តឹងហុងជាឃុំក្រីក្រមួយរបស់ស្រុកទីវកឹង ខេត្តត្រាវិញ មានជនរួមជាតិ ខ្មែររស់នៅកុះករស្រូបអត្រាជាង៤០,៥៤%។ ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ឃើញថាជីវភាពជនរួមជាតិខ្មែរនៅទីនេះកាន់តែមានភាពប្ដូរផ្លាស់ ពិសេសពេលប្រព័ន្ធផ្លូវគមនាគមន៍ជនបទ បានវិនិយោគកសាងរួចរាល់ ជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រួមចំណែកកាត់បន្ថយភាពក្រីក្រនៅភូមិភាគ។
ផ្លូវគមនាគមន៍ជនបទនៅភូមិព្រែកលបឃុំតឹងហុង។
ថ្វីបើជាភូមិសាស្រ្តឋិតនៅតំបន់ជ្រៅ មានព្រែកប្រឡាយខ្វាត់ខ្វែងក៏ដោយ ប៉ុន្តែបក្ខភាគរដ្ឋអំណាចនិងប្រជាជនបានផ្ដុំកម្លាំងរួមចំណែកយ៉ាងសកម្មក្នុងការវិនិយោគកសាងក្នុងនោះផ្លូវគមនាគមន៍ត្រូវបានអាទិភាពយកចិត្តទុកដាក់អនុវត្តកសាង។ លោកកេវក្វឹកវៀត អនុលេខា បក្សឃុំតឹងហុង ឲ្យដឹង៖ "ដោយកំណត់ច្បាស់ផ្លូវគមនាគមន៍ជាកត្តាសំខាន់ក្នុងការកសាងជនបទថ្មី ព្រោះវាជាចរន្តជួយឲ្យសេដ្ឋកិច្ច-សង្គម មានជំហានអភិវឌ្ឍ។ ផ្ដើមពីឃុំតំបន់ជ្រៅ មិនជឿនលឿនលំបាក ប៉ុន្តែឃុំតឹងហុងបានទទួលស្គាល់ជាឃុំជនបទថ្មីនៅឆ្នាំ២០១៤។ ថ្វីត្បិតជា ឃុំតំបន់ជ្រៅមានព្រែកប្រឡាយខ្វាត់ខ្វែង ហើយមានភូមិមួយចំនួនឋិតនៅកណ្ដាលវាល បង្កភាពលំបាកក្នុងការអនុវត្តន៍លក្ខឋានគមនាគមន៍ អាស្រ័យហេតុនោះ យើងខ្ញុំបានដាក់ចេញវិធានការជាក់ស្ដែង ជម្រុញយ៉ាងខ្លាំងក្លាការងារចលនា ផ្សព្វផ្សាយបញ្រ្ជាបដល់ប្រជាជន បង្កបាននូវការឯកភាពខ្ពស់ក្នុងការចលនាកម្លាំងប្រជាជន កសាងតាមគោលលំ នាំ"រដ្ឋនិងប្រជាជនរួមគ្នាកសាង"។ មកទល់ពេលនេះ នៅលើភូមិសាស្រ្ត ឃុំតឹងហុងមានប្រព័ន្ធផ្លូវគមនាគមន៍តភ្ជាប់គ្រប់ភូមិ"។
ប្រជាជននៅទីនេះមានមោទនភាពយ៉ាងខ្លាំង នៅពេលផ្លូវគមនាគមន៍ ត្រូវបានវិនិយោគកសាងក្រាលកៅស៊ូរឹងមាំធំ ទូលាយត្រង់រលេញបង្កជាបុព្វបទជម្រុញកសាងភូមិស្រុកកាន់តែមានសន្ទុះរីកចម្រើន។ ព្រះតេជព្រះគុណគឹមសំអឿន ព្រះចៅអធិការវត្តសុវណ្ណនិគ្រោធ (ជ្រៃភេ) ពិតឲ្យដឹង៖ "ប៉ុន្មានឆ្នាំមកនេះ ឃើញថាជីវភាពរបស់មាមីងពុទ្ធបរិស័ទ នៅតឹងហុងមានការផ្លាស់ប្ដូរច្រើន ពិសេសចាប់ពីមានផ្លូវគមនាគមន៍ មុខមាត់ភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់បស់ កិច្ចការរកទទួលទាន ការប្រជុំជីវភាពសង្គមមានភាពងាយស្រួល ដូចជាការដឹកជញ្ជូនកសិផល ក្មេងៗទៅសាលារៀន ប្រជាជនក្នុងភូមិទៅធ្វើការនៅក្រុមហ៊ុនម៉ីផុង អាចបើកបរម៉ូតូទៅមកមិនបាច់ជួលផ្ទះសំណាក់ កាត់បន្ថយបានការចំណាយ រួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ ពិសេសដល់ថ្ងៃសីលម្ដងៗពុទ្ធបរិស័ទមកវត្តដោយម៉ូតូ មិនដើរលុយភក់ ដូចពីមុន អាត្មាភាពមានមោទនភាពក្រៃលែងនៅពេលឃើញភូមិស្រុក យើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្លាស់ថ្មី"។ ចំណែកបងស្រីថាច់ធីចិន្តា នៅភូមិព្រែកលប (តឹងហុង) បើកហាងលក់គ្រឿងទេស ឲ្យដឹងដោយក្ដីរីករាយ៖ "ប្រជាជនយើងខ្ញុំត្រេកអរខ្លាំងណាស់ នៅពេលមានផ្លូវកៅស៊ូល្អស្អាត ធំទូលាយ រឹងមាំ ដូច្នេះបង្កលក្ខណសម្បត្តិងាយស្រួលក្នុងការរកស៊ីលក់ដូរស្រូវលក់បានថ្លៃជាង បើប្រៀបនឹងដឹកជញ្ជូនតាមផ្លូវទូកដូចមុននេះ។ ឥឡូវទៅណាមកណាបើកបរម៉ូតូ មិនបាច់ទូកក្ដារដូច មុនទៀតហើយការងារលក់ដូររបស់ខ្ញុំក៏មានភាពងាយស្រួលជាងមុន ឯកូនប្រុសខ្ញុំបើកហាងជួសជុលម៉ូតូ រកស៊ីកាក់កបណាស់ដែរ"។
លោកថាច់ដាង អ្នកមានប្រជាប្រិយភាពរបស់ភូមិ ឲ្យដឹង៖ "មុននេះ តឹងហុងជាឃុំក្រីក្រ ជីវភាពប្រជាជនផ្អែកលើដំណាំស្រូវតែម្យ៉ាង អាស្រ័យគ្មានផ្លូវដឹកជញ្ជូនហេតុនេះកសិផលលក់តម្លៃទាប។ បច្ចុប្បន្ន ដោយបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ វិនិយោគកសាងផ្លូវគមនាគមន៍ ជនបទដូច្នេះ ប្រជាជនសាទរនិងគាំទ្រពេញទំហឹង ក្នុងការបរិច្ចាគដីដំណាំឈើហូបផ្លែ កម្លាំងពលកម្ម ដើម្បីរួមជាមួយនឹងរដ្ឋអំណាចភូមិភាគ ធ្វើឲ្យសុក្រឹតប្រព័ន្ធគមនាគមន៍។ មានផ្លូវរឹងមាំស្រួលបួល ការលក់ដូរដំណាំកសិផលគ្រប់ប្រភេទមានភាពល្អប្រសើរជាង ផ្ដើមពីនោះជីវភាព ប្រជាជនមានជំហានរីកចម្រើន អត្រាគ្រួសារក្រីក្រថយចុះជាលំដាប់ផ្ទះឥដ្ឋសមរម្យ កសាងបន្តបង្អួតសម្រស់ជនបទថ្មី"។
សម្រេចបានលទ្ធផលដូចពោលខាងលើ ដោយការខ្នះខ្នែងរបស់រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ និងប្រសិទ្ធភាពនៃការចលនាផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកាន់តែស៊ីជម្រៅ។ ម្យ៉ាងទៀត វាជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជននៅលើភូមិសាស្រ្ត ពេលហេដ្ឋារចនាសម្ព័ន្ធនិយាយរួម ផ្លូវគមនាគមន៍និយាយដោយឡែក ត្រូវបានកសាងយ៉ាងត្រឹមត្រូវនឹងបង្កជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ញាំុងឲ្យមុខមាត់តំបន់ជនបទកាន់តែស្រស់បំព្រង៕
អត្ថបទ-រូបថតៈ ពេជ្រសឿន