វប្បធម៌សិល្បៈម្ហូបអាហាររបស់ជនរួមជាតិខ្មែរតែងបានអ្នករាល់គ្នាដឹងឮជាយូរមកហើយជាមួយនឹងចំណីអាហារល្បីឈ្មោះជាច្រើនដូចជាប្រហុកនំបញ្ចុកទឹកសម្លជាដើម។ ថ្មីៗនេះមានអាហារម្យ៉ាងក្នុងចំណោមមុខអាហារដ៏ពិសេសរបស់ជនរួមជាតិខ្មែរនៅសុកត្រាំងនោះគឺនំអន្សមជ្រូកអំបុក។ ដោយប្រើអំបុកជំនួសឲ្យអង្ករដំណើបសឬដំណើបខ្មៅ ជនរួមជាតិខ្មែរនៅសុកត្រាំងបានវេចទៅជានំអន្សមម្យ៉ាងថ្មីចម្លែកខុសពីគេ។
អំបុកត្រូវបានឧទ្ទេសនាមក្នុងបណ្តាកម្មវិធីដាក់តាំងម្ហូបអាហារ
នំអន្សមជ្រូកអំបុកត្រូវបានវេចដោយស្លឹកចេកដូចនំអន្សមជ្រូកធម្មតាដែរប៉ុន្តែអាចដាក់ស្នូលផ្អែម (សណ្ដែកខៀវកិនម៉ត់លាយជាមួយនឹងស្ករ) ឬស្នូលប្រៃ(សណ្ដែកខៀវកិនម៉ត់លាយជាមួយនឹងសាច់ជ្រូកបីជាន់)។ នំអន្សមវែងប្រហែល៣០-៤០សង់ទីម៉ែត្រមានរង្វង់មូលប្រមាណ២៤-៣០សង់ទីម៉ែត្រ (នំតូចឬធំទៅតាមចំណង់ចំណូលចិត្តម្នាក់ៗ) ។ ដើម្បីវេចនំបែបនេះដំបូងបង្អស់ត្រូវមានអំបុកឈ្ងុយឆ្ងាញ់ថ្វាយព្រះចន្ទនិងវេចនំអន្សមជ្រូកក្នុងថ្ងៃពេញបូរមីខែកត្តិកជារៀងរាល់ឆ្នាំ។ ស្រូវដំណើបដែលបានព្រោះស្ទូងនិងប្រមូលផលក្នុងអំឡុងខែកត្តិកខណៈពេលស្រូវដំណើបនៅក្រហមកន្ទុយច្រូតកាត់យកមកបោកបែនរួចរាល់បន្ទាប់មកយកទៅលាងឲ្យជ្រះហើយដាក់ហាលមួយក្ដៅក៏អាចនឹងលីងដាល់ជាអំបុកបាន។ ស្រូវដំណើបក្រោយពីហាលបានមួយក្ដៅដាក់ទៅក្នុងឆ្នាំងដែកឬឆ្នាំងដីរក្សាភ្លើងនិងកូរឲ្យសព្វរហូតដល់ផ្ទុះរបេះរបោះទើបចាក់ទៅក្នុងត្បាល់។ ដំណាក់កាលដាល់អំបុកត្រូវការមនុស្ស២នាក់ដោយមានអង្រែពីរនិងឈើឆ្កៀសមួយ។ ដាល់អំបុកត្រូវដាល់ឲ្យរហ័សស្មើដើម្បីឲ្យអំបុកសំប៉ែតល្អនិងទាន់អំបែងដែលលីងជាបន្តទៀត។ ក្រោយពីអំបុកបានដាល់ស្មើរួចរាល់ក៏ចាក់ចូលទៅក្នុងល្អីរួចយកចង្អេររបែងអុំរែងឲ្យអស់ក្បាលអង្កាម។
អំបុកសក្បុសក្លិនក្រអូបស្រូវដំណើបទុំចំហាយទឹកដោះលាយជាមួយនឹងស្ករសដូងរលាក់ទឹកកោសជាសសៃល្អិតៗ និងសណ្ដែកខៀវស្ងោរឆ្អឹនសម្រាប់ធ្វើជាគ្រឿងផ្សំអំបុកឬក៏វេចជានំអន្សមជ្រូក (ស្នូលផ្អែម) សម្រាប់យកសែនថ្វាយព្រះខែដែលមានសគុណធ្វើឲ្យភ្លៀងខ្យល់ធ្លាក់ស្មើដំណាំផ្ដល់ផលកាក់កប។
ធម្មតាអំបុកក្នុងមួយគីឡូក្រាមអាចវេចនំអន្សមជ្រូកបានពី៣ដល់៤នំ។ របៀបវេចនំអន្សមជ្រូកអំបុកដូចវេចនំអន្សមជ្រូកធម្មតាដែរ។ គេក្រាលសន្លឹកចេកដែលលាងជ្រះលើថាសពីរឬបីជាន់រួចហើយចាក់អំបុកលើស្លឹកចេករំគាយឲ្យស្មើដាក់ស្នូលពីលើរួចខ្ចប់និងចងក្បាលនំសងខាងបន្ទាប់មកគេប្រើខ្សែរុនចងរឹតជាកង់ៗឲ្យជាប់មុននឹងដាក់ស្ងោរ។ បើប្រៀបជាមួយនឹងនំអន្សមជ្រូកប្រពៃណីដែលវេចដោយអង្ករដំណើបនោះគឺនំអន្សមជ្រូកវេចដោយអំបុកមានក្លិនឈ្ងុយឆ្ងាញ់និងល្មួតជាងជាពិសេសគឺកាត់បន្ថយបានពេលវេលាស្ងោរ (ប្រមាណពី៣/៤ម៉ោងគឺនំឆ្អិនហើយ) នំអន្សមជ្រូកអំបុកអាចនឹងរក្សាទុកបានពី៨ទៅ១០ថ្ងៃប្រិតសំចៃក្នុងការចំណាយអុសភ្លើងផងម្យ៉ាងសម្រាប់ធ្វើជាអំណោយផ្ញើទៅទីឆ្ងាយបានដោយងាយផង។
ក្នុងជីវភាពប្រចាំថ្ងៃរបស់មាមីងខ្មែរនំអន្សមជ្រូកបានក្លាយជាចំណីអាហារដ៏ស្និទ្ធស្នាលនិងចំណូលចិត្តទោះទៅទីណានិងនៅទីណាក៏ដោយគេអាចនឹងពិសាបានគ្រប់ពេលពិសេសគឺនៅពេលរវល់ពលពោតនឹងការងារស្រែចម្ការ។ ក្នុងជីវភាពវប្បធម៌នំអន្សមជ្រូកតែងផ្សារភ្ជាប់ជាមួយនឹងជីវភាពផ្លូវចិត្តប្រកបដោយលក្ខណៈនៃមនុស្សសាស្រ្តយ៉ាងជ្រាលជ្រៅគឺជាគ្រឿងតង្វាយដ៏ពិសេស។ ក្នុងពិធីអាពាហ៍ពិពាហ៍ប្រពៃណីរបស់ជនរួមជាតិខ្មែរដរាបណាក៏ដោយតែងរៀបចំដាក់សែននំអន្សមជ្រូកនៅលើទីសក្ការៈដ៏សមគួរ (ទីសក្ការៈជីដូនជីតា) ដោយប្រាថ្នាសូមឲ្យបានសេចក្ដីសុខសុភមង្គលកើតកើន។ នំអន្សមជ្រូកត្រូវបានវេចយកទៅវត្តប្រគេនលោកនិងសែនថ្វាយក្នុងពិធីបុណ្យដើម្បីសម្ដែងនូវការដឹងគុណចំពោះបុព្វការីជនគ្រប់ជំនាន់ដែលបានចិញ្ចឹមបីបាច់ថែរក្សាទូន្មានប្រៀនប្រដៅរួមចំណែកក្នុងការអប់រំកូនចៅឆ្ពោះទៅរកដើមកំណើតរបស់ជនជាតិខ្លួន៕
សឺនហុងយ៉ឹង-ពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។