(អ.ឡ) - ដោយប្រពៃណីបដិវត្តន៍ដ៏រុងរឿង ក្រោមការដឹកនាំយ៉ាងជិតដិតរបស់គណៈកម្មាធិការបក្សទីក្រុង ការដឹកនាំប្រកបដោយភាពស្វាហាប់ ច្នៃប្រតិដ្ឋរបស់រដ្ឋអំណាច ព្រមទាំងការរួមកម្លាំងកាយចិត្តរបស់សហគមន៍អាជីវកម្មនិងទូទាំងប្រជាជន ទីក្រុងកឹងធើនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខ។
នៅព្រឹកថ្ងៃទី ២៨ ខែសីហា គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានចាត់តាំងយ៉ាងឱឡារិកពិធីជួបជុំរំលឹកខួបអនុស្សាវរីយ៍ ៨១ ឆ្នាំ បដិវត្តន៍ខែសីហាទទួលបានជោគជ័យ (១៩/៨/១៩៤៥ - ១៩/៨/២០២៦) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៦)។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ និងអ្នកតំណាងចូលរួម ធ្វើពិធីគោរពទង់ជាតិ។
អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកឡេវ៉ាំងថាញ់ អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម; លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; ព្រមទាំងអតីតថ្នាក់ដឹកនាំទីក្រុងកឹងធើ ខេត្តកឹងធើ ខេត្តហូវយ៉ាង និងខេត្តសុកត្រាំង គ្រប់អាណត្តិកាល; អនុលេខាគណៈកម្មាធិការបក្សទីក្រុងគ្រប់រូប; វីរមាតាវៀតណាម វីរកងកម្លាំងប្រដាប់អាវុធប្រជាជន និងវីរពលកម្ម; នាយទាហានជាន់ខ្ពស់ដែលបានចូលនិវត្តន៍និងកំពុងរស់នៅក្នុងទីក្រុង; បណ្តាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង និងសមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុង; ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គការនយោបាយ-សង្គម និងភូមិភាគនានាក្នុងទីក្រុង ព្រមទាំងកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ និងយុទ្ធជនកងកម្លាំងប្រដាប់អាវុធទីក្រុងជាច្រើនរូប។

ថ្លែងការណ៍ក្នុងពិធីជួបជុំ លោកទ្រឿងកាញ់ត្វៀង បានសង្កត់ធ្ងន់៖ កាលពី ៨១ ឆ្នាំមុន ក្រោមការដឹកនាំរបស់បក្សនិងលោកប្រធាន ហូជីមិញ ប្រជាជនយើងបានរួមគ្នាក្រោកឈរឡើងធ្វើឱ្យបដិវត្តន៍ខែសីហាទទួលបានជោគជ័យដ៏មហិមា ដណ្តើមអំណាចមកជូនប្រជាជន និងនាំជនជាតិវៀតណាមឈានចូលយុគសម័យថ្មី គឺយុគសម័យឯករាជ្យជាតិភ្ជាប់នឹងសង្គមនិយម។
នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌិញជាប្រវត្តិសាស្ត្រ លោកប្រធាន ហូជីមិញ បានជំនួសមុខរដ្ឋាភិបាលបណ្តោះអាសន្ន បានអានសេចក្តីប្រកាសឯករាជ្យ ដោយប្រកាសយ៉ាងឱឡារិកចំពោះប្រជាជាតិវៀតណាម និងពិភពលោកទាំងមូលថា៖ "ប្រទេសវៀតណាមមានសិទ្ធិទទួលបានសេរីភាពនិងឯករាជ្យ ហើយការពិតបានក្លាយជាប្រទេសមួយដែលមានសេរីភាពនិងឯករាជ្យ"។

លោកដោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ប្រគល់គ្រឿងឥស្សរិយយសបក្សជូនបក្ខជន។
នៅទីក្រុងកឹងធើ នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩៤៥ មានប្រជាជនជាង ២០.០០០ នាក់ នៅទីរួមខេត្តកឹងធើ និងបណ្តាខណ្ឌស្រុកនានា បានប្រមូលផ្តុំគ្នាបង្ហាញកម្លាំងនិងដណ្តើមអំណាចមកជូនប្រជាជន។ ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ គឺថ្ងៃទី ២៦ និង ២៧ ខែសីហា ឆ្នាំ ១៩៤៥ រដ្ឋអំណាចបដិវត្តន៍ត្រូវបានបង្កើតឡើងនៅលើភូមិឋានខេត្ត។ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៤៥ គណៈកម្មាធិការរដ្ឋបាលណាមបូ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការប្រជាជនខេត្តកឹងធើ អាស្រ័យលោកត្រឹងវ៉ាំងខែវ ធ្វើជាប្រធាន - នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងដំណើរការកសាងរដ្ឋអំណាចបដិវត្តន៍នៅណាមបូ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានសង្កត់ធ្ងន់ ការទទួលខុសត្រូវរបស់ជំនាន់បច្ចុប្បន្ន មិនត្រឹមតែជាការថែរក្សាសមិទ្ធផលដែលសម្រេចបាននោះទេ ប៉ុន្តែត្រូវបន្តការលើកកម្ពស់ កែទម្រង់និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីប្រគល់ជូនជំនាន់ក្រោយនូវទីក្រុងកឹងធើដែលកាន់តែស្រស់ស្អាត។ កត្តានេះបានដាក់ចេញនូវតម្រូវការយ៉ាងច្បាស់សម្រាប់ទីក្រុង គឺលំហអភិវឌ្ឍន៍ថ្មី ត្រូវដើរទន្ទឹមជាមួយគំនិតថ្មី; គំនិតថ្មី ត្រូវដើរទន្ទឹមជាមួយវិធីធ្វើការថ្មី; ហើយវិធីធ្វើការថ្មី ត្រូវបង្កើតលទ្ធផលជាក់ស្តែង ជូនប្រជាជននិងអាជីវកម្ម។
ក្នុងប៉ុន្មានខែនាដើមឆ្នាំ ២០២៦ ទីក្រុងសម្រេចបានលទ្ធផលមួយចំនួនគួរជាទីមោទនៈ។ សេដ្ឋកិច្ចបន្តរក្សាបានសន្ទុះកំណើន; ផលិតផលក្នុងស្រុកសរុប (GRDP) ប៉ាន់ស្មានកើនឡើង ៦,៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន; ទំហំសេដ្ឋកិច្ចប៉ាន់ស្មានសម្រេចបានជាង ១៥៦.០០០ ពាន់លានដុង។ វិស័យពាណិជ្ជកម្ម សេវាកម្ម ការនាំចេញ និងទេសចរណ៍ នៅតែបន្តមានកំណើនបង្គួរ; វិស័យវប្បធម៌និងសង្គម ត្រូវបានយកចិត្តទុកដាក់; ការការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ត្រូវបានរក្សាខ្ជាប់។


ថ្នាក់ដឹកនាំទីក្រុងកឹងធើ ប្រគល់គ្រឿងឥស្សរិយយសបក្សជូនបក្ខជន។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានសំណូមពរឱ្យគ្រប់ថ្នាក់ គ្រប់ផ្នែកនិងប្រជាជនក្នុងទីក្រុង បន្តការបញ្ជ្រាបឱ្យបានស៊ីជម្រៅ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍និងសេចក្តីសម្រេចចិត្តរបស់មជ្ឈិម ព្រមទាំងសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០។ ត្រូវបំប្លែងសេចក្តីសម្រេចចិត្តទាំងនេះ ទៅជាកម្មវិធី ផែនការ និងលទ្ធផលជាក់ស្តែងក្នុងការអនុវត្ត។ ក្នុងនោះ ត្រូវផ្តោតលើការទាញយកប្រសិទ្ធភាពពីសក្តានុភាព ឧត្តមភាពនៃលំហអភិវឌ្ឍន៍ថ្មី; ជំរុញកំណើនសេដ្ឋកិច្ច ដោះស្រាយការលំបាកជូនអាជីវកម្ម និងពន្លឿនល្បឿនដំណើរការនៃសំណង់និងគម្រោងសំខាន់ៗ; អភិវឌ្ឍយ៉ាងខ្លាំងក្លានូវវិស័យពាណិជ្ជកម្ម សេវាកម្ម ភស្តុភារកម្ម ឧស្សាហកម្មកែច្នៃ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល; ប្តេជ្ញាចិត្តសម្រេចឱ្យបានអត្រាកំណើន ១០% ឡើងទៅនៅចុងឆ្នាំ ២០២៦...។

ឈុតសម្តែងសិល្បៈក្នុងពិធីជួបជុំ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង មានជំនឿជឿជាក់ថា ជាមួយប្រពៃណីបដិវត្តន៍ដ៏រុងរឿង ការដឹកនាំជិតដិតរបស់គណៈកម្មាធិការបក្សទីក្រុង ការគ្រប់គ្រងប្រកបដោយភាពស្វាហាប់ និងច្នៃប្រតិដ្ឋរបស់រដ្ឋអំណាច ព្រមទាំងការរួមកម្លាំងកាយចិត្តរបស់សហគមន៍អាជីវកម្ម និងទូទាំងប្រជាជនទាំងមូល ទីក្រុងកឹងធើ ប្រាកដជាបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខ។
ក្នុងពិធីខួបអនុស្សាវរីយ៍នេះ ថ្នាក់ដឹកនាំទីក្រុង បានប្រគល់គ្រឿងឥស្សរិយយសបក្សជូនបក្ខជនដែលមានអាយុបក្ស ៦៥ឆ្នាំ ៦០ឆ្នាំ ៥៥ឆ្នាំ ៥០ឆ្នាំ ៤៥ឆ្នាំ ៤០ឆ្នាំ ៣៥ឆ្នាំ និង ៣០ឆ្នាំ ដល់បក្ខជន ២៧ រូប។

លោកលឺថាញ់ដុង បក្ខជនដែលទទួលគ្រឿងឥស្សរិយយសសម្រាប់បក្ខជន មានអាយុបក្ស ៤០ឆ្នាំ បានថ្លែងចំណាប់អារម្មណ៍តំណាងឱ្យបក្ខជនទាំង ២៧រូប ដែលទទួលគ្រឿងឥស្សរិយយសបក្ស។

មិត្ត វ៉ូវម៉ាយខាញ់លិញ និស្សិតឆ្នើម ៥ ល្អ របស់សាកលវិទ្យាល័យកឹងធើ តំណាងឱ្យយុវជនទីក្រុងថ្លែងចំណាប់អារម្មណ៍ក្នុងពិធីជួបជុំ។
ក្នុងពិធីជួបជុំនេះ អ្នកតំណាងគ្រប់រូបបានទស្សនានិងរីករាយជាមួយការសម្តែងសិល្បៈ ដែលមានខ្លឹមសារស្ងើចសរសើរបក្ស លោកប្រធាន ហូជីមិញ មាតុភូមិនិងប្រទេសជាតិ ដែលសម្តែងដោយសិល្បករ-សីល្បការិនីក្រុមសិល្បៈល្ខោនកៃលឿងតៃដូ, យោធភូមិភាគទី៩, ទីក្រុងហូជីមិញ... ចូលរួមសម្តែង៕
អាញយុង - ពេជ្រសឿន