ចាកចេញពីជួរកងទ័ព ថាច់ថាយហ៊ុង បានជ្រើសរើសផ្លូវសាងផ្នួស និងផ្សារភ្ជាប់ជាមួយការបង្រៀនអក្សរខ្មែរ ធ្វើការងារសប្បុរសធម៌ ព្រមទាំងខិតខំរៀនសូត្រដោយឥតឈប់ឈរដើម្បីបម្រើសហគមន៍។ ដំណើរជីវិតពីយុទ្ធជនក្លាយជាសង្ឃរបស់ព្រះសង្ឃ ថាច់ថាយហ៊ុង គឺជារឿងរ៉ាវដ៏ល្អប្រពៃអំពីស្មារតីលះបង់និងទឹកចិត្តសប្បុរសធម៌។

ព្រះសង្ឃ ថាច់ថាយហ៊ុង ខ្នះខ្នែងក្នុងការបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងសិស្សានុសិស្សខ្មែរក្នុងឱកាសវិស្សមកាល។
ថាច់ ថាយហ៊ុង ប្រសូតិឆ្នាំ ១៩៩៥ នៅឃុំហឹងម៉ី ខេត្តវិញឡុង។ ក្រោយពេលប្រឡង ជាប់វិទ្យាល័យ ឆ្នាំ ២០១៣ ថាយហ៊ុង ស្ម័គ្រចិត្តចូលបម្រើកាតព្វកិច្ចយោធា។ ដំណាក់កាលបម្រើក្នុងជួរកងទ័ព ថាយហ៊ុង បានហ្វឹកហាត់ភាពក្លាហាន ស្មារតីវិន័យនិងការទទួលខុសត្រូវខ្ពស់។ ក្រោយពេលបញ្ចប់កាតព្វកិច្ចយោធានៅឆ្នាំ ២០១៦ បងត្រឡប់មកស្រុកកំណើតធ្វើជាកម្មករដើម្បីជួយសម្រាលជីវ ភាពគ្រួសារ។ ដល់ឆ្នាំ ២០១៨ ដោយបានការលើកទឹកចិត្តពីឪពុកម្តាយ បងសម្រេចចិត្តសាងផ្នួសនៅវត្តគងជ័យរឹងរឹទ្ធិស័កផ្នោកំបុត។ ក្នុងដំណើរការសាងផ្នួស ព្រះអង្គមិនបង្អង់ខិតខំដុសខាត់ចំណេះដឹងផ្នែក ពុទ្ធិកសិក្សា និងភាសាបាលី-ខ្មែរ នៅតាមវត្តអារាមនានាជាច្រើនក្នុងខេត្ត។ នៅពេលព្រះអង្គបញ្ចប់កម្មវិធីសិក្សាមធ្យមសិក្សាពុទ្ធិកបាលី-ខ្មែរ ព្រះអង្គបានត្រឡប់មកវត្តវិញដើម្បីចូលរួមបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃទើបបួសថ្មីៗ និងកូនចៅជនរួមជាតិខ្មែរក្នុងភូមិស្រុក។ ក្រៅពីនេះ ព្រះអង្គមិនត្រឹមតែខិតខំអស់ពីព្រះទ័យក្នុងការផ្ទេរបន្តអក្សរសាស្ត្រជាតិប៉ុណ្ណោះទេ ព្រះអង្គថាច់ ថាយហ៊ុង នៅទាំងបន្តរៀនសូត្រដើម្បី លើកកម្ពស់ចំណេះដឹងបន្ថែមទៀតផ។ បច្ចុប្បន្ន ព្រះអង្គជានិស្សិតឆ្នាំចុងបញ្ចប់នៃអនុមហាវិទ្យាល័យ វិជ្ជាជីវៈ ផ្នែកសីតអគ្គិសនី។ តាមថេរដីការបស់ព្រះអង្គ ការរៀនមុខរបរនឹងជួយដល់ការជួសជុលគ្រឿង បរិក្ខារអគ្គិសនីនានាក្នុងវត្ត បន្ថយការចំណាយនៅពេលមានតម្រូវការ។ “រៀននូវអ្វីដែលមានប្រយោជន៍ អាត្មាតែងតែខិតខំដើម្បីបម្រើវត្តអារាម” - ព្រះសង្ឃ ថាច់ថាយហ៊ុង មានថេរដីកាចែករំលែកដូច្នេះ។
ព្រះតេជព្រះគុណ គឹមចាយវ៉ារី ព្រះចៅអធិការវត្ត គងជ័យរឹងរឹទ្ធិស័កផ្នោកំបុត មានថេរដីកាឱ្យដឹង៖ “ព្រះអង្គ ថាច់ថាយហ៊ុង មានដើមកំណើតក្នុងគ្រួសារ នៅជួបការលំបាកច្រើន ប៉ុន្តែតែងមានឆន្ទៈឈានឡើង។ តាំងពីយុទ្ធជនម្នាក់ក្លាយជាព្រះសង្ឃ តែងតែខិតខំអស់ពីព្រះទ័យបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃ និងសិស្សានុសិស្សដោយស្មារតីទទួលខុសត្រូវខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះទេ នៅទាំងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នានា ចលនាសប្បុរសជនជួយឧបត្ថម្ភដល់អ្នកក្រីក្រ និងសិស្សានុសិស្សមានស្ថានភាពក្រលំបាក។ ជាពិសេស ព្រះអង្គ ហ៊ុងបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីបោះពុម្ពឯកសារសិក្សា និងចែកជូនដោយឥតគិតថ្លៃដល់ព្រះសង្ឃ ព្រមទាំងសិស្សានុសិស្សដែលរៀនអក្សរខ្មែរនៅក្នុងវត្ត រួមចំណែកជួយដល់ប្អូនៗជាច្រើនមានលក្ខណៈសិក្សារៀនសូត្រ រក្សានូវភាសានិងអក្សរសាស្ត្ររបស់ជនជាតិ។ ព្រះអង្គ ថាយហ៊ុងគឺជាគំរូនៃស្មារតីរៀនសូត្រ ទឹកចិត្តសប្បុរស និងការទទួលខុសត្រូវចំពោះសហគមន៍”។
ផ្ដើមពីយុទ្ធជនក្លាយជាសង្ឃ រាល់ដំណើរជីវិតរបស់ព្រះអង្គ ថាច់ ថាយហ៊ុង តែងភ្ជាប់ជាមួយនឹងស្មារតីបម្រើជាតិសាសនា។ រាល់ទង្វើដ៏ស្ងៀមស្ងាត់របស់ព្រះអង្គ មិនត្រឹមតែរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងសាយភាយនូវតម្លៃដ៏ល្អប្រពៃ ផ្ទេរបន្តកម្លាំងចិត្តអំពីឆន្ទៈរៀនសូត្រ និងការទទួលខុសត្រូវដើម្បីសហគមន៍៕
ទីទុយ-មេងលី