06/05/2014 - 08:35

ជ័យជម្នះឌៀនបៀនភូ ក្រក្រើកផែនដី

ជ័យជម្នះនៃយុទ្ធនាការឌៀនបៀនភូ មាន​អត្ថន័យ​ជា​ប្រ​វត្តិ​សាស្រ្ត ដ៏​អស្ចារ្យ នោះ​គឺ​ការ​យក​ជ័យ​ជម្នះ​ក្នុង​សង្រ្គាម​ប្រ​ឆាំង​អា​ណា​និ​​គមបា​រាំង របស់​ប្រ​ជា​ជាតិ​វៀត​ណាម​។ ជ័យ​ជម្នះ ឌៀន​បៀន​ភូ មិន​ត្រឹម​តែ​នៅ​ប្រ​ទេស​វៀត​ណាម​ប៉ុណ្ណោះ​ទេ តែ​នៅ​ទាំង​​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ជន​ជាតិ​ទាំង​ឡាយ​នៅ​​បណ្តា​ប្រ​ទេស ដែល​នៅ​ក្រោម​អា​ណា​និគម​លើ​ពិ​ភព​លោក ក្រោក​ឈរ​ឡើង​ដណ្ដើម​ឯក​រាជ្យ។

ទង់ជ័យជម្នះ-ជារង្វាន់ដ៏ខ្ពង់ខ្ពស់របស់លោកប្រធានហូជីមិញ បក់រវិចលើដំបូលលេនដ្ឋាន  De Castri ។

បដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ ទទួលបានជោគជ័យមិនយូរប៉ុន្មាន កងទ័ពបារាំង ក៏ត្រឡប់មកលុកលុយប្រទេសវៀតណាមសាជាថ្មី ប្រជាជនវៀតណាមក៏បង្ខំចិត្តក្រោកឈរឡើង ដើម្បីប្រយុទ្ធប្រឆាំងសត្រូវក្រោម ការដឹកនាំរបស់បក្ស ពលកម្មវៀតណាម (បច្ចុប្បន្នជាបក្សកុម្មុយនិស្តវៀតណាម) អាស្រ័យដោយលោកប្រធានហូជីមីញជាស្ថាបនិក។ សង្រ្គាមប្រឆាំងកងទ័ពបារាំងរបស់ប្រជាជាតិវៀតណាមបានឈានចូលឆ្នាំទី៨ ។ នៅលើសមរភូមិកងទ័ពបារាំងបានឋិតក្នុងភាពការពារខ្លួន។ផ្តើមពីសេចក្តីសន្និដ្ឋានថា នឹងមិនអាចយកឈ្នះសង្រ្គាមនេះបានដូចទិសដៅដែលបានដាក់ចេញ បញ្ជាការដ្ឋានយោធាសឹកក្រៅប្រទេសរបស់បារាំងនៅឥណ្ឌូចិនបានដាក់ចេញផែនការណាវ៉ាសំដៅពង្រាបប្រទេសវៀតណាម  ក្នុងរយៈពេល១៨ខែ ដើម្បីឈានដល់ដំណោះស្រាយដោយកិច្ចព្រមព្រៀងមួយប្រកប ដោយប្រៀបខ្លាំង ដែលជាផលប្រយោជន៍របស់បារាំង។ ចំណែកខាងវៀតណាមទូទាំងសមរភូមិ ជាពិសេសនៅតំបន់ពាយ័ព្យ ភូមិភាគកណ្តាលតៃង្វៀង កងទ័ពនៃប្រទេសឡាវ កងទ័ពវៀតណាម បានវាយតបយ៉ាងប្តូរផ្តាច់បង្ខំឱ្យគូប្រជែង ត្រូវតែរំសាយកងកម្លាំងចល័ត ។

 យល់ច្បាស់ពីគំនិតយុទ្ធសាស្រ្តរបស់វៀតណាម បញ្ជាការដ្ឋានយោធាបារាំង បានបញ្ចេញកម្លាំងប្រមូលផ្តុំកងទ័ពកសាងល្អាងភ្នំឌៀនបៀនភូ ឲ្យ​ក្លាយជាសម្ពន្ធមូលដ្ឋានទ័ពដីខ្លាំងពូកែ ដើម្បី​អូសទាញទ័ពស្រួចនៃកងទ័ពវៀតណាមចូលក្នុង​សង្គ្រាម។ ជាទីតាំងឋិតនៅជ្រលងភ្នំដ៏ធំទូលាយជុំវិញសុទ្ធតែភ្នំថ្មកំបោរ នៅទិសពាយព្យនៃប្រទេសវៀតណាម ដូច្នេះ ឌៀនបៀនភូមានប្រៀបជាងខាងការពារ។ កងទ័ពបារាំងបានសាងសង់កំពែងជាច្រើន នៅពាសពេញផ្ទៃដីដ៏ធំទូលាយ មានទាំងព្រលានយន្តហោះ លេនដ្ឋានរូងសម្ងាត់ និងបង្កើតប្រព័ន្ធផ្លូវអាកាស។ល។ ជាមួយនឹងកងកម្លាំង មានដូចៈ កងវរសេនាតូច ថ្មើរជើង២១កង កងវរសេនាធំ កាំភ្លើងធំ៣កង (១០៥មីលីម៉ែត្រ២៤ដើម-១២០មីលីម៉ែត្រ ២០ ដើមនិង១៥៥ មីលីម៉ែត្រ៤ដើម) រថក្រោះមួយកង១០គ្រឿង កងទ័ពជើង អាកាសជំនួយកម្លាំងប្រយុទ្ធក្នុងមួយថ្ងៃពី១៥០ -២៥០ជើងហោះហើរ។ ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពខាងលើ កងទ័ពវៀតណាមបានប្រ មូលផ្តុំជាកម្លាំងយោធាយ៉ាងខ្លាំងក្លា មានដូចៈ កងពលធំថ្មើរជើង៣០៨, ៣១២, ៣១៦, កងវរសេនាធំថ្មើរជើង៥៧ នៃកងពលធំ៣០៤ រួមទាំង អង្គភាពទ័ពកាំភ្លើងធំ៧៥មីលីម៉ែត្រ ចំនួន១៥ដើមនិង៨២មីលីម៉ែត្រ៣៦ដើម កាំភ្លើងការពារអាកាស២៤មីលីម៉ែត្រ ២៤ដើម ១០៥មីលីម៉ែត្រ២៤ដើម និង១២០មីលីម៉ែត្រ១៦ដើម។

 ការិយាល័យនយោបាយ បក្សពលកម្មវៀតណាម សន្និដ្ឋានថាៈ នេះជាឱកាស ដើម្បីកំចាត់ខ្មាំងនិងសម្រេចចិត្តបើកយុទ្ធនាការវាយលុកសម្ពន្ធមូលដ្ឋានឌៀនបៀនភូ។ បន្ទាប់ពីការត្រៀមបម្រុងរាល់ការងាររួចស្រេច ថ្ងៃទី១៣ ខែមីនា  ឆ្នាំ១៩៥៤ កងទ័ពវៀតណាមបានបាញ់សម្រុកចូល បន្ទាត់ការពារខាងក្រៅនៅទីតាំងចំណុចខ្ពស់នានាដូចជា: ហីមឡាម ដុកឡឹបបាងកែវ។ ចាប់ពីថ្ងៃដំបូង បណ្តាកងវរសេនាធំ៤១, ២០៩ (កង ពលធំ៣១២) បានកំចាត់បណ្តុំមូលដ្ឋានហីមឡាម។ ថ្ងៃទី១៤ ខែមីនា បណ្តាកងវរសេនាធំ៨៨ (កងពលធំ៣០៨ ) និង១៦៥ (កងពលធំ៣១២) បានសហការកម្ទេចមូលដ្ឋានដុកឡឹប។ ថ្ងៃទី១៧ ខែមីនា កងវរសេនាធំ ៣៦ (កងពលធំ៣០៨) ធ្វើម្ចាស់ការនៅមូលដ្ឋានបាងកែវ។ ក្រោយពីរយៈកាល៥ថ្ងៃ កងទ័ពវៀត​ណាម​បានបោសសំ​អាតបន្ទាត់ការពារខាងក្រៅ បើកទ្វារចូលទៅកាន់​មជ្ឈមណ្ឌលការពារកម្ទេចនិងចាប់ខ្លួនកងទ័ពបារាំង ធ្វើសឹកក្រៅប្រទេសជាង២.០០០នាក់។

ចាប់ពីថ្ងៃទី៣០ ខែមីនា និងពេញមួយខែមេសា ឆ្នាំ១៩៥៤ កងទ័ពវៀតណាម និងបារាំងដណ្ដើមគ្នាទៅវិញទៅមកនូវរាល់តំបន់ដែលជាទីតាំងចំណុចខ្ពស់ ជាតំបន់មានអត្ថន័យដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រ សំដៅទប់ស្កាត់សាខាតំបន់នៃមជ្ឈ មណ្ឌលភ្នំ A1, C1 ។ នៅនាពាក់កណ្តាល ខែមេសា កងទ័ពវៀតណាមបានវាយលុកយកព្រលានយន្តហោះម៉ឿងថាញ់ កាត់ផ្តាច់ផ្លូវផ្គត់ផ្គង់សំខាន់បំផុតរបស់ខ្មាំង បណ្តាលឲ្យកងទ័ពបារាំងធ្លាក់ក្នុងសភាពដុនដាប កង្វះខាតសម្ភារៈ ថ្នាំសង្កូវ ស្លាប់និងរង របួសពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនធ្វើឲ្យទ័ពបារាំងមានការខ្លបខ្លាចជ្រួលច្របល់យ៉ាងខ្លាំង។

 តាមបញ្ជារបស់បញ្ជាការដ្ឋាននៃយុទ្ធនាការ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ ១៩៥៤ មកពីទិសទាំង៣ ទិសខាងកើត ខាងលិច និងទិសឦសាន  បណ្តាកងពលធំរបស់កងទ័ពវៀតណាម បានបើកយុទ្ធនាការព្រមៗគ្នា វាយសម្រុកជាលើកចុងក្រោយ ទៅលើមជ្ឈមណ្ឌលមូលដ្ឋានឌៀនបៀនភូ។ ចាប់ពីថ្ងៃទី១ ខែឧសភា កងពលធំ៣១៦ វាយយកភ្នំ C1 ។ ព្រឹកថ្ងៃទី៧ ឧសភាបោសសំអាតបណ្តាមូលដ្ឋានការពារដ៏រឹងមាំចុង ក្រោយរបស់កងទ័ពបារាំង គឺC2 ភ្នំA1  និង៥០៧។ ពេលរសៀលថ្ងៃទី៧ ខែឧសភា កងទ័ពវៀតណាម បានផ្តុំកម្លាំងវាយលុកជាទូទៅនៅទូទាំង សមរភូមិ។ លុះដល់ពេលរសៀលឌៀនបៀនភូ បានរំដោះទាំងស្រុង។ កងទ័ពវៀតណាមបានចាប់បង្ខាំងទាហានបារាំងនៅនឹងកន្លែង ជាងដប់ពាន់នាក់ និងចាប់ខ្លួនមេបញ្ជាការនៃសម្ពន្ធមូលដ្ឋានឌៀនបៀនភូទាំងអស់របស់កងទ័ពបារាំង ដែលដឹកនាំដោយមេបញ្ជាការ  De Castri ។ ជ័យជម្នះឌៀនបៀនភូ បានបញ្ចប់សង្រ្គាមដែលមានរយៈកាល៩ឆ្នាំ  ក្នុងការប្រឆាំងអាណានិគមបារាំងរបស់ប្រជាជនវៀតណាម ហើយក៏ជាជ័យជម្នះរួមរបស់ប្រជាជាតិទន់ខ្សោយលើពិភពលោក ក្នុងការតស៊ូ ដើម្បីដណ្ដើមឯករាជ្យនិងសេរីភាព។

 អស់រយៈកាលជាង៦០ឆ្នាំកន្លងផុតទៅ ប៉ុន្តែស្លាកស្នាមនៃជ័យជម្នះ ឌៀនបៀនភូ - ជ័យជម្នះមួយដ៏ល្បីរន្ទឺទូទាំងបញ្ចទ្វីបក្រក្រើក រំពើកផែនដីនៅតែឋិតនៅជានិច្ចក្នុងចិត្តប្រជាជាតិវៀត ណាម និងមិត្តភក្តិអន្តរជាតិ ។ ជ័យជម្នះ នេះបានបង្ហាញឱ្យឃើញនូវសច្ចធម៌នៃយុគមួយ "ប្រជាជាតិនីមួយៗ ថ្វីត្បិតតែទន់ខ្សោយ តូចតាច ប៉ុន្តែបើប្តេជ្ញាចិត្ត សាមគ្គី ប្រ​យុទ្ធប្រឆាំង និងមានម៌ាគា ត្រឹមត្រូវ​ គឺអាចនឹងយកឈ្នះលើចក្រពត្តិ​ណា​មួយជាពុំខាន"៕

ថាញផុង-វ៉ាន់តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឌៀនបៀនភូ