ផ្តើមពីគ្រួសារមួយប្រកបរបរធ្វើស្រែជាចម្បង លោក តាំង រ៉ែន នៅភូមិតាមេម ឃុំតឹបស៊ើង ខេត្តវិញឡុង ហ៊ានវិនិយោគចិញ្ចឹមកន្ធាយ។ បន្ទាប់ពីចិញ្ចឹមសាកល្បងបានមួយរយៈ សង្កេតឃើញថាកន្ធាយងាយស្រួលថែទាំ មិនសូវមានជំងឺ និងមានទីផ្សារលក់ចេញលំនឹង គ្រួសារលោកក៏បានបន្តពង្រីកផ្ទៃដីចិញ្ចឹម ជាជំហានៗលើកកម្ពស់ប្រាក់ចំណូល ។


លោក តាំង រ៉ែន ពិនិត្យមើលស្រះចិញ្ចឹមកន្ធាយ។
កាលពីមុន គ្រួសារលោកប្រកបរបរធ្វើស្រែជាចម្បង។ ក្នុងឱកាសទៅទស្សនានិងរៀនសូត្របទពិសោធន៍ពីទម្រង់ ចិញ្ចឹមកន្ធាយនៅក្រុងកឹងធើ ដោយឃើញថាលក្ខណៈចិញ្ចឹមនេះសមស្របជាមួយគ្រួសារ ហើយកន្ធាយមានតម្លៃសេដ្ឋកិច្ច និងទីផ្សារប្រើប្រាស់លំនឹង គាត់ក៏បានសម្រេចចិត្តទិញកូនពូជមកចិញ្ចឹមសាកល្បង។ ដំបូងឡើយ គ្រួសារលោកបានវិនិយោគស្រះចិញ្ចេមមានផ្ទៃដីប្រមាន ៣០០ ម៉ែត្រការ៉េ។ បន្ទាប់ពីចិញ្ចឹមបានមួយរយៈ ដោយឃើញកន្ធាយលូតលាស់ល្អ មិនសូវខូចខាត ហើយមិនបាច់ចំណាយកម្លាំងថែទាំច្រើន គាត់ក៏បានបន្តពង្រីកផ្ទៃដីឡើងប្រមាណ ៩០០ ម៉ែត្រការ៉េ ដោយបែងចែកជា ៣ ស្រះ ដើម្បីងាយស្រួលក្នុងការថែទាំ តាមដាននិងបែងចែកប្រភេទកន្ធាយ។ កន្ធាយណាដែលធំដល់ទម្ងន់គឺប្រមូលផល លក់មុន ចំណែកកន្ធាយតូចៗគឺចិញ្ចឹមបន្តរហូតដល់ទំហំសមស្រប។
តាមបទពិសោធន៍របស់លោក កន្ធាយចំណាយពេលចិញ្ចឹមប្រហែលពី ១,៥ ទៅ ២ ឆ្នាំ ទើបមានទម្ងន់អាច ប្រមូលផលបាន។ ក្នុងដំណើរការចិញ្ចឹម កន្ធាយណាដែលគ្រប់ទំហំគឺចាប់លក់ ហើយកន្ធាយនៅតូចគឺចិញ្ចឹមបន្តរហូតដល់គ្រប់ទម្ងន់។ តម្លៃកន្ធាយអាស្រ័យទៅតាមប្រភេទ និងដំណាក់កាលនីមួយៗ តម្លៃឡើងចុះពី ២០០.០០០ ដល់ ៤០០.០០០ ដុង/គីឡូក្រាម ជួនកាលតម្លៃខ្ពស់ជាងនេះក៏សឹងមាន។ បន្ទាប់ពីប្រមូលផល ផលិតផលភាគច្រើនបានឈ្មួញមកទិញដល់ផ្ទះ ដើម្បីផ្គត់ផ្គង់ឱ្យភោជនីយដ្ឋាន និងអង្គភាពមួយចំនួនដែលបម្រើទីផ្សារនាំចេញ។ អាស្រ័យមានទីផ្សារលក់ចេញលំនឹង គ្រួសារលោកក៏ស្ងប់ចិត្តរក្សាទម្រង់ចិញ្ចឹមនេះរហូតមក។ ក្រៅពីនេះ ការចិញ្ចឹមកន្ធាយគឺងាយស្រួលថែទាំ មិនសូវមានជំងឺ និងអត្រាខូចខាតទាប។ ចំណីចម្បងគឺត្រីល្អិតនៅផ្សារ។ រៀងរាល់ថ្ងៃ គ្រួសារទិញបរិមាណត្រីល្មមគ្រប់ បន្ទាប់មកកិនឱ្យម៉ត់ ហើយឱ្យកន្ធាយស៊ី ២ ដង/ថ្ងៃ។ ការដែលទិញចំណីល្មមគ្រប់ក្នុងមួយថ្ងៃ ជួយឱ្យចំណីនៅស្រស់ បន្ថយការសេសសល់ ខូចនិងបន្ថយការចំណាយ។ ទន្ទឹមនឹងនោះ អ្នកចិញ្ចឹមត្រូវឧស្សាហ៍ពិនិត្យប្រភពទឹក តាមដានសុខភាពកន្ធាយ និងផ្លាស់ទឹកតាមកាលកំណត់ ដើម្បីរក្សាបរិស្ថានស្រះឱ្យស្អាត ជួយឱ្យកន្ធាយលូតលាស់បានល្អ។

លោក តាំង រ៉ែន រីករាយក្បែរស្រះចិញ្ចឹមកន្ធាយដែលត្រៀមប្រមូលផល។
តាមរយៈការចិញ្ចឹម លោកសង្កេតឃើញថាកន្ធាយមិនសូវកើតជំងឺទេ។ ថ្វីដ្បិតតែដូច្នោះ ប្រសិនបើលក្ខណៈទឹកមិនធានា ឬការថែទាំមិនត្រឹមត្រូវ កន្ធាយអាចកើតជំងឺស្រែងលើស្បែក។ នៅពេលជួបប្រទះ លោកក៏បានដោះស្រាយដោយប្រើថ្នាំសមស្របច្របល់ចូលក្នុងចំណី ផ្គួបផ្សំនឹងការផ្លាស់ទឹកដើម្បីកាត់បន្ថយជំងឺ។ អាស្រ័យតាមដានជាប្រចាំ និងចាត់វិធានការបានទាន់ពេលនៅពេលមានសញ្ញាមិនប្រក្រតី ទើបកន្ធាយលូតលាស់ល្អ និងមិនសូវមានការខូចខាត។ តាមលោក តាំងរ៉ែន ថ្មីដ្បិតែកន្ធាយចិញ្ចឹមរយៈពេលយូរក៏ពិតមែន ប៉ុន្តែនេះជាទម្រង់មិនទាមទារកម្លាំងថែទាំច្រើន។ នេះក៏ជាចំណុចងាយស្រួលសម្រាប់គ្រួសារណាដែលធ្វើស្រែផង និងអភិវឌ្ឍបន្ថែមទម្រង់សេដ្ឋកិច្ចផង។ ក្នុងអំឡុងពេលចិញ្ចឹម គ្រួសារនៅតែអាចធ្វើស្រែ ដាំដុះ និងធ្វើការងារផ្សេងៗទៀតបាន ដោយមិនប៉ះពាល់ច្រើនដល់ការថែទាំកន្ធាយឡើយ។ “ចិញ្ចឹមកន្ធាយប្រើពេលយូរ ប៉ុន្តែមិនសូវបង់កម្លាំងថែទាំ ប្រសិនបើតម្លៃលក់ចេញលំនឹងនៅតែនាំមកនូវប្រាក់ចំណូលបង្គួរសម្រាប់គ្រួសារ។ ប្រសិនបើមានលក្ខណៈពង្រីកផ្ទៃដី និងបង្កើនចំនួនចិញ្ចឹម ប្រសិទ្ធភាពសេដ្ឋកិច្ចនឹងកាន់តែខ្ពស់” លោកបានចែករំលែកដូច្នេះ៖។
ផ្តើមពីប្រសិទ្ធភាពជំហានដំបូង ទម្រង់ចិញ្ចឹមកន្ធាយបានជួយឱ្យគ្រួសារមានប្រាក់ចំណូលបន្ថែមក្រៅពីការធ្វើស្រែ។ ការទាញយកផលពីផ្ទៃស្រះដែលមានស្រាប់ដើម្បីចិញ្ចឹមកន្ធាយ ផ្គួបផ្សំជាមួយនឹងការផលិតកសិកម្ម បានជួយឱ្យគ្រួសាររកបានប្រាក់ចំណូលបន្ថែម និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដី។ ទម្រង់នេះក៏បង្ហាញពីទិសដៅផ្លាស់ប្តូរការផលិតដែលសមស្របសម្រាប់គ្រួសារមានដីមានផ្ទៃទឹក រួមចំណែកបង្កើតជម្រើសបន្ថែមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនៅភូមិភាគ៕
ទីទុយ - វ៉ាន់តឹន