លោកម៉ាលឿងធៀន នៅភូមិតាបៀង ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង។ លោកមិនត្រឹមតែជាអ្នកមានទ្រព្យស្តុកស្តម្ភប៉ុណ្ណោះទេ លោកនៅទាំងខ្នះខ្នែងអស់ពីចិត្តជាមួយនឹងការងារសប្បុរសធម៌ទៀតផង។
លោកម៉ាលឿងធៀន(ខាងឆ្វេង)
លោកម៉ាលឿងធៀន រ៉ាយរ៉ាប៖" ខណៈពេលចេញនៅដោយឡែក ពីរនាក់ប្តីប្រពន្ធខ្ញុំមានតែបាតដៃទទេ គ្មានទ្រព្យសម្បត្តិអ្វីទេ ដោយសារបានញាតិមិត្តធ្លាប់ស្គាល់អាណិតអាសូរឲ្យខ្ចីដីសង់ខ្ទមតូចរស់នៅបណ្តោះអាសន្ន"។ ពេលមានកន្លែងរស់នៅបណ្តោះអាសន្ន រៀងរាល់ថ្ងៃ ប្ដីប្រពន្ធលោកធៀន តែងទៅធ្វើការឈ្នួលលក់ដូរគ្មានពេលទំនេរ។ល។ ដោយសារប្រាក់រកបានប្រកបដោយលំបាកដូច្នោះបានជាប្តីប្រពន្ធ លោកធៀនប្រើប្រាស់ប្រិតសំចៃខ្លាំងណាស់។ ផ្ដើមពីចំនួនទឹកប្រាក់ខាងលើ ប្តីប្រពន្ធលោកធៀនទិញបានដីស្រែ២កុងជាដំបូងបង្អស់។ ខណៈពេលមានដីស្រែសម្រាប់ផលិតកម្ម និងមានដីកម្មសិទ្ធិសម្រាប់រស់នៅពីរនាក់ប្ដីប្រពន្ធ លោកធៀនត្រេកអរយ៉ាងខ្លាំងហើយរឹតតែមានកម្លាំងចិត្តខ្នះខ្នែងធ្វើការងាររកស៊ីបន្តទៀត។ គ្រាដែលលោកធៀនធ្វើស្រែ ធ្វើការឈ្នួល ប្រពន្ធរបស់លោកក៏ទិញស្ករ ប៊ីចេង ទឹកត្រី ស្ពៃ ។ល។ រែកដើរលក់សព្វច្រកល្ហកក្នុងភូមិ។ លោកធៀនញញឹម រួចនឹកឃើញឡើងវិញ៖"កាលណោះផ្លូវជនបទភក់ជ្រាំ លំបាកធ្វើដំណើរទៅមកខ្លាំងណាស់ ប៉ុន្តែទោះបីភ្លៀងខ្យល់ក្ដីប្ដីប្រពន្ធខ្ញុំឥតមានរួញរានឹងការលំបាក ខិតខំលក់ដូរគ្មានឈប់សម្រាក់ថ្ងៃណាឡើយ។ ចំណេញទាំងប៉ុន្មាន យើងខ្ញុំប្រិតសំចៃសម្រាប់ធ្វើដើមទុន និងរង់ចាំឱកាសល្អបើកទូលាយការរកស៊ី"។
ខណៈពេលមានដើមទុនច្រើនបង្គួរ ប្តីប្រពន្ធលោកធៀនបានសង់រោងម៉ាស៊ីនសម្ងួតស្រូវទិញ-លក់ស្រូវនិងកិនស្រូវលក់អង្ករ។ ដោយសារឈ្លាសវៃក្នុងអាជីវកម្ម បានជាខណៈពេលឃើញឈ្មួញ ភាគច្រើនទិញស្រូវស្រស់ម៉ាស៊ីនសម្ងួតស្រូវមិនសូវពេញនិយមលោកធៀនបានផ្លាស់ប្តូរទិញម៉ាស៊ីនត្រាក់ទ័រ និងបើកដេប៉ូលក់សម្ភារៈកសិកម្ម។ ឆ្នាំ២០០០ ពេលឃើញធ្វើស្រែបានផលចំណេញ លោកធៀនបានផ្ដុំកម្លាំងទិញដីស្រែផលិតស្រូវ។ រហូតមកទល់សព្វថ្ងៃ គ្រួសារលោកធៀនមានដីស្រែជាង១៣ហិកតា។ តាមការគិតគូររបស់លោកធៀន មធ្យមភាគរៀងរាល់ឆ្នាំ គ្រួសារលោករកបានប្រាក់ចំណូលជាង២ពាន់លានដុង ផ្ដើមពីការលក់ដូរនិងធ្វើស្រែ។
ថ្វីបើដូច្នោះក្ដី ប្រការដែលប្រជាជននៅទីនេះ តែងគោរពកោតក្រែងចំពោះលោកធៀន នោះគឺនៅត្រង់លោកមានចិត្តធម៌ ខ្នះខ្នែងជួយអ្នកមានសភាពក្រលំបាក។ រៀងរាល់ឆ្នាំ លោកធៀនបានចលនាសប្បុរសជននានានិងគ្រួសារលោកចែកអំណោយអង្ករជាង២តោន ឧបត្ថម្ភទឹកប្រាក់ព្យាបាលជំងឺ និងរបស់របរផ្សេងៗដល់គ្រួសារក្រីក្រក្នុងភូមិ។ និយាយពីចិត្តសប្បុរសធម៌របស់លោកម៉ាលឿងធៀន ពូផាងវាំុងយ៉ា នៅភូមិតាបៀង បានឲ្យដឹង៖ "គ្រួសារខ្ញុំបានលោកធៀនឧបត្ថម្ភអង្ករប្រាក់ ច្រើនលើកមកហើយ។ ទើបតែថ្មីនេះ ភ្នែកទាំងគូរបស់ខ្ញុំរង់ការឈឺចាប់ ហើមតឹងមើលអ្វីពុំឃើញឈឺឆ្អល់រហូតដល់ដេកមិនលក់ ឃើញដូច្នោះ លោកធៀនបានឧបត្ថម្ភប្រាក់ជូនខ្ញុំទៅព្យាបាលជំងឺ។ សគុណនេះ ខ្ញុំចាំឥតភ្លេចឡើយ"។ លោកធៀននៅទាំងចលនាសាច់ញាតិសប្បុរសជននានា រួមវិភាគទានទឹកប្រាក់បានរាប់រយលានដុងសម្រាប់កសាងផ្លូវជនបទប្រវែងជាង៥.០០០ម៉ែត្រ កសាងនិងជួសជុលស្ពានបេតុងនៅជនបទបានចំនួន៥។
សព្វថ្ងៃកូនមួយច្បងរបស់លោកធៀន បានរៀនប្រឡងជាប់សញ្ញាបត្រផ្នែកគរុកោសល្យនៅមហាវិទ្យាល័យកឹងធើ ចំណែកកូនស្រីពៅកំពុងរៀនថ្នាក់ទី១០។ លោកធៀន ទើបបានមជ្ឈិមសមាគមកសិករវៀតណាមជូនប័ណ្ណសរសើរជាកសិករផលិតអាជីវកម្មពូកែ និងបានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរព្រេាះការខ្នះខ្នែងអនុវត្តបានល្អនូវការងារផ្សព្វផ្សាយក្នុងជនរួមជាតិខ្មែរ៕
លីធាន-សេរី