តាយចូលរៀននឹងគេដែរត្បិតអីក្រៅពីបានរៀនអក្សរខ្មែរ ប្អូនថែមទាំងបានស្វែងយល់វប្បធម៌កម្សាន្តសប្បាយជាមួយមិត្តភក្តិជាដើម។ ថ្វីត្បិតចូលរៀន ក្រោយគេពីរបីថ្ងៃក៏ពិតមែន ប៉ុន្តែអាស្រ័យដោយបានលោកគ្រូមិត្តភក្តិ ជួយណែនាំប្អូនក៏រៀនទាន់កម្មវិធីសិក្សាដូចមិត្តភក្ដិដទៃដែរ"៕
ថាច់ ថាញ់ភូ - សេរី