ប៉ុន្មានឆ្នាំកន្លង ដោយបានការយកចិត្តទុកដាក់ឧបត្ថម្ភថវិការបស់បក្ស និងរដ្ឋបានបង្កជាកម្លាំងចលករសម្រាប់គ្រូបង្រៀនអក្សរខ្មែរ។ គ្រូនិងសិស្សជាទូទៅមានការនឹងនរចិត្ត ខិតខំក្នុងការបង្រៀននិងរៀន។

ថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលឆ្នាំ២០១៥ នៅវត្តកំពង់បោះត្រាថ្មី ស្រុកយ៉ុងរៀង
ខេត្តកៀងយ៉ាង។
នៅខេត្តកៀងយ៉ាង ការងារអប់រំវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ត្រូវបានយកចិត្តទុកដាក់ អក្សរសាស្រ្តខ្មែរក៏ត្រូវបានពង្រឹងពង្រីក។ នាឱកាសវិស្សមកាលរៀងរាល់ឆ្នាំ វត្តនានាក្នុងខេត្តកៀងយ៉ាង បានរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរ ជូនកូនចៅជនរួមជាតិខ្មែររាប់ពាន់នាក់ឲ្យ ចេះអានចេះសរសេរ។ តាមប្រសាសន៍ លោកយ័ញហា គណៈកម្មការវត្តកំពង់បោះត្រាថ្មី ឃុំវិញថាញ់ ស្រុកយ៉ុងរៀង ការបង្រៀនអក្សរខ្មែរនៅវត្តមានសារៈសំខាន់ណាស់ ពីព្រោះជនជាតិនីមួយៗ សុទ្ធតែមានភាសាអក្សរសាស្រ្តដោយឡែកៗ។ ចំពោះជនជាតិខ្មែរ វត្តចាត់ទុកជាផ្ទះរួមជាកន្លែងរក្សាលក្ខណៈវប្បធម៌ អក្សរសាស្រ្ត។ ពិសេសនៅទីនេះ ក្រៅពីរៀនអក្សរសាស្រ្ត ប្អូនៗនៅទាំងរៀនសូត្រពីលក្ខណៈវប្បធម៌ ដ៏ពិសេសរបស់ជនជាតិខ្មែរទៀតផង។ ទោះបីវិស្សមកាលជារដូវឈប់សម្រាកក្រោយពី១ឆ្នាំសិក្សាក៏ដោយ ប៉ុន្តែចំពោះក្តីបំណងប្រាថ្នាចង់ចេះអានចេះសរសេរអក្សរសាស្រ្តជាតិរបស់ខ្លួន ប្អូនៗបានឆ្លៀតឱកាសចូលវត្តរៀនសូត្រ។ ប្អូនៗដែលចូលរៀនអក្សរខ្មែរក្នុងវត្ត ឲ្យដឹង៖ រយៈពេលវិស្សមកាល៣ខែ ប្អូនៗឆ្លៀតឱកាសមកវត្តរៀនអក្សរខ្មែរ ដើម្បីចេះអាន ចេះសរសេរអក្សរសាស្រ្តជាតិ និងស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។
អ្នកគ្រូធីអ៊ឹង បង្រៀនអក្សរខ្មែរនៅវត្តកំពង់បោះត្រាថ្មី ឲ្យដឹង៖ ឆ្នាំនេះចំនួនសិស្សមកវត្តរៀនអក្សរខ្មែរមានច្រើនជាងរាល់ឆ្នាំ កើនជាង៣០នាក់ បើប្រៀបជាមួយនឹងឆ្នាំកន្លង។ ប្អូនៗសង្វាត់រៀនសូត្រខ្លាំងណាស់ ទោះបីភ្លៀងខ្យល់ក៏ដោយ។ ព្រោះហេតុនោះ ក្នុងនាមជាគ្រូបង្រៀនគឺនាងខ្ញុំសប្បាយចិត្ត និងត្រេកអរខ្លាំងណាស់ ហើយខិតខំបង្រៀនប្អូនៗឲ្យបានល្អដើម្បីអភិរក្សអក្សរសាស្រ្ត វប្បធម៌ប្រពៃណីជនជាតិឲ្យបានគង់វង្ស។ លើភូមិសាស្រ្តស្រុកយ៉ុងរៀង មានវត្តខ្មែរចំនួន១៤វត្ត។ ទូទាំងស្រុកមានកូនចៅជនរួមជាតិខ្មែរចូលរៀនអក្សរខ្មែរនៅតាមវត្តចំនួន ៥០០នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥។ ឆ្លងតាមរយៈនោះ បានរួមចំណែកដ៏សំ ខាន់ក្នុងការអភិរក្សអក្សរសាស្រ្ត វប្បធម៌ ប្រពៃណីរបស់ជនរួមជាតិ៕
ឡេស៊ាន-សឺនម៉ាល័យ