ជាមួយនឹងរយៈពេលជាង ៣៧ ឆ្នាំនៃការបួសរៀន ព្រះតេជព្រះគុណ គឹមធឿ ព្រះចៅអធិការវត្ត គោបាលនិគ្រោធ (ផ្នោព្រាល) ភូមិយ៉ុងចាញ់ ឃុំឡុងហ៊ីប ខេត្តវិញឡុង បានលះបង់អស់ពីព្រះទ័យដើម្បីសាសនា និងសង្គម។ មិនត្រឹមតែគិតគូរដល់ការងារបួសរៀនរបស់ព្រះសង្ឃ និងកូនចៅខ្មែរ ជួយឧបត្ថម្ភគ្រួសារក្រីក្រជាច្រើនឱ្យឆ្លងផុតការលំបាកប៉ុណ្ណោះទេ ព្រះអង្គនៅទាំងមិនបង្អង់រៀនសូត្រ និងធ្វើតាមឥរិយាបថនិងសីលធម៌ហូជីមិញ ទន្ទឹមនឹងនោះតែងឃោសនាផ្សព្វផ្សាយជាប្រចាំ លើកកម្ពស់ការយល់ដឹងរបស់ពុទ្ធបរិស័ទអំពីកម្មវិធីគោលដៅជាតិកសាងជនបទថ្មី បំផុសចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅទីប្រជុំជន”។

ព្រះតេជគុណ គឹម ធឿ ព្រះចៅអធិការវត្តផ្នោព្រាល។
ឆ្នាំ ១៩៨៩ ព្រះតេជគុណ គឹមធឿ បានសុំចូលវត្តផ្នោព្រាល ដើម្បីបួសរៀនក្នុងគោលបំណងសងគុណឪពុកម្តាយ។ ក្នុងដំណាក់កាលបួសរៀន ព្រះអង្គបានឧស្សាហ៍ព្យាយាមរៀនសូត្រ រៀនអក្សរជាមួយព្រះសង្ឃនានា ទន្ទឹមនឹងនោះ ក៏បានចូលរួមក្នុងគណៈកម្មការវត្ត គិតគូរដល់ការកសាងវត្ត ចលនាមាមីងអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ឆ្នាំ ១៩៩៣ ព្រះអង្គបានគណៈកម្មការវត្ត និងមាមីងពុទ្ធបរិស័ទទុកចិត្ត បោះឆ្នោតជ្រើសតាំងជាព្រះចៅអធិការវត្តគោបាលនិគ្រោធ(ផ្នោព្រាល) រហូតមកដល់បច្ចុប្បន្ន។
នៅពេលទទួលភារកិច្ចជាព្រះចៅអធិការ ព្រះតេជគុណ គឹមធឿ បានកសាងសាលាទាន ក្លោងទ្វារវត្ត ជួសជុលព្រះវិហារ កសាងឈាបនដ្ឋាន និងរបងវត្ត។ ក្រៅពីនោះ ព្រះអង្គនៅទាំងចលនាមាមីងពុទ្ធបរិស័ទ និងសប្បុរសជនក្នុងនិងក្រៅខេត្ត កសាងផ្លូវបេតុង។ ដោយឡែកវត្តផ្នោព្រាល ព្រះតេជគុណ និងគណៈកម្មការវត្ត បរិច្ចាគដីទំហំ ២២០ ម៉ែត្រការ៉េ ដើម្បីកសាងផ្លូវបេតុងដែលមានតម្លៃ ២៥០ លានដុង ទន្ទឹមនឹងនោះ បានជូនអំណោយដល់អ្នកក្រ និងសិស្សានុសិស្សក្រីក្រសង្វាតរៀនសូត្រ ជាមធ្យមជាង ៥០ លានដុង ក្នុងមួយឆ្នាំ។ ព្រះតេជគុណ គឹម ធឿ ចែករំលែក៖ “រយៈពេលកន្លង បណ្តាគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋយើងក្នុងការគិតគូរដល់ជនរួមជាតិខ្មែរ គឺបានល្អណាស់។ មាមីងខ្មែរមានផ្ទះសម្បែង កូនចៅបានទៅរៀនសូត្រងាយស្រួល។ បច្ចុប្បន្ន អាត្មាភាពកំពុងសហការជាមួយរដ្ឋអំណាចភូមិភាគ សកម្មចលនាមាមីងកសាងរបៀបរស់នៅដោយអរិយធម៌។ នាពេលខាងមុខ អាត្មា នឹងបន្តពង្រីកថែមទៀតនូវស្នាដៃដែលសម្រេចបាន ដើម្បីរក្សាសកម្មភាព “រៀនសូត្រ និងធ្វើតាមឥរិយាបថសីលធម៌ហូជីមិញ”។

ព្រះតេជគុណ គឹមធឿ ផ្ដោះប្តូរយោបល់ជាមួយគណៈកម្មការវត្តផ្នោព្រាល។
ជាមួយនឹងប្រិយភាពខ្ពស់នៅឃុំឡុងហ៊ីប ព្រះតេជគុណ គឹម ធឿ តែងតែសហការជាប្រចាំជាមួយរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទឱ្យប្រតិបត្តិតាមគោលការណ៍របស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ ជំរុញទឹកចិត្តឱ្យអ្នកគ្រប់គ្នាឧស្សាហ៍ពលកម្ម។ ទន្ទឹមនឹងនោះ ព្រះអង្គក៏បានចូលរួមក្នុងសកម្មភាពសង្គមមនុស្សធម៌ជាច្រើន ដើម្បីជួយឱ្យជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែប្រសើរឡើង។
លោក គឹម ថាយប៊ិញ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងហ៊ីប បានឱ្យដឹង៖ “ជាមួយនឹងតួនាទីជាព្រះសង្ឃមានប្រិយភាពនៅភូមិភាគ ព្រះតេជគុណ គឹម ធឿ តែងតែបង្ហាញនូវភាពចុះសម្រុង យល់ចិត្តយល់ថ្លើមជាមួយអ្នកគ្រប់រូប យកធម៌វិន័យព្រះពុទ្ធសាសនា ដើម្បីចលនា ផ្សព្វផ្សាយមាមីងឱ្យអនុវត្តល្អនូវគោលការណ៍របស់បក្ស រស់នៅតាមច្បាប់ និងស្ម័គ្រចិត្តរួមចំណែកកម្លាំងមួយផ្នែកក្នុងការងារកសាង និងការពារមាតុភូមិ”។ លោកបានឱ្យដឹងបន្ថែម៖ ព្រះតេជគុណបានសហការយ៉ាងល្អជាមួយភូមិភាគក្នុងការងារផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ អាស្រ័យហេតុនោះ ប្រជាជនមួយចំនួនបានផ្លាស់ប្តូរការគិត និងរបៀបធ្វើ សកម្មធ្វើពលកម្ម ផលិត ដើម្បីឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។ ជាមួយនឹងតំណែងជាព្រះចៅអធិការវត្ត និងទទួលបន្ទុកក្នុងការលើកកម្ពស់កម្រិតប្រជាបញ្ញាជូនព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ ជារៀងរាល់ឆ្នាំ ព្រះអង្គតែងតែបង្កលក្ខណៈងាយស្រួលរៀបចំបើកថ្នាក់រៀនអក្សរខ្មែរ បាលី និងព្រះធម៌វិន័យ ទាក់ទាញយុវជនជនជាតិខ្មែរជាច្រើនមកចូលរួម។ តាមរយៈនោះ ព្រះអង្គបានរួមចំណែកអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ ឱ្យកាន់តែសម្បូរបែបថែមទៀតនូវគ្រឹះវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ៕
ស៊ើង ម៉ាល័យ-មេងលី