មកកាន់ភូមិ៣ ឃុំថើយហឹង ស្រុកកើ-ដ ក្រុងកឹងធើ សួររកផ្ទះបងលីវ ហ្វាងយុង មាមីងខ្មែរនៅទីនេះអ្នកណាក៏ស្គាល់ទាំងអស់ ពីព្រោះបងជាគំរូឆ្នើមក្នុងសហគមន៍ជនរួមជាតិខ្មែរ។
បងលីវហ្វាងយុង(ខាងស្តាំ)ទៅដល់ផ្ទះប្រជាជនណែនាំធ្វើ បែបបទបុលទុន។
លោកង្វៀនហ្វាងទិន លេខាសាខាបក្សភូមិ៣ ឲ្យដឹងដោយសេចក្តីរីក រាយ៖"ក្នុងការបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំថើយហឹង កន្លងហើយបងលីវហ្វាងយុង ជាជនជាតិខ្មែរជាប់ឆ្នោតដោយទទួលបានស្លឹកឆ្នោតគាំទ្រខ្ពស់ឈរទី២ក្នុងឃុំថើយហឹង។ ប្រការនេះ សឲ្យឃើញថា បងមិនត្រឹមតែបានមាមីងខ្មែរស្រឡាញ់រាប់អានប៉ុណ្ណោះទេ មាមីងជនជាតិកិញ ក៏មានទំនុកចិត្តលើបងផងដែរ"។ បងលីវហ្វាងយុង កើតនិងធំដឹងក្តីនៅស្រុកថើយឡាយ ក្រុងកឹងធើ។ ឆ្នាំ១៩៩០ បងសូមចូលធ្វើកម្មករនៅកសិដ្ឋានស៊ុងហូវ បានគណៈគ្រប់គ្រងកសិដ្ឋានប្រគល់ដីឲ្យ២,៥ហិកតា ដើម្បីធ្វើការបង្កបង្កើនផល។ ខណៈនោះ គ្រួសារបងជាគ្រួសារ មួយក្នុងចំណោមគ្រួសារដែលមានជីវភាពលំបាកបំផុតរបស់ភូមិ៣។ អាស្រ័យមានដីផលិតកម្ម ទើបគ្រួសារបងមានជីវភាពឈានឡើងជា សន្សឹមៗ។
គ្រួសារបងយុង ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយនាំមុខក្នុងការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេសលើការបង្កបង្កើនផល ម៉្លោះហើយស្រែរបស់បងផ្តល់ទិន្នផលខ្ពស់និងផលិតផលមានគុណភាពល្អ។ ចាប់ពីឆ្នាំ២០០៤មក បងយុងបានប្រជាជនក្នុងភូមិទំនុកចិត្តបោះឆ្នោតធ្វើជាអនុប្រធានសាខាសមាគមកសិករភូមិ៣។ បងទទួលបន្ទុកខាងផ្សព្វផ្សាយបច្ចេកទេសថ្មីដល់មាមីង និងជំរុញការចលនាប្រឡងប្រណាំងបង្កបង្កើនផលនៅភូមិភាគ។ ប៉ុន្តែប្រការដែលធ្វើឲ្យមាមីង កោតសរសើរបំផុតចំពោះបងនោះគឺការប្តេជ្ញាចិត្តឲ្យកូនៗរៀនសូត្រចប់ចុងចប់ដើម។ បងលីវហ្វាងយុង ចែករំលែក៖ "កាលនៅកុមារ គ្រួសារខ្ញុំមានជីវភាពលំបាក ម៉្លោះហើយខ្ញុំរៀនបានតិចតួចដូច្នេះខ្ញុំខំប្រឹងផ្គត់ផ្គង់ចិញ្ចឹមកូនៗរៀនសូត្រចប់ចុងចប់ដើម សង្ឃឹមថាអនាគតការរស់នៅរបស់ពួកគេមានភាពប្រសើរជាង"។ មិនធ្វើឲ្យឪពុកម្តាយខកបំណង កូនស្រីច្បងប្រឡងជាប់បរិញ្ញប័ត្រ បច្ចុប្បន្នជាគ្រូបង្រៀនសាលាបឋមសិក្សា។ កូនប្រុសពៅក៏ប្រឡងជាប់បរិញ្ញាប័ត្ររង ផ្នែកបច្ចេកវិជ្ជាព័ត៌មាន បច្ចុប្បន្នបំពេញការងារនៅគណៈកម្មាធិការប្រជាជនឃុំថើយហឹង។ ឆ្នាំ២០១១ បងយុងបានមាមីងទំនុកចិត្តគាំទ្របោះឆ្នោតធ្វើជាអនុប្រធានភូមិ។ ជាមួយនឹងតួនាទីនេះ បងចូលរួមសកម្មភាពជាច្រើនបានមាមីងឲ្យតម្លៃខ្ពស់ ដូចជាសម្របសម្រួលករណីទំនាស់ពិគ្រោះយោបល់ជូនគ្រួសារក្រីក្រឈានឡើងក្នុងជីវភាព។ លោកលីវហ៊ោ កសិករវ័យចំណាស់នៅភូមិ៣ ឲ្យដឹង៖ "លីវហ្វាងយុង តែងបានមាមីងស្រឡាញ់រាប់អាន អាស្រ័យហេតុនោះ ករណីទំនាស់អំពីដីធ្លីឬក៏ករណីលះលែងគ្នា ដែលបងចូលរួមសម្របសម្រួលតែងបានសម្រេចជោគជ័យជាច្រើនករណី។ មានគ្រួសារវ័យក្មេងជាច្រើនអាស្រ័យជីវភាពគ្រួសារជួបការលំបាក ម៉្លោះហើយប្តីប្រពន្ធច្រើនទាស់ទែង បម្រុងនឹងលះលែងគ្នា បងយុងមិនត្រឹមតែសម្របសម្រួលសម្រេចជោគជ័យប៉ុណ្ណោះទេ នៅទាំងណែនាំពួកគាត់ឲ្យបុលទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីនោះ ករណីទាស់ទែងត្រូវបានដោះស្រាយជាស្រេច មាមីងក្នុងភូមិអ្នកណាក៏សរសើរបងមិនដាច់ពីមាត់"៕
ថាច់ថាញ់ភូ-មុនី