ស្ថិតនៅក្នុងបរិវេណវត្តសាមគ្គីមុនីសុវណ្ណនទី (ដៃទទឹង) ឃុំតឹបង៉ាយ ខេត្តវិញឡុង ស្តូបអនុស្សាវរីយ៍ប្រពៃណីបដិវត្តន៍ជនជាតិខ្មែរ ភូមិដៃទទឹង មិនត្រឹមតែរក្សាទុកនូវស្នាមអនុស្សាវរីយ៍មោទនភាពយ៉ាងខ្លាំងក្លារបស់ជនរួមជាតិខ្មែរណាមបូ ក្នុងការតស៊ូសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាអាសយដ្ឋានអប់រំប្រពៃណីស្នេហាជាតិ រួមចំណែកអភិរក្សភាសា អក្សរ និងអត្តសញ្ញាណវប្បធម៌ជនជាតិសម្រាប់ជំនាន់យុវវ័យទៀតផង។
លាក់ខ្លួននៅក្រោមម្លប់ឈើត្រជាក់ស្រួល ក្នុងបរិវេណវត្តដៃទទឹង ស្តូបអនុស្សាវរីយ៍ប្រពៃណីបដិវត្តន៍ជនជាតិខ្មែរ ភូមិដៃទទឹងមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះប្រជាជនអ្នកភូមិ និងភ្ញៀវទេសចរ។ សំណង់បានចាប់ផ្តើមកសាងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៣ កត់ត្រានូវដំណាក់កាលតស៊ូបដិវត្តន៍របស់ជនរួមជាតិខ្មែរណាមបូ ព្រមទាំងសម្តែងនូវការដឹងគុណចំពោះកម្មាភិបាល យុទ្ធជន ព្រះសង្ឃ និងអ្នកដែលបានលះបង់ជាច្រើនសម្រាប់បុព្វហេតុតស៊ូរំដោះប្រជាជាតិ។

ស្តូបអនុស្សាវរីយ៍ប្រពៃណីបដិវត្តន៍ជនជាតិខ្មែរ ភូមិដៃទទឹង គឺជាអាសយដ្ឋានក្រហម សម្រាប់អប់រំប្រពៃណីស្នេហាជាតិ រួមចំណែកអភិរក្ស និងពង្រីកតម្លៃប្រវត្តិសាស្ត្របដិវត្តន៍របស់ជនរួមជាតិខ្មែរ។
ផ្ទាំងសិលាចារឹកនៅស្តូបអនុស្សាវរីយ៍ ឧទ្ទេសនាមប្រវត្តិកកើតភូមិដៃទទឹង តាំងពីប្រមាណឆ្នាំ ១៨៧៥មកម្ល៉េះ។ ឆ្លងកាត់ច្រើនជំនាន់ តំបន់នេះមិនត្រឹមតែជាកន្លែងរស់នៅរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានលាក់បាំងកម្មាភិបាល ដែលលះបង់កម្លាំងកាយចិត្ត ទ្រព្យសម្បត្តិជូនបដិវត្តន៍ទៀតផង។ កម្មាភិបាលដឹកនាំជាច្រើន វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន វីរមាតាវៀតណាម និងអ្នកមុខអ្នកការពុទ្ធសាសនាទក្ខិណនិកាយខ្មែរមានការលះបង់យ៉ាងធំធេង បានកត់ត្រាដោយគោរពយ៉ាងខ្ពង់ខ្ពស់នៅលើផ្ទាំងសិលាចារឹក រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ និងមោទនភាពជាតិសម្រាប់ជំនាន់បច្ចុប្បន្ន។
តាមថេរដីកាព្រះតេជព្រះគុណ ថាច់ស៊ុង ចៅអធិការវត្តដៃទទឹង វត្តតែងរក្សាថ្នាក់បង្រៀនអក្សរខ្មែរនាឱកាសវិស្សមកាល រួមចំណែកអភិរក្សវប្បធម៌ជនជាតិ។ រៀងរាល់ឆ្នាំ វត្តបានបើកថ្នាក់រៀនអក្សរខ្មែរចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥ និងថ្នាក់បាលីឆ្នាំទី១ ទាក់ទាញសិស្សានុសិស្ស និងសមណសិស្សប្រមាណ២០០អង្គ/រូប មកសិក្សា។ ទន្ទឹមនឹងការរៀនអក្សរ ប្អូនៗនៅបានអប់រំអំពីប្រវត្តិសាស្ត្រជនជាតិ ប្រពៃណីបដិវត្តន៍របស់ជនរួមជាតិខ្មែរ និងតម្លៃសីលធម៌ ទំនៀមទម្លាប់ល្អប្រពៃរបស់ភូមិស្រុកផងដែរ។

ប្អូនៗកុមារកំពុងយកចិត្តទុកដាក់រៀនអក្សរខ្មែរក្នុងថ្នាក់រៀនរដូវវិស្សមកាលដែលវត្តចាត់តាំង។
ប្អូនស្រី តូធីត្រិញ សិស្សថ្នាក់ទី ១០ អនុវិទ្យាល័យ - វិទ្យាល័យ លឿងហ្វា A កំពុងរៀនអក្សរខ្មែរថ្នាក់ទី ៣ ក្នុងវត្ត ឱ្យដឹង៖ កាលពីមុនប្អូនចេះតែនិយាយភាសាខ្មែរប៉ុណ្ណោះ បន្ទាប់ពីរៀនបាន៣ឆ្នាំ ប្អូនអាចអាន និងសរសេរបានស្ទាត់ជំនាញ។ “ប្អូនមានមោទនភាពណាស់ ពីព្រោះបានរៀនអក្សររបស់ជនជាតិខ្លួន”។ ប្អូនត្រិញចែករំលែកដូច្នេះ។ បើតាមបងស្រី គឹមធីត្រិញ ម្តាយរបស់ប្អូន ថាច់មិញផុង ការឱ្យកូនមកសិក្សាអក្សរខ្មែរនៅវត្តនាឱកាសវិស្សមកាល ជួយឱ្យប្អូនៗមិនត្រឹមតែចេះអាន ចេះសរសេរភាសាកំណើតប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណីជនជាតិ លត់ដំសុភាពរាបសារ និងចៀសឆ្ងាយពីល្បែងកម្សាន្តអេឡិចត្រូនិក។ នេះគឺជាបរិស្ថានរៀនសូត្រមានប្រយោជន៍ និងមានអត្ថន័យណាស់។


សមណសិស្ស និងសិស្សានុសិស្ស បន្ទាប់ពីបញ្ចប់ម៉ោងរៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្ត។
បើតាមប្រជាជនអ្នកភូមិជាច្រើន ស្តូបអនុស្សាវរីយ៍ប្រពៃណីបដិវត្តន៍ជនជាតិខ្មែរ ភូមិដៃទទឹង និងវត្តដៃទទឹង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការអប់រំប្រពៃណី។ បន្ទាប់ពីបានទស្សនាផ្ទាំងសិលាចារឹកកត់ត្រាប្រវត្តិសាស្ត្រតស៊ូរបស់ជនរួមជាតិខ្មែរ បានស្តាប់ព្រះសង្ឃឧទ្ទេសនាមអំពីគំរូបដិវត្តន៍ ការលះបង់ពីជំនាន់មុនៗចំពោះភូមិស្រុក និងប្រទេសជាតិ។ តាមរយៈនោះ យល់កាន់តែច្បាស់អំពីប្រភពដើមនៃជនជាតិ បង្កើនការគោរពចំពោះតម្លៃប្រវត្តិសាស្ត្រ និងមានស្មារតីភ្ញាក់រលឹកអភិរក្សអត្តសញ្ញាណវប្បធម៌។
នាពេលបច្ចុប្បន្ន ស្តូបអនុស្សាវរីយ៍ប្រពៃណីបដិវត្តន៍ជនជាតិខ្មែរ ភូមិដៃទទឹង មិនត្រឹមតែជាកន្លែងដឹងគុណដល់ជំនាន់មុនៗប៉ុណ្ណោះទេ ថែមទាំងជា “អាសយដ្ឋានក្រហម” អប់រំប្រពៃណីបដិវត្តន៍សម្រាប់ជំនាន់យុវវ័យទៀតផង។ រៀងរាល់ឆ្នាំ មានគណៈប្រតិភូកម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សិស្សានុសិស្ស ពុទ្ធបរិស័ទ និងភ្ញៀវទេសចរជាច្រើនបានមកអុជធូប ស្វែងយល់ពីប្រវត្តិសាស្ត្រ និងចាត់តាំងប្រជុំសាខាបក្សទៀតផង។ រួមជាមួយថ្នាក់បង្រៀនអក្សរខ្មែរនៅវត្តដៃទទឹង សំណង់នេះបានរួមចំណែកបណ្តុះទឹកចិត្តស្នេហាជាតិ មោទនភាពជាតិ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ៕
ទីទុយ - លីសៀ