ប៉ុន្មានឆ្នាំជិតៗនេះ ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ តែងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល បំពាក់បំប៉នកងជួរសិល្បករ-ការិនីស្នងបន្តវេន។ ការងារនេះជាជំហានដំបូងទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
ឈុតចម្រៀងកុមារនាឱកាសបុណ្យចូលឆ្នាំថ្មី សម្តែងដោយប្អូនៗសិស្សបឋមសិក្សាខេត្តត្រាវិញ បានទស្សនិកជនទះដៃអបអរ។
នៅក្នុងពិធីប្រឡងចម្រៀងកៃលឿងជំនាញឆ្នាំ២០១៥ រៀបចំនៅខេត្តបាកលីវ ទស្សនិកជនជាច្រើនបានទះដៃគាំទ្រឈុតសម្តែង "ចម្រៀងជាពួកកុមារជនជាតិខ្មែរ" របស់ក្រុមសិល្បៈរស្មីប្រទីប។ ចំណុចពិសេសគឺ សិល្បករតូចៗទាំង៣រូប ស្ថិតក្នុងកម្រិតអាយុបឋមវ័យ គឺប្អូនថាច់ស្វឹង យ្វី គឹមសួស្តីនិងហុកស្រីនាង។ ដោយរបៀបសម្តែងទន់ភ្លន់និងរៀបរយ បានជាឈុតសម្តែងរបស់ប្អូនៗ ត្រូវបានទស្សនិកជនទះដៃគាំទ្រយ៉ាងកងរំពង។ ឈុតសម្តែងនេះ បានទទួលជ័យលាភីលេខ២ សម្រាប់ខ្លឹមសារកុមារនិងជ័យលាភីបេក្ខជនវ័យក្មេងបំផុត។
លោកថាច់ស៊ុង អនុប្រធានក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ឲ្យដឹង ៖ "បច្ចុប្បន្ន ក្រុមកំពុងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង មានអាយុពី៧ឆ្នាំដល់២០ឆ្នាំ។ ប្អូនៗឆាប់បានខិតជិតជាមួយនឹងវិស័យសិល្បៈ គឺចិត្តគំនិតស្នេហាសិល្បៈកាន់តែធំ ហើយប្រសិទ្ធភាពនៃសិល្បៈនៅពេលអនាគតកាន់តែខ្ពស់។ ព្រោះហេតុនោះ ក្រុមតែងយកចិត្តទុកដាក់ស្វែងរកទេពកោសល្យផ្តើមពីអាយុបឋមវ័យ។ ដោយសារបានការយកចិត្តទុកដាក់ពីសំណាក់អាណាព្យាបាលសិស្ស ហើយសាលារៀនក៏បានបង្កលក្ខណសម្បត្តិងាយស្រួល ហេតុនោះជាជំហានដំបូង ក្រុមទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។ ជាក់ស្តែងគឺ ប្អូនៗបានទទួលជ័យលាភីខ្ពស់នៅក្នុងពិធីប្រឡងនិងមហោស្រពសិល្បៈ"។
បើប្រៀបធៀបជាមួយនឹងស្ថានភាពខ្វះកងជួរសិល្បករ-ការិនីស្នងបន្ត ដែលភូមិភាគនានាតែងជួបប្រទះក្រុមសិល្បៈរស្មីប្រទីប បានជំហរបណ្តុះបណ្តាលផ្តើមពីកម្រិតមតេ្តយ្យ។ អាស្រ័យហេតុនោះ ឈុតសម្តែងមានភាពសម្បូរបែបខាងតួសម្តែង កម្រិតអាយុ បង្កបានចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។ បងសើុងចិន្តា កម្មាភិបាលចំណុះបញ្ជាការដ្ឋានយោធាខេត្តដុងថាប មានស្រុកកំណើតនៅត្រាវិញ ឲ្យដឹងដោយក្តីរីករាយ៖ "ឃ្លាតឆ្ងាយពីស្រុកកំណើតច្រើនឆ្នាំ ហេតុនោះពេលឮបទចម្រៀងកុមារ ដែលប្អូនៗសម្តែង ខ្ញុំរំភើបចិត្តយ៉ាងខ្លាំង"។ បងស្រី គឹមធីហយ សិល្បការិនីរបស់ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ឲ្យដឹង ៖ "ខ្ញុំជាម្តាយរបស់ហុកស្រីនាង ខ្ញុំចូលបម្រើក្រុមសិល្បៈរស្មីប្រទីបជាង២០ឆ្នាំ។ តាមពិតទៅ ប្តីប្រពន្ធខ្ញុំមិនបានកំណត់ទិសឲ្យកូនតាមអាជីពសិល្បៈទេ។ ក្មួយៗដទៃទៀតក្នុងក្រុមក៏ដូច្នោះដែរ ពេលម្តាយឪពុក សម្តែងលើឆាកក្មួយៗរៀនតាម ហើយស្រឡាញ់ចូលចិត្តសិល្បៈតាំងពីពេលណាក៏មិនដឹង"។
អាស្រ័យដោយស្នាក់នៅមណ្ឌលសមូហភាពរបស់ក្រុម ប្អូនៗជិតដិតគ្នាតាំងពីតូច បានជាឈុតសម្តែងរបស់ប្អូនៗមានភាពទន់ភ្លន់និងរស់រវើក។ ទោះបីត្រូវហាត់សមនិងដើរសម្តែងច្រើន ប៉ុន្តែលទ្ធផលរៀនសូត្ររបស់ប្អូនៗនៅតែល្អប្រសើរជានិច្ច ម្ល៉ោះហើយតែងបានសាលារៀននិងលោកគ្រូអ្នកគ្រូទុកចិត្ត។ ប្អូនថាច់ស្វឹងយ្វី ឲ្យដឹង ៖ "ប្អូនចង់ក្លាយជាសិល្បករជំនាញមួយរូបដូចជាម្តាយឪពុកអ៊ីចឹងដែរ"៕
ថាច់ថាញ់ភូ-វិមាន