អស់រយៈពេលជាង២ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ២៤៧២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល (ដំណាក់កាលឆ្នាំ២០១២-២០១៥) ជនជាតិភាគតិចនៅតំបន់លំបាកពិសេសនៃខេត្តកាម៉ាវ និងខេត្តបាកលីវ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបានខិតជិតជាមួយនឹងផលិតផលបោះពុម្ពកាសែត ដើម្បីបានទទួលចំណេះដឹងខាងច្បាប់ និងអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងផលិតកម្មប្រកបដោយប្រសិទ្ធភាព។ល។
ព្រះសង្ឃនៅវត្តមុនីវង្សា (សង្កាត់១ ក្រុងកាម៉ាវ) អានកាសែតដើម្បីបង្កើនចំណេះដឹង។
ដោយកំណត់ច្បាស់ការងារឃោសនា ផ្សព្វផ្សាយមានតួនាទីសំខាន់ពិសេស ម្ល៉ោះហើយកាលពីដើមឆ្នាំ២០១២ គណៈជនជាតិខេត្តកាម៉ាវបានផ្សព្វផ្សាយស៊ីជម្រៅនូវសេចក្តីសម្រេចចិត្ត២៤៧២ ដោយទទួលបានការស្របចិត្តស្របគំនិត្យ ពីសំណាក់សហគមន៍ជនជាតិខ្មែរនៅភូមិភាគ។ តាមស្ថិតិដំបូងរបស់ផ្នែកសមត្ថកិច្ចខេត្តមកទល់ពេលនេះ មានកាសែត និងទស្សនាវដ្តីគ្រប់ប្រភេទចំនួន១៩ត្រូវបានបោះពុម្ពផ្សាយដល់មូលដ្ឋាន។ មុខសញ្ញាទទួលកាសែត សំខាន់គឺកម្មាភិបាល ព្រះសង្ឃ អ្នកមានប្រជាប្រិយភាព បញ្ញវន្ត សិស្សានុសិស្សជាជនរួមជាតិខ្មែរ។ តាមរបាយការណ៍ពីគណៈជនជាតិខេត្តកាម៉ាវ ឲ្យដឹងៈ ក្នុងរយៈពេល៩ ខែដើមឆ្នាំ២០១៤ កាសែតបានផ្ញើចុះទៅដល់អ្នកអានជាជនរួមជាតិខ្មែរ ជិត២៥០ពាន់ច្បាប់។ លោកង្វៀនថាញ់ដៀង អនុប្រធានគណៈជនជាតិខេត្តកាម៉ាវ ឲ្យដឹងៈ "ភាគច្រើនកាសែតនិងទស្សនាវដ្ដីបោះពុម្ពផ្សាយ អាស្រ័យដោយស្ថាប័នសមត្ថកិច្ចនានា និងស្ថាប័នសារព័ត៌មានដែលមានឈ្មោះបោះសំឡេងក្នុងប្រទេសបោះពុម្ពផ្សាយមានដូចៈ ទស្សនាវដ្តីជនជាតិ (គណៈកម្មាធិការជនជាតិ) ទស្សនាវដ្តីវប្បធម៌បណ្តាជនជាតិ (សមាគមអក្សរសិល្ប៍-វិចិត្រសិល្បៈបណ្តាជនជាតិវៀតណាម) បធានបទជនជាតិនិងតំបន់ភ្នំ (កាសែតមហាសាមគ្គី) បធានបទកុមារជនជាតិ (កាសែតធីវនៀងតៀងផុង) និងកាសែតកឹងធើភាសាខ្មែរ។ល។ មាមីងខ្មែរតែងឆ្លៀតពេលទៅវត្តអានកាសែត ក្តាប់បាននូវព័ត៌មានដ៏មានប្រយោជន៍ជាច្រើន ដើម្បីយកទៅអនុវត្តក្នុងភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព"។
នៅខេត្តបាកលីវ ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០១៤ ខេត្តបានផ្តល់ជូនកាសែតគ្រប់ប្រភេទជិត២១២.៦៥៦ច្បាប់ ដល់មុខសញ្ញាទាំងឡាយដូច បានពោលខាងលើ ដូចជាខេត្តកាម៉ាវ ក៏បានបោះពុម្ពផ្សាយជិត២៤ ផលិតផលកាសែត។ ប្រការនេះមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការ ក្តាប់ព័ត៌មានរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ តែថែមទាំងធានានូវគុណភាពព័ត៌មាន ព្រឹត្តិការណ៍បច្ចុប្បន្នភាពរបស់ប្រទេសជាតិលើគ្រប់វិស័យទៀតផង។ ព្រះតេជព្រះគុណតាំងសាវង្ស ព្រះចៅអធិការវត្តបុបា្ផរាម ភូមិកាយយ៉ា ឃុំហ៊ឹងហោយ ស្រុកវិញឡើយ ខេត្តបាកលីវ មានព្រះថេរដីកាៈ "បណ្តាកាសែតដែលបោះពុម្ពផ្សាយ បានជួយឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទយល់ដឹងអំពីគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ម្យ៉ាងទៀតបណ្តាកាសែតដែលចុះផ្សាយទាំងនោះ សុទ្ធតែជាអក្សរខ្មែរ បានជួយព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងសិក្សាបានស្វែងយល់ និងរៀនសូត្រអំពីវាក្យសព្ទបន្ថែម"។ រីឯកសិករយ័ញផល នៅភូមិកោះធំ ឃុំនិញថាញ់ឡើយ ស្រុកហុងយ៉ឹង ខេត្តបាកលីវ ឲ្យដឹងៈ "ក្រៅពីការយល់ដឹងអំពីច្បាប់ ខ្ញុំថែមទាំងរិះរកបាននូវវិធីសាស្រ្តល្អៗជាច្រើន ដើម្បីអនុវត្តក្នុងភាពជាក់ស្តែងមានដូចការចិញ្ចឹមបង្គានាគ ផលិតស្រូវជាដើម។
លោកស្រីត្រឹងធីហ្វារី ប្រធានគណៈជនជាតិខេត្តបាកលីវ ឲ្យដឹងៈ មានទម្រង់រូបភាពល្អៗ និងគំរូជនរួមជាតិខ្មែរជាច្រើនត្រូវបានឆ្លុះបញ្ចាំងប្រកបដោយលក្ខណៈជាក់ស្តែងលើទំព័រកាសែត។ ប្រការនេះបានបំផុសឡើងនូវចលនាប្រឡងប្រណាំងពលកម្ម បង្កបង្កើនផល ធ្វើអាជីវកម្មនៅនឹងភូមិភាគ។ រយៈពេលខាងមុខគណៈជនជាតិខេត្តនឹងសហការជាមួយបណ្តាស្ថាប័នសមត្ថកិច្ចភូមិភាគ បន្តការយកចិត្តទុកដាក់ក្នុងការផ្ដល់ជូននូវផលិតផលបោះពុម្ពកាសែតឲ្យបានទាន់ពេល ដើម្បីបម្រើតម្រូវការបង្ខិតជិតជាមួយនឹងព័ត៌មានរបស់ជនរួមជាតិខ្មែរនៅភូមិភាគ៕
ហឺវតុង-លីសៀ