ស្ថិតក្នុងបណ្តាថ្ងៃនៃខែកក្កដាប្រវត្តិសាស្ត្រ ទឹកចិត្តគោរពដឹងគុណចំពោះបណ្តាវីរយុទ្ធជនពលី និងអ្នកមានសគុណចំពោះបដិវត្តន៍ កំពុងបានយុវវ័យសង្កាត់វិញចូវ (ទីក្រុងកឹងធើ) ធ្វើឱ្យលេចរូបរាងជាក់ស្តែង ដោយផ្នែកការងារដ៏មានអត្ថន័យ។ ទឹកចិត្តគោរពដឹងគុណ មិនឈប់ត្រឹមបណ្តាពិធីកិច្ចដ៏មហោឡារិកប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាកម្លាំងចលករពីខាងក្នុង ជំរុញដាស់តឿនជំនាន់យុវវ័យខិតខំលះបង់បម្រើមាតុភូមិ។
ថ្ងៃទី ២៧ ខែកក្កដា មិនត្រឹមជាកាលកំណត់ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាប៉ុណ្ណោះទេ តាំងពីយូរលង់មកបានក្លាយជាថ្ងៃបុណ្យនៃសីលធម៌ “ផឹកទឹកនឹកប្រភព”។ ចាប់ពីព្រលឹមស្រាងៗនាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ ទូទាំងបរិវេណទីបញ្ចុះសពយុទ្ធជនពលីសង្កាត់វិញចូវ បានលេចឡើងដោយពណ៌អាវបៃតងនៃយុវជន។ រូបភាពសម្ព័ន្ធយុវជន កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ព្រមទាំងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធជួបជុំគ្នាក្នុង “ថ្ងៃអាទិត្យពណ៌បៃតងពិសេស” ដើម្បីបោសសំអាត រៀបចំកែលម្អកន្លែងសម្រាកដ៏សុខសាន្តនៃកុលបុត្រដ៏ក្លាហានដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ មិនត្រឹមតែជាការក្រឡេកមើលទៅអតីតកាលដើម្បីសំដែងការគោរពដឹងគុណប៉ុណ្ណោះទេ ថែមទាំងជាបង្អែកផ្នែកស្មារតីយ៉ាងរឹងមាំសម្រាប់ជំនាន់យុវជនឈានឆ្ពោះទៅកាន់អនាគតទៀតផង។


សម្ព័ន្ធយុវជនចូលរួមរៀបចំលម្អ នៅបរិវេណទីបញ្ចុះសពយុទ្ធជនពលីសង្កាត់វិញចូវ។
ក្នុងសង្វាក់នៃសកម្មភាពគោរពដឹងគុណរបស់យុវជនភូមិភាគ មិនត្រឹមតែមានអត្ថន័យតបស្នងសងគុណប៉ុណ្ណោះទេ ថែមទាំងជាបរិស្ថានអប់រំជាក់ស្តែងយ៉ាងជ្រាលជ្រៅទៀតផង។ ចែករំលែកអំពីការងារចាត់តាំង បងស្រី ឡឹមធីង៉ុកហ៊ើង លេខាសម្ព័ន្ធយុវជនសង្កាត់វិញចូវ បានឱ្យដឹង៖ “ឆ្លងកាត់ ៧៩ ឆ្នាំ ចាប់តាំងពីថ្ងៃលោកប្រធានហូជីមិញ ចុះហត្ថលេខាលើក្រឹត្យជ្រើសរើសយកថ្ងៃទី ២៧ ខែកក្កដា រៀងរាល់ឆ្នាំជាថ្ងៃយុទ្ធជនពិការនិងពលី គឺយុវជននាសម័យបច្ចុប្បន្នក៏បានយល់ច្បាស់ថា ការថែរក្សាប្រពៃណី សីលធម៌ "ផឹកទឹកនឹកប្រភព" និងការតបស្នងសងគុណ ត្រូវតែបន្តពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀតក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ឱកាសនេះ សម្ព័ន្ធយុវជនសង្កាត់វិញចូវបានចាត់តាំងសកម្មភាពជាច្រើន ក្នុងនោះមានការធ្វើអនាម័យទីបញ្ចុះសពយុទ្ធជនពលី អុជទៀនរំលឹកដឹងគុណ និងចូលរួមជាមួយបណ្តាក្រុមការងារទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានសគុណ។ តាមរយៈសកម្មភាពទាំងនេះ យុវជនសង្កាត់វិញចូវក៏ទទួលបានការយល់ដឹងពីតម្លៃប្រវត្តិសាស្ត្រ នៃឯករាជ្យជាតិ ហើយនេះក៏ជាលក្ខខណ្ឌដើម្បីមិត្តទាំងឡាយអាចរៀនសូត្របាននូវមេរៀនប្រវត្តិសាស្ត្រយ៉ាងរស់រវើក”។
សកម្មភាពនេះ បានបង្កនូវកម្លាំងរីកសាយភាយយ៉ាងទូលំទូលាយដល់យុវជនជាច្រើននៅក្នុងភូមិឋាន។ អ្នកចូលរួមផ្ទាល់ក្នុងការបោសសំអាតទីបញ្ចុះសពយុទ្ធជនពលី បងថាច់សារុន - លេខាសាខាសម្ព័ន្ធយុវជនមណ្ឌលក្រសាំង បានសំដែងនូវក្តីរំភើបនិងមោទនភាពយ៉ាងខ្លាំង។ បងបានចែករំលែកថា នេះជាពេលវេលាដែលយុវជនជំនាន់ក្រោយត្រូវរំលឹកនឹកដល់បណ្ដាយុទ្ធជនពលី ដែលបានបូជាជីវិតដើម្បីឯករាជ្យ ព្រមទាំងផ្ញើនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលមានសគុណចំពោះបដិវត្តន៍។
ក្នុងអារម្មណ៍រំភើបដូចគ្នានេះដែរ ប្អូនឡេក្វាងវិញ ជាសម្ព័ន្ធយុវជនវិទ្យាល័យង្វៀងឃ្វៀង សង្កាត់វិញចូវ បានឱ្យដឹង៖ “ពេលឈរនៅចំពោះមុខជួរផ្នូរយ៉ាងថ្លៃថ្នូរ ប្អូនបានយល់ច្បាស់ពីតម្លៃដ៏ធំធេងនៃសន្តិភាពនាថ្ងៃនេះ។ ប្រការនោះបានជំរុញឱ្យយុវជននាសម័យនេះត្រូវខិតខំរៀនសូត្រមិនឈប់ឈរ និងលើកកម្ពស់ស្មារតីលះបង់ដើម្បីតបស្នងសងគុណបុព្វបុរស”។
ការដឹងគុណចំពោះអ្នកមានសគុណ មិនត្រឹមតែជាការក្រឡេកមើលទៅអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាទីបង្អែកផ្នែកស្មារតីយ៉ាងរឹងមាំ ដើម្បីឱ្យជំនាន់យុវវ័យឈានឆ្ពោះទៅកាន់អនាគត។ អណ្ថាតភ្លើងបដិវត្តន៍ ទឹកចិត្តស្នេហាជាតិ និងស្មារតីទទួលខុសត្រូវទាំងនោះ នឹងបន្តបានផ្ទេរជូន ដើម្បីជាសម្ពាយសម្រាប់យុវវ័យវិញចូវ ចារនូវប្រវត្តិសាស្ត្រថ្មី កសាងស្រុកភូមិឱ្យកាន់តែសម្បូរធូរធារនិងស៊ីវិល័យ៕
ថាញហ៊ុង - ថាច់ធី