ទន្ទឹមនឹងមុខជំនាញខាងគ្រប់គ្រងរដ្ឋផ្នែកការងារជនជាតិ បងថាច់មុនី អនុប្រធាននាយកដ្ឋានជនជាតិ និងសាសនានៃគណៈចង្អុលការតីណាមបូ តែងបានទស្សនិកជន សិល្បករ-ការិនីខ្មែរនៅណាមបូដឹងស្គាល់ច្រើន ដោយបងមានទេពកោសល្យនិពន្ធកំណាព្យ និពន្ធរឿងនិងដឹកនាំរឿង។
បងថាច់មុនីនិងសិល្បករ-ការិនីនៃក្រុមរស្មីប្រទីប។
បងថាច់មុនី កើតនិងធំដឹងក្តីក្នុងគ្រួសារមួយដែលសម្បូរទៅដោយប្រវេណីសិល្បៈនៅភូមិសំពោងសក្តិធំ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ។ ភូមិសំពោងសក្តិធំ គឺជាភូមិភាគល្បីឈ្មោះខាងសិល្បៈប្រជាប្រិយរបស់ខេត្តត្រាវិញ។ បងថាច់មុនី ឲ្យដឹង ៖ "កាលពីកុមារ ខ្ញុំនិងមិត្តភក្តិតែងទៅមើលក្រុមល្ខោនគ្រួសារនៅក្នុងភូមិហាត់សម ហើយខ្ញុំចូលចិត្តតាំងពីពេលណាក៏មិនដឹង។ ប្រភេទសិល្បៈ មានដូច៖ ល្ខោនបាសាក់ របាំ ចម្រៀងជាពួក តែងបានពេញនិយមនៅក្នុងសម័យនោះហើយក៏ជាប្រភេទសិល្បៈកម្សាន្តអារម្មណ៍តែមួយគត់របស់មាមីង ក្រោយពីប្រកបកិច្ចការស្រែចម្ការនឿយហត់ ម្ល៉ោះហើយទាក់ទាញបានទស្សនិកជន មកទស្សនាយ៉ាងកុះករ ដែលកាលនោះត្រូវបានសម្តែងស្ទើរតែរាល់យប់"។
ក្រោយមក គ្រួសារបងផ្លាស់ប្តូរមកក្រុងត្រាវិញរស់នៅក្បែរក្រុមសិល្បៈរស្មីប្រទីប។ រយៈកាលនោះ បងថាច់មុនីតែងចូលក្រុមរៀនសូត្រនិងជួយកិច្ចការខ្លះៗក្នុងក្រុម ហេតុនោះបងប្អូនក្នុងក្រុមតែងស្រឡាញ់រាប់អានបង។ ក្រោយពីប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូទៅ បងបាន ក្រុមទទួលចូលមកបម្រើក្នុងក្រុមសិល្បៈរស្មីប្រទីប ក្រុមបានបង្កលក្ខណសម្បត្តិបញ្ជូនបងទៅរៀនមហាវិទ្យាល័យ។ ក្រោយពីប្រឡងបញ្ចប់មហាវិទ្យាល័យ បងវិលមកបំពេញការងារក្នុងក្រុម។ ជាមួយនឹងចំណេះដឹងដែលបានរៀនឯសាលា បងក៏ចាប់ផ្តើមហាត់និពន្ធរឿង និងហាត់ដឹកនាំរឿង។ បងថាច់មុនី ឲ្យដឹងបន្ថែម ៖ "កាលនោះ រឿងសម្តែងរបស់ក្រុមភាគច្រើនជួលគេនិពន្ធការតម្លើងរឿង អ្នកដឹកនាំរឿងនៅឯក្រុងហូជីមិញ ហេតុនោះខ្ញុំតែងប្រាថ្នាចង់និពន្ធសាច់រឿងដោយខ្លួនឯងនិងនិពន្ធរបាំឲ្យក្រុម"។
អាស្រ័យការជួយគាំទ្ររបស់សិល្បកររៀមច្បងក្នុងក្រុម បងបាននិពន្ធរឿងល្ខោនជាច្រើន។ ដំបូងគឺរឿងចៅសព្វសិទ្ធិវណ្ណកម្ម នេះក្រោមការណែនាំរបស់សិល្បករថាច់សុវណ្ណេន។ ក្រោយមក គឺរឿងផ្កាឈូកបីពណ៌ ផ្លែដាវដំបៅចិត្ត ព្រួញមាសឫទ្ធិសក្តិ។ បងថាច់មុនី មិនត្រឹមតែ និពន្ធរឿងល្ខោនប៉ុណ្ណោះទេ ថែមទាំងនិពន្ធរបាំទៀតផង។ វណ្ណកម្មរបស់បងបានទទួលមេដាយចំណាត់ថ្នាក់ខ្ពស់ជាបន្តបន្ទាប់ជូនក្រុមនៅក្នុងសមោសរសិល្បៈទូទាំងប្រទេស។
មកទល់ពេលនេះ ទោះបីឈប់បម្រើក្នុងក្រុមសិល្បៈរស្មីប្រទីបជិត២០ឆ្នាំក៏ដោយ ប៉ុន្តែបងថាច់មុនីតែងផ្សារភ្ជាប់ស្អិតល្មួតជាមួយនឹងបងប្អូនក្នុងក្រុម។ បងថាច់មុនី ឲ្យដឹង ៖ "បច្ចុប្បន្ន ខ្ញុំកំពុងសិក្សាស្រាវជ្រាវចម្រៀងជាពួក ចម្រៀងប្រជាប្រិយសម្រាប់កុមារខ្មែរ។ នេះជាទម្រង់ សិល្បដ៏អស្ចារ្យរបស់ជនជាតិ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរងការសាបរលាបបន្តិចម្តងៗ។ ប្រសិនបើបានស្តារឡើងវិញនិងអភិរក្សចម្រៀងជាពួក ពិតជានឹងបានកុមារខ្មែរចូលចិត្តជាមិនខាន"៕
ថាច់ថាញ់ភូ-វិមាន