អស់រយៈកាលច្រើនឆ្នាំអនុវត្តគោលនយោបាយជនជាតិរបស់បក្ស និងច្បាប់របស់រដ្ឋ ឃើញថាជីវភាពរបស់ប្រជាជននៅភូមិតឹងក្វីA ឃុំតឹងហឹង ស្រុកឡុងភូ ខេត្តសុកត្រាំង បានឈានឡើងធូរធារតំបន់ជនបទក្លាយជាស្អាតស្អំសម្បូរសប្បាយ។
មានអគារសិក្សាសមរម្យ មានគោលនយោបាយឧបត្ថម្ភដល់សិស្សខ្មែរក្របានជាកុមារខ្មែរនៅភូមិតឹងក្វី A សុទ្ធតែបានទៅសាលារៀន។
អស់រយៈកាលច្រើនឆ្នាំអនុវត្តគោលនយោបាយជនជាតិរបស់បក្ស និងច្បាប់របស់រដ្ឋ ឃើញថាជីវភាពរបស់ប្រជាជននៅភូមិតឹងក្វីA ឃុំតឹងហឹង ស្រុកឡុងភូ ខេត្តសុកត្រាំង បានឈានឡើងធូរធារតំបន់ជនបទក្លាយជាស្អាតស្អំសម្បូរសប្បាយ។
តឹងក្វីA គឺជាភូមិ១ក្នុងចំណោម៣ភូមិមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំ ដោយមានចំនួនប្រជាជនជាង៨០%។ លោកត្រាវិញឡើយ លេខាសាខាបក្សភូមិ និងជាប្រធានភូមិតឹងក្វី ឲ្យដឹង៖ "ពីមុនតំបន់ជនបទនេះក្រីក្រណាស់ សម្លឹងមើលទៅឃើញសុទ្ធតែផ្ទះស្លឹកបណ្តោះអាសន្នយូរៗ ទើបប្រទះឃើញផ្ទះប្រក់ស័ង្កសីមួយខ្នង រដូវវស្សាផ្លូវបែកភក់ជ្រាំ គ្មានអគ្គិសនី ទឹកស្អាត។ល។ រីឯបច្ចុប្បន្នវាផ្សេងផ្លូវស្រឡះស្រឡំ ម៉ូតូអាចបើកចូលដល់ផ្ទះ មានផ្ទះឥដ្ឋសមរម្យជាច្រើន មានអគ្គិសនី ទឹកស្អាតប្រើប្រាស់និយាយរួមទៅមានគ្រប់សព្វទាំងអស់"។ តាមប្រសាសន៍របស់លោកត្រាវិញឡើយ បច្ចុប្បន្នទូទាំងភូមិមានគ្រួសារធូរធារជាង៤០% ចំណែកគ្រួសារក្រីក្រនៅត្រឹមតែ១២%ប៉ុណ្ណោះ។ ភូមិតឹងក្វី មានប្រជាជនចាកផុតពីភាពក្រីក្រចីរភាព មធ្យមភាគពី៣០ដល់៣៥ គ្រួសារជារៀងរាល់ឆ្នាំ។ នោះគឺជាលទ្ធផលនៃគោលនយោបាយរបស់បក្ស និងរដ្ឋ បានវិនិយោគទុនជូនតំបន់ជនជាតិភាគតិច។ ប្រសិទ្ធភាពបំផុត គឺវិនិយោគទុនកសាងផ្លូវគមនាគមន៍ ជីកស្តារប្រឡាយនាំទឹកសាបបញ្ចូលស្រែ ឧបត្ថម្ភដើមទុនបច្ចេកទេស ពូជដំណាំ សត្វចិញ្ចឹម។ល។ ផ្តើមពីនោះ មាមីងខ្មែរចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការធ្វើស្រែ ចិញ្ចឹមសត្វ បង្កើនប្រាក់ចំណូលជីវភាពបានលើកស្ទួយជាបណ្តើរៗ។ បច្ចុប្បន្ន ប្រជាជនក្នុងភូមិផលិត ស្រូវបាន៣រដូវ/ឆ្នាំ ទិន្នផលមធ្យមភាគសម្រេចបានជាង៨តោន/ហិកតា។
ទន្ទឹមនឹងការអនុវត្តន៍បានល្អនូវគោលនយោបាយជនជាតិ គឺឆន្ទៈឈានឡើងចាកផុតពីភាពក្រីក្ររបស់ជនរួមជាតិខ្មែរមានភាពមុតមាំ។ ពិសេស ប្រជាជនតែងយកចិត្តទុកដាក់ណែនាំកូនចៅទៅធ្វើការនៅតាមក្រុមហ៊ុនក្នុងនិងក្រៅខេត្ត។ តាមស្ថិតិរបស់ភូមិ បច្ចុប្បន្ន តឹងក្វីមានពលករមានការងារធ្វើរកបានប្រាក់ចំណូលលំនឹងប្រមាណជាង៧០%។ បងស្រីត្រឹងធីថាញ់ គឺជាគ្រួសារគំរូចាកផុតពីភាពក្រីក្ររបស់ភូមិ។ បងស្រីថាញ់ ឲ្យដឹង៖ "ពីមុនដោយសារមានជំងឺ បានជាខ្ញុំបញ្ចាំអស់ដីស្រែពេលជាសះសើ្បយ ខ្លួនដើរធ្វើការឈ្នួលសម្រាប់គិតគូរជីវភាព។ ពេលបានរដ្ឋទិញដីធារផ្ទះហើយសង់ផ្ទះជូនព្រមទាំងឲ្យជ្រូកចិញ្ចឹម ហេតុនោះប្តីប្រពន្ធខ្ញុំខិតខំរកស៊ី។ ទឹកប្រាក់ពីធ្វើការឈ្នួលនិងប្រិតសំចៃពីការចិញ្ចឹមជ្រូកមេផង ព្រមទាំងបានរដ្ឋឲ្យបុលប្រាក់បន្ថែម ហេតុនោះ ខ្ញុំបានលោះដីស្រែ៥កុងមកវិញ។ ឥឡូវប្តីខ្ញុំធ្វើស្រែផ្ទះផង ដើរធ្វើការឈ្នូលផង ចំណែកខ្ញុំនៅផ្ទះចិញ្ចឹមជ្រូក និងលក់ដូរកំប៉ិកកំប៉ុក ហេតុនេះ ហើយបានជាខ្ញុំសង់បានផ្ទះសមរម្យជាងមុន ឃើញថាជីវភាពបានធូរធារគ្រាន់បើ"។
មិនត្រឹមតែសកម្មឈានឡើងចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ ប្រជាជននៅភូមិតឹងក្វីA កាន់តែសាមគ្គីគ្នាស្អិតល្មួត និងព្រួតដៃគ្នាកសាងផ្លូវបេតុង ចូលភូមិបានស្អាតស្អំទៀងផង។ ពិសេស មានស្មារតីខ្ពស់ក្នុងការកសាងគ្រួសារវប្បធម៌ ចិញ្ចឹមកូនរៀនសូត្របានត្រឹមត្រូវ ហេតុនោះ អត្រាកៀរគរកុមារទៅសាលារៀនសម្រេចបានជាង៩៩%។ មកទល់ពេលនេះ ទូទាំងភូមិសម្រេចគ្រួសារវប្បធម៌១០០%។ លោកង្វៀនហឺវតាយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហឹង ឲ្យដឹង៖ "មុនឆ្នាំ២០០០ ភូមិតឹងក្វី A មានគ្រួសារក្រីក្រជាង៣០%មកទល់ពេលនេះ នៅប្រមាណតែ១២%ប៉ុណ្ណោះ។ ភូមិតឹងក្វី បានទទួលស្គាល់ជាភូមិវប្បធម៌១០ឆ្នាំបន្តបន្ទាប់របស់ឃុំ"៕
យ្វីអាញ់-វិមា