មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/08/2026 - 05:57

យុវ​ជន​ខ្មែរ​ខិត​ខំ​អភិ​រក្ស​និង​ស្នង​បន្ត​វប្ប​ធម៌​ជន​ជាតិ​ 

ផ្តើម​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​បំ​ណង​ប្រាថ្នា​ចង់​ថែ​រក្សា​វប្ប​ធម៌​ជន​ជាតិ​ យុវ​ជន​ឡឹម​មិញ​ខាន់​ នៅ​ភូមិ​ការន្ត​ ឃុំ​សា​ភៀង ទី​ក្រុង​កឹង​ធើ​ បាន​ច្នៃ​ប្រ​តិដ្ឋ​ដោយ​ផ្ទាល់​ដៃ​នូវ​ទូក​-ងខ្នាត​តូច​ និង​ឧប​ករណ៍​ភ្លេង​ចាប៉ី​ដង​វែង​។

យុវជន​ឡឹម​មិញ​ខាន់​ កំ​ពុង​ច្នៃ​ប្រ​តិដ្ឋ​ទូក​- ងខ្នាត​តូច​។

សេចក្តី​ស្រ​ឡាញ់​ចំ​ពោះ​ទូក​-ង បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​ខាន់​ តាំង​ពី​កុមារ​ភាព​មក​ម្ល៉េះ​ នៅ​ពេល​ដែល​ឃើញ​ទូក​-ងចាស់​មួយ​គ្រឿង​ដែល​ជី​តា​បាន​បន្សល់​ទុក​។ ប្អូន​តែង​តែ​ស្រ​មៃថា​ នៅ​ពេល​ធំ​ឡើង​នឹង​អាច​ធ្វើ​ទូក​-ងខ្នាត​តូច​ដោយ​ផ្ទាល់​ដៃ​ ឱ្យ​​មាន​រូប​រាង​ដូច​ទូក​-ងពិត​ប្រាកដ​។ រហូត​ដល់​ឆ្នាំ​ ២០២១ នៅ​ពេល​ទំនេរ​ ខាន់​ ក៏​បាន​ចាប់​ផ្តើម​បម្លែង​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន​ឱ្យ​ក្លាយ​ជា​ការ​ពិត​។

ខាន់​ ចែក​រំលែក​ ប្អូន​មិន​ធ្លាប់​បាន​សិក្សា​តាម​សា​លា​ ឬ​មាន​គ្រូ​ណែ​នាំ​ឡើយ​។ ដំ​បូង​ ប្អូន​បាន​មើល​តាម​រូប​រាង​ទូក​-ងធំ​ ហើយ​យក​មក​ធ្វើ​តាម​។ ធ្វើ​លើក​ដំ​បូង​ មិន​ទាន់​មាន​រូប​រាង​ដូច​ទូក​-ងពិត​ប្រាកដ​នោះ​ទេ​ ប៉ុន្តែ​ បន្ទាប់​ពី​ធ្វើ​បាន​ទូក​ពីរ​បី​ រូប​រាង​ទូក​ក៏​ចាប់​ផ្តើម​ស្អាត​ និង​កាន់​តែ​ល្អ​ឡើង​ៗ។ នៅ​ពេល​បង្ហោះ​រូប​ភាព​លើ​បណ្តា​ញសង្គម​ មាន​អ្នក​ជា​ច្រើន​ឃើញ​ស្អាត​ ក៏​បាន​ទាក់​ទង​មក​ស្នើ​ទិញ​។ អតិថិ​ជន​គ្រាន់​តែ​ប្រាប់​ឈ្មោះ​ទូក​-ងរបស់​វត្ត​ដែល​ខ្លួន​ពេញ​ចិត្ត​ ខាញ់​នឹង​ស្វែង​រក​រូប​ភាព​ ដើម​តាម​អ៊ីនធឺ​ណិត​ រួច​គូ​រលំ​នាំ​ក្បូរ​ក្បាច់​លើ​ទូ​កង​ខ្នាត​តូច​ ឱ្យ​ដូច​គំ​រូ​ដែល​អតិថិ​ជន​ត្រូវ​ការ​។

ក្រៅ​ពី​ការ​ធ្វើ​ទូក​-ង ខាន់​ ក៏​បាន​ច្នៃ​ប្រ​តិដ្ឋ​គ្រឿង​លម្អ​ផ្សេង​ៗ សម្រាប់​តុ​បតែង​ជា​មួយ​ទូក​ផង​ដែរ​ ដូច​ជា​ក្លស់​តូច​ៗ សម្រាប់​ដាក់​នៅ​ក្បាល​ទូក​ ឬ​ភ្នែក​ទូក​-ង។

ក្រៅ​ពី​នេះ​ ខាន់​ ថែម​ទាំង​ចេះ​ធ្វើ​ឧប​ករណ៍​ចាប៉ី​ដង​វែង​ទៀត​ផង​។ ប្អូន​បាន​រៀន​ធ្វើ​ដោយ​ខ្លួន​ឯង​ តាម​រយៈ​ការ​ដោះ​ចាប៉ី​ចាស់​មួយ​ ដើម្បី​សិក្សា​មើល​ថា​ ជាង​មុន​ៗពួក​គាត់​បាន​ឆ្លាក់​និង​កែ​ច្នៃ​ផ្នែក​ខាង​ក្នុង​យ៉ាង​ដូច​ម្តេច រួច​យក​មក​សាក​ល្បង​ធ្វើ​តាម​។ ចាប់​ផ្ដើម​ធ្វើ​ដោយ​ខ្លួន​ឯង​និង​កែ​សម្រួល​បន្តិច​ម្ដង​ៗ រហូត​ដល់​ចាប៉ី​អាច​បញ្ចេញ​សំឡេង​បាន​យ៉ាង​ពីរោះ​។ ដោយ​សារ​មាន​ជំ​នាញ​និង​ភាព​ប៉ិន​ប្រ​សប់​ ខាន់​ អាច​ធ្វើ​បាន​ទាំង​ចាប៉ី​ទំ​ហំ​ធំ​សម្រាប់​ដេញ ​និងចាប៉ី​ខ្នាត​តូច​សម្រាប់​ធ្វើ​ជា​វត្ថុ​អនុ​ស្សាវ​រី​យ៍។

ខាន់​ សំ​ណេះ​សំ​ណាល​៖ “គោល​បំ​ណង​ធំ​បំ​ផុត​របស់​ខ្ញុំ​ គឺ​ចង់​ថែ​រក្សា​មរតក​ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​។ របស់​របរ​ចាស់​ៗ ប្រ​សិន​បើ​ផុត​ពី​មនុស្ស​ចាស់​ នោះ​ក៏​គ្មាន​អ្នក​ណា​ចេះ​ធ្វើ​បន្ត​ទៀត​។ មាន​តែ​យុវ​ជន​ជំ​នាន់​ក្រោយ​ដូច​ជា​ពួក​យើង​ទេ​ ដែល​អាច​ជួយ​ថែ​រក្សា​ ទើប​វា​អាច​បន្ត​មាន​វត្ត​មាន​បាន​”។ មិន​ត្រឹម​តែ​អាច​ធ្វើ​ឧប​ករណ៍​ភ្លេង​ប៉ុណ្ណោះ​ទេ​ ខាន់​ ក៏​ចេះ​ដេញ​និង​ច្រៀង​ចាប៉ី​ដង​វែង​ បន្ទាប់​ពី​បាន​ចំ​ណាយ​ពេល​រៀន​រយៈ​ពេល​ ៣ ខែ​ កាល​នៅ​សិក្សា​នៅ​សា​កល​វិទ្យា​ល័យ​។ ដោយ​សង្កេត​ឃើញ​ថា​ យុវ​ជន​សម័យ​បច្ចុប្បន្ន​មាន​អ្នក​ចាប់​អា​រម្មណ៍​លើ​ទម្រង់​វប្ប​ធម៌​ប្រ​ពៃ​ណី​កាន់​តែ​តិច​ទៅ​ ខាន់​ ក៏​បាន​បង្រៀន​ប្អូន​ស្រី​របស់​ខ្លួន​ឱ្យ​ចេះ​ដេញ​ចាប៉ី​ដង​វែង​ផង​ដែរ​។

កញ្ញា​ ឡឹម​ខាន់​វី​ (ប្អូន​ស្រី​របស់​មិញ​ខាន់​) ចែក​រំលែក​៖ “ដោយ​ឃើញ​បង​ខាន់​ ដេញ​ចាប៉ី​យ៉ាង​ពីរោះ​ ខ្ញុំ​ក៏​បាន​សុំ​ឱ្យ​បង​បង្រៀន​។ បទ​ដែល​រៀន​ដំ​បូង​របស់​ ខ្ញុំ​ បាន​ចាប់​ផ្តើម​នៅ​ពេល​ខ្ញុំ​មាន​អាយុ​ទើប​តែ​ ១០ ឆ្នាំ​។ រៀង​រាល់​រសៀល​ បង​ខាន់​ តែង​ចំ​ណាយ​ពេល​បង្រៀន​និង​ណែ​នាំ​ខ្ញុំ​។ រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​អាច​ដេញ​ចាប៉ី​បាន​ ហើយ​ក៏​មាន​បំ​ណង​ចង់​ចូល​រួម​ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​ ដូច​ជា​បង​ប្រុស​របស់​ខ្ញុំ​”។

ទោះ​បី​វ័យ​នៅ​ក្មេង​ក៏​ដោយ​ ប៉ុន្តែ​ស្មារតី​ថែ​រក្សា​វប្ប​ធម៌​របស់​បង​ប្អូន​ មិញ​ខាន់​ គួរ​ឱ្យ​កោត​សរសើរ​យ៉ាង​ខ្លាំង​។ សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​ប្រ​ពៃ​ណី​ ពេល​ខ្លះ​មិន​ចាំ​បាច់​ធ្វើ​ការ​ងារ​ធំ​ដុំ​ឡើយ​ ប៉ុន្តែ​គ្រាន់​តែ​បង្ហាញ​ពី​ក្ដី​ស្រ​ឡាញ់​ និង​ការ​ខិត​ខំ​រៀន​សូត្រ​​ដោយ​ខ្លួន​ឯង​ ព្រម​ទាំង​មាន​បំ​ណង​ចង់​បន្ត​ចំ​ណេះ​ដឹង​ទៅ​កាន់​ជំ​នាន់​ ក្រោយ​។ យុវ​ជន​ដូច​ជា​ខាន់​ កំ​ពុង​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ជួយ​ឱ្យ​វប្ប​ធម៌​ជន​ជាតិ​​មិន​ឱ្យ​សា​បរ​លាប​ និង​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​យុវ​ជន​ជំ​នាន់បច្ចុប្បន្ន​៕

                                    វឌ្ឍា- ពេជ្រ​សឿន

ចែករំលែកអត្ថបទ