02/10/2025 - 18:53

តួ​អង្គ​យក្ស​ក្នុង​រឿង​ល្ខោន​បា​សាក់​ 

សិល្បៈ​ល្ខោន​បា​សាក់​បាន​ក្លាយ​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ បណ្តា​តួ​អង្គ​ក្នុង​រឿង​ល្ខោន​បាសាក់​បាន​ដិត​ជាប់​ក្នុង​អា​រម្មណ៍​របស់​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​នោះ​ភាគ​ច្រើន​ក្នុង​រឿង​ល្ខោន​បា​សាក់​តែង​មាន​តួអង្គ​ ពិ​សេស​ មាន​គូរ​មុខ​ក្រវេម​ក្រ​វាម​ហើយ​មាន​កាយ​វិការ​ក៏​ប្លែក​ បង្ហាញ​នូវ​កម្លាំង​ខ្លាំង​ក្លា​ភាព​រឹង​មាំ​និង​កាច​សា​ហាវ​នោះ​គឺ​តួអង្គ​យក្ស។

តួ​អង្គ​យក្ស​ក្នុង​ឈុត​សម្តែង​ល្ខោន​បា​សាក់។

ក្នុង​រឿង​ល្ខោន​បា​សាក់​ យក្ស​គឺ​ជា​តួ​អង្គ​មាន​កម្លាំង​ខ្លាំង​ក្លា​និង​មាន​សិល្ប៍​វិជ្ជា​ អាច​កា​ឡា​ខ្លួន​ជា​មនុស្ស​ឬ​សត្វ​ផ្សេង​ៗ។ យក្ស គឺ​ជា​តួអង្គ​មាន​ល្បិច​កល​ច្រើន​ ចិត្ត​អា​ក្រក់​ និង​ល្មោភ​ស្រី​ស្អាត​។ តួ​អង្គ​យក្ស​តែង​ប្រើ​សិល្ប៍​សាស្ត្រ​ដើម្បី​បង្ក​ជម្លោះ​ ច្បាំង​កាប់​សម្លាប់​បង្ក​ជា​ឈុត​ឆាក​ដ៏​ស្ញប់​ស្ញែង​ក្នុង​រឿង​ល្ខោន​បា​សាក់។

ក្នុង​រឿង​ល្ខោន​បា​សាក់​តួ​អង្គនី​មួយ​ មាន​ការ​ស្អិត​ស្អាង​ប្លែក​ពី​គ្នា ក្នុង​នោះ​ អាច​និយាយ​បាន​ថា​តួអង្គ​យក្ស​មាន​ការ​តុប តែង​ស្មុគ​ស្មាញ​បំ​ផុត​។ ព្រោះ​អី​ដើម្បី​ឱ្យ​អ្នក​ទស្សនា​ចាប់​អា​រម្មណ៍​ក្រៅ​ពី​សម្លៀក​បំ​ពាក់​ កាយវិ​ការ​សិល្ប​ករ​ដើរ​តួ​យក្ស​ត្រូវ​យល់​ច្បាស់​របៀប​ផ្សំ​ពណ៌​លាប​មុខ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ឃើញ​កាច​សា​ហាវ​ ស្ញប់​ស្ញែង​និង​ឫទ្ធា​របស់​តួ​អង្គ​នេះ។

ព្រោះ​ជា​តួ​តំ​ណាង​ឱ្យ​អា​ក្រក់​ បាន​ជា​កាយ​វិការ​របស់​យក្ស​ត្រូវ​តែ​ខ្លាំង​ កាច​សា​ហាវ​ ពេល​សម្តែង​ឆ្ការ​ដៃ​លើក​ឡើង​ផុត​ក្បាល​ ជើង​ដើរ​ធ្ងន់​ ជំ​ហាន​វែងៗ។ លើ​ឆាក​ តួ​អង្គ​យក្ស​តែង​សម្តែង​ខុស​ប្លែក​ពី​តួ​អង្គ​ដទៃ​ឆ្លង​តាម​ការ​រាំ​និង​ក្បាច់​គុន។ យក្ស​តែង​ប្រើ​យុទ្ធ​គុន​ដើម្បី​បង្ក្រាប​គូ​ប្រ​យុទ្ធ​ តិច​និយាយ​ស្តី ភាគ​ច្រើន​គឺ​ស្រែក​ក្នុង​គោល​បំ​ណង​បង្ក្រាប​គូ​ប្រ​យុទ្ធ​និង​បង្ហាញ​ឫទ្ធ​របស់​ខ្លួន។ ក្រៅ​ពី​នោះ​ យក្ស​មាន​ចង្កូម​១​គូ វែង​និង​កោង​ពេល​ខ្លះ​លេប​ចូល​ ពេល​ខ្លះ​បញ្ចេញ​ចង្កូម​ឱ្យ​ឃើញ​កាច​សា​ហាវ។

អា​ស្រ័យ​ហេតុ​នេះ​ ដើម្បី​សម្តែង​ឱ្យ​បាន​សម​សួន​ក្នុង​តួ​អង្គ​នេះ​ សិល្ប​ករ​មួយ​រូប​ៗ​ត្រូវ​ហាត់​តាម​បែប​បទ​និង​ម៉ត់​ចត់​។ មាន​ច្រើន​ឆ្នាំ​ដើរ​តួ​យក្ស​ក្នុង​រឿង​ល្ខោន​បា​សាក់​របស់​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង​(ចាស់) បង​ឡឹម​ថាញ់​ហ៊ុង​ចែក​រំលែក​ជា​មួយ​យើង​ខ្ញុំ​ថា៖ ពេល​ខ្ញុំ​ទើប​ចូល​ក្រុម​ក៏​បានសិល្ប​ករ​ជើង​ចាស់​ប្រាប់​បង្ហាញ​ពី​របៀប​សម្តែង​តួ​យក្ស កាយ​វិការ​រួម​មាន បញ្ចេញ​ក្បាច់​គុន​និង​ក្បាច់​ដំ​បង​ដល់​របៀប​គូរ​មុខ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ឃើញ​កាច​សា​ហាវ​ ឃោ​រឃៅ​ ដោយ​លាយ​ចម្រុះ​ពណ៌​ខ្មៅ​និង​ស​ជា​ពណ៌​ចម្បង​ពេល​ខ្លះ​មាន​ទាំង​ប្រើ​ពណ៌​បៃ​តង​និង​ក្រ​ហម​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ទឹក​មុខ​ខឹង​សម្បា កាច​សា​ហាវ​របស់​តួ​អង្គ​យក្ស។ ពី​ដំ​បូង​រៀន​ដើរ​តួ​យក្ស​ពិ​បាក​ណាស់​ព្រោះ​មិន​ទាន់​ធ្លាប់​ ដូច្នេះ​ពេល​ច្រៀង​ឬ​ពោល​តាម​របៀប​យក្ស​តែង​ឈឺ​និង​ស្ងួត​បំ​ពង់​ក ហើយ​ឈឺ​មាត់​ព្រោះ​បៀប​ចង្កូម​ តែ​ហាត់​យូរ​ទៅ​ក៏​ធ្លាប់​ហើយ​ដើរ​តួនេះ​មក​ដល់​បច្ចុប្បន្ន។

ជា​ទូ​ទៅ​ក្នុង​សិល្បៈ​ល្ខោន​បា​សាក់​ ដំ​ណើរ​រឿង​ទាក់​ទង​ដល់​ការ​កម្ចាត់​អំ​ពើ​អា​ក្រក់​ សម្លាប់​យក្ស​សង្គ្រោះ​មនុស្ស​គឺ​ជា​ការ​ពេញ​និយម​ក្នុង​សាច់​រឿង​។ ឆ្លង​តាម​ឈុត​សម្តែង​ទាំង​អស់​នោះ​ បង្កប់​នូវ​អត្ថ​ន័យ​អប់រំ​និង​ឱ្យ​យើង​ជឿ​ជាក់​ថា​អំ​ពើ​ល្អ​និង​អា​ក្រក់​តែង​ដើរ​ទន្ទឹម​គ្នា​ក្នុង​សង្គម​ ហើយ​អំ​ពើ​ល្អ យក​ឈ្នះ​លើ​អំ​ពើ​អា​ក្រក់​ គឺ​ជា​ការ​បញ្ចប់​ដែល​ទស្ស​និក​ជន​ចង់​ឃើញ​។ អា​ស្រ័យ​ហេតុ​នេះ​ អាច​និយាយ​បាន​ថា​សាច់​រឿង​មាន​ការ​សម្លាប់​ឬ​ឈ្នះ​លើ​តួអង្គ​យក្ស​មាន​ប្រ​ភព​ដើម​ពី​រឿង​បុរាណ​របស់​ជន​ជាតិ​ខ្មែរ។ អនុ​បណ្ឌិត​យ័ញ​មេន គ្រូ​បង្រៀន​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ឱ្យ​ដឹង៖ យក្ស​ក្នុង​រឿង​ល្ខោន​បា​សាក់​មាន​ដើម​កំ​ណើត​ក្នុង​រឿង​វីរ​កថា​ឥណ្ឌា​បុរាណ ជា​ពិ​សេស​គឺ​រឿង​រា​មាយ​ណៈ។ ក្នុង​វប្ប​ធម៌​ខ្មែរ​ វីរក​ថា​នេះ​បាន​កែ​លំ​នាំ​ទៅ​ជា​រឿង​រាម​កេរ្តិ៍ នេះ​បាន​ចាត់​ទុក​ជា​មូល​ដ្ឋាន​បង្កើត​ឈុត​ឆាក​ក្នុង​រឿង​ល្ខោន​បា​សាក់​ដទៃ​ទៀត។ ក្នុង​រឿង​រាម​កេរ្តិ៍ តួអង្គ​យក្ស​គឺ​តំ​ណាង​ឱ្យ​បក្ស​ពួក​អា​ក្រក់។

នគរ​យក្ស​ក្នុង​រឿង​ល្ខោន​បា​សាក់។

អាច​និយាយ​បាន​ថា​តួ​អង្គ​យក្ស​ក្នុង​សិល្បៈ​ល្ខោន​បា​សាក់​មិន​គ្រាន់​តែ​ជា​តួ អង្គ​អា​ក្រក់​ សា​ហាវ​ឃោរ​ឃៅ​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​តំ​ណាង​ឱ្យ​អំ​ពើ​អា​ក្រក់​ដែល​មាន​ក្នុង​សង្គម​របស់​យើង​ គឺ​បុគ្គល​ដែល​មាន​ល្បិច​កល​ឃោរ​ឃៅ​ បោក​បញ្ឆោត​ឬ​បុគ្គល​គំ​រាម​កំ​ហែង​អា​យុ​ជីវិត​អ្នក​ដ​ទៃ​ដែល​មាន​ជាក់​ស្តែង​ក្នុង​សង្គម។ ហើយ​តួ​អង្គ​នេះ​ដែរ​ជា​អត្ថ​បដិ​រូប​ដែល​សិល្បករ​ជា​អ្នក​និពន្ធ​ចង់​ផ្ញើ​ដល់​អ្នក​ទស្សនា​អំពី​សេចក្តី​អា​ក្រក់​និង​ល្អ​ដែល​មាននៅ​ក្នុង​សង្គម។ អនុ​បណ្ឌិត​យ័ញ​មេន​ឱ្យ​ដឹង​បន្ថែម​៖ ក្នុង​សិល្បៈ​ល្ខោន​បាសាក់​ តួ​អង្គ​យក្ស​មិន​ត្រឹម​តែ​តំ​ណាង​ឱ្យ​សេចក្តី​អា​ក្រក់​ប៉ុណ្ណោះ​ទេ ជាង​នោះ​ទៀត​គឺ​ឆ្លុះ​បញ្ចាំង​បណ្តា​ទង្វើ​អសកម្ម​ក្នុង​សង្គម​ ទី​១​គឺ​ការ​លោភ​លន់ ល្មោភ​បុណ្យ​ស័ក្តិ​ហួស​ហេតុ​ ព្រោះ​អី​ជា​ទូទៅ​តួ​យក្ស​ក្នុង​ទី​នេះ​ ជា​ស្តេច​យក្ស​តំ​ណាង​ឱ្យ​អ្នក​មាន​អំ​ណាច​តែ​រំ​លោភ​អំ​ណាច​ ទី២​គឺ​អំ​ពើ​ហិង្សា​ ឈ្លាន​ពាន ព្រោះ​ថា​យក្ស​តែង​ឈ្លាន​ពាន​ដែន​ដី ចាប់​ឬ​សង្កត់​សង្កិន​មនុស្ស​ ទី​៣​គឺ​តណ្ហា​និ​ង​អាត្មា​និយម​ ព្រោះ​អី​យក្ស​ងប់​នឹង​សម្រស់​ ចាប់​ពង្រាត់​ស្ត្រី​។ល។ តាម​រយៈ​តួ​អង្គ​យក្ស សិល្បៈ​ល្ខោន​បា​សាក់​បានអប់រំ​សីល​ធម៌​ លើក​តម្កើង​ភាព​ក្លា​ហាន​ ស្មោះ​ស្ម័គ្រ​និង​យុត្តិ​ធម៌​ ជា​ពិ​សេស​បញ្ជាក់​ឱ្យ​ឃើញ​ថា សេចក្តី​អា​ក្រក់​ទោះ​បី​ខ្លាំង​យ៉ាង​ណា​ក៏​មិន​អាច​យក​ឈ្នះ​លើ​សេចក្តី​ល្អ​បាន។

តាម​រយៈ​តួអង្គ​យក្ស​ក្នុង​សិល្បៈ​ល្ខោន​បា​សាក់​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ បាន​ឱ្យ​យើង​ឃើញ​ថា​អំ​ពើ​ល្អ​និង​អា​ក្រក់​តែង​ដើរ​ទន្ទឹម​គ្នា តែ​ទោះ​ជា​យ៉ាង​ណា​អំ​ពើ​ល្អ​ក៏​យក​ឈ្នះ​លើ​អំ​ពើ​អា​ក្រក់។ ហើយ​នោះ​ ក៏​ជា​មេរៀន​សីល​ធម៌​មនុស្ស​សាស្ត្រ​ដែល​សិល្ប​ករ​ខ្មែរ​ចង់​ផ្ញើ​ជូន​ដល់​សហ​គមន៍។

                      ថាញ់​ហ៊ុង - អិន​ទ្វឹង​

ចែករំលែកអត្ថបទ