ផ្ទះមហាសាមគ្គីបានសាងសង់ឡើង គឺជាអំណោយពោរពេញដោយមនោសញ្ចេតនា បានមកពីប្រភពធនធានចលនាក្នុងសង្គម កំពុងជួយដល់គ្រួសារជាច្រើនដែលមានស្ថានភាពលំបាកនៅឃុំឡុងភូ ទីក្រុងកឹងធើ ឱ្យមានកន្លែងរស់នៅស្ថិរភាព មានក្តីទំនុកចិត្តឈានឡើងក្នុងជីវភាព។
*ក្តីរីករាយក្នុងផ្ទះថ្មី
ក្តីរីករាយបានបង្ហាញច្បាស់លើទឹកមុខរបស់លោកថាច់មី នៅភូមិទឹកប្រៃ១ ឃុំឡុងភូ ទីក្រុងកឹងធើ ពេលឈរនៅក្នុងផ្ទះថ្មីដែលនៅជាប់ក្លិនកំបោរ។ ចំពោះគ្រួសារលោកថាច់មី នេះជាបំណងប្រាថ្នាដ៏សែនឆ្ងាយ ក្រោយពីជាច្រើនឆ្នាំធ្វើការឈ្នួល សេដ្ឋកិច្ចគ្រួសារមិនទាន់លំនឹង។ តាមពាក្យលោកថាច់មី ពីមុនជីវភាពលំបាក ប្តីប្រពន្ធលោកធ្វើការឈ្នួល ដូចជា៖ បាញ់ថ្នាំ ព្រោះស្រូវ ដកស្មៅ... រហូតដល់អ្នកណាជួលអ្វីធ្វើនោះ។ ចំណូលគ្រាន់តែគ្រប់ចាយវាយសម្រាប់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ គ្មានសេសសល់ដើម្បីជួសជុល សាងសង់ផ្ទះទេ។ ផ្ទះចាស់ទ្រុឌទ្រោមណាស់ ដំបូលស្រក់ សសរពុកអស់ រាល់ពេលភ្លៀងខ្លាំងគ្រួសារតែងព្រួយបារម្ភ។ បច្ចុប្បន្ន ពេលអាយុច្រើន សុខភាពថយចុះ ជើងឈឺធ្វើឱ្យលោកមិនអាចទៅធ្វើការបានដូចមុនទៀត។ ក្នុងពេលជួបការលំបាក គ្រួសាររបស់លោកបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូនិងសប្បុរសជន ជំនួយ៦០លានដុង ដើម្បីសាងសង់ផ្ទះថ្មី។ លោកថាច់មី និយាយដោយអារម្មណ៍រំជើបរំជួល៖ "តាំងពីមុនមក ខ្ញុំរស់នៅដោយធ្វើការឈ្នួល ធ្វើបានប៉ុន្មានហូបអស់ប៉ុណ្ណឹង គ្មានសន្សំបានប្រាក់ជួសជុលផ្ទះឡើងវិញទេ។ រស់នៅក្នុងផ្ទះទ្រុឌទ្រោម ភ្លៀងខ្លាំងស្រក់ពាសពេញ សសរផ្ទះក៏ពុកអស់។ ឥឡូវបានរណសិរ្សជួយសង់ផ្ទះថ្មីឱ្យស្អាតបាត ខ្ញុំសប្បាយចិត្តខ្លាំងណាស់!"។

រដ្ឋអំណាចភូមិភាគនិងសប្បុរសជនប្រគល់ផ្ទះដល់គ្រួសារក្រីក្រនៅឃុំឡុងភូ។
មិនឆ្ងាយពីនោះ លោកយាយ ថាច់ធីភឿង អាយុ៨៦ឆ្នាំ នៅភូមិទឹកប្រៃ២ ក៏កំពុងមានក្តីរីករាយនៅក្នុងផ្ទះថ្មីដែរ។ រស់នៅតែម្នាក់ឯង អាយុច្រើន កូនចៅទៅធ្វើកម្មករឆ្ងាយ លោកយាយភឿង គ្មានលទ្ធភាពសាងសង់ផ្ទះឡើងវិញ។ បានរណសិរ្សឃុំនិងសប្បុរសជនជំនួយ លោកយាយមានផ្ទះថ្មីរឹងមាំដើម្បីរស់នៅក្នុងវ័យចាស់។ ផ្ទះមិនត្រឹមតែការពារភ្លៀងក្តៅប៉ុណ្ណោះទេ ថែមទាំងជួយឱ្យលោកយាយលែងព្រួយបារម្ភរាល់ពេលភ្លៀងខ្យល់ខ្លាំង។ លោកយាយភឿង និយាយ៖ "ខ្ញុំរស់នៅតែម្នាក់ឯង កូនចៅទៅធ្វើកម្មករឆ្ងាយអស់ ដូច្នេះពេលបានរដ្ឋអំណាចផ្តល់ប្រាក់សង់ឱ្យផ្ទះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់! ឥឡូវមានផ្ទះថ្មីនៅ ខ្ញុំលែងព្រួយបារម្ភរាល់ពេលភ្លៀងខ្យល់ហើយ នៅថ្ងៃបុណ្យទានកូនចៅត្រឡប់មកក៏មានផ្ទះសមរម្យមូលជុំគ្នា"។
*រួមកម្លាំងគិតគូរដល់អ្នកក្រ
ឡុងភូជាឃុំមានជនជាតិខ្មែររស់នៅច្រើន ច្រើនឆ្នាំកន្លង ការងារយកចិត្តទុកដាក់គិតគូរដល់សុខុមាលភាពសង្គម ជាពិសេសគឺជំនួយដល់គ្រួសារក្រ គ្រួសារមានស្ថានភាពលំបាកនិងគ្រួសារខ្មែរជួបការលំបាកអំពីលំនៅឋាន តែងបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំកំណត់ជាភារកិច្ចដ៏សំខាន់មួយ។ ដើម្បីមានប្រភពធនធានគិតគូរចំពោះប្រជាជន រណសិរ្សឃុំបានពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋអំណាច អាជីវកម្ម អង្គការ បុគ្គលនិងសប្បុរសជន។ ចាប់ពីការពិនិត្យឡើងវិញ ក្តាប់ច្បាស់ស្ថានភាពគ្រួសារនីមួយៗ ប្រភពជំនួយត្រូវបានផ្តល់ជូនចំមុខសញ្ញា រួមចំណែកដោះស្រាយតម្រូវការជាក់ស្តែងរបស់ប្រជាជន។ លោកស្រី ត្រឹងធីថាញហាំង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ឱ្យដឹង៖ "ផ្អែកលើមូលដ្ឋាននៃការពិនិត្យឡើងវិញ ក្តាប់ច្បាស់ស្ថានភាពគ្រួសារនីមួយៗ រណសិរ្សឃុំសហការជាមួយរដ្ឋអំណាច អង្គការនយោបាយ-សង្គម គណៈការងាររណសិរ្សនៅភូមិនានានិងអង្គការ បុគ្គល អាជីវកម្ម សប្បុរសជនដើម្បីកៀរគរប្រភពធនធានគិតគូរចំពោះប្រជាជន"។

ផ្ទះថ្មីរបស់លោកថាច់មី។
តាមប្រសាសន៍លោកស្រីហាំង ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ រណសិរ្សឃុំបានកៀរគរសាងសង់ផ្ទះសាមគ្គីបានចំនួន៤១ខ្នង អាទិភាពផ្តល់ជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារមានស្ថានភាពលំបាកខ្លាំងនិងគ្រួសារជនជាតិខ្មែរជួបការលំបាកអំពីលំនៅឋាន។ ទិសដៅគឺជួយប្រជាជនមានផ្ទះសម្បែងរស់នៅស្ថិរភាព ស្ងប់ចិត្តពលកម្មផលិត ជាជំហានៗឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ជាមួយនឹងការជំនួយលំនៅឋាន រហូតដល់សព្វថ្ងៃ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូនៅទាំងសហការកៀរគរប្រភពធនធាននានាប្រគល់ជូនអំណោយជាង៣.០០០ចំណែកដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារមានស្ថានភាពជួបការលំបាក មុខសញ្ញាងាយរងគ្រោះ; ទន្ទឹមនឹងនោះក៏បានប្រគល់ជូនអាហារូបករណ៍ សម្ភារៈសិក្សា កង់និងអំណោយដល់សិស្សានុសិស្សក្រីក្រ...ដោយទឹកប្រាក់សរុបជាង១,៥ពាន់លានដុង។
ចាប់ពីផ្ទះដែលបានសាងសង់ថ្មី រហូតដល់អំណោយពោរពេញដោយមនោសញ្ចេតនា កិច្ចការសង្គមូបនីយកម្មនៅឡុងភូកំពុងរួមចំណែកបង្កទីបង្អែកសម្រាប់ប្រជាជនដែលនៅជួបការលំបាក។ តាមរយៈនោះ ស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងសហគមន៍បន្តបានសាយភាយ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពទិសដៅ "មិនទុកនរណាម្នាក់ឱ្យនៅពីក្រោយ"៕
លីធាន - សុផន