(អ.ឡ) - រសៀលថ្ងៃទី ២៥ ខែកក្កដា គណៈកម្មាធិការបក្សទីក្រុងកឹងធើបានចាត់តាំងកិច្ចប្រជុំប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយស្តីពីការងារបុគ្គលិក។
លោកង្វៀងយ្វីង៉ុក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម; លោកង្វៀងថាញ់តឹម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈចាត់តាំងមជ្ឈិម; តំណាងថ្នាក់ដឹកនាំគណៈ ក្រសួង ផ្នែកមួយចំនួននៅមជ្ឈិម; ថ្នាក់ដឹកនាំទីក្រុងកឹងធើ; ថ្នាក់ដឹកនាំខេត្តអាងយ៉ាង; បណ្តាសមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុង បានអញ្ជើញចូលរួម។

លោកង្វៀងយ្វីង៉ុក សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិម ប្រគល់សេចក្តីសម្រេច និងជូនបាច់ផ្កាអបអរសាទរដល់លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ លោកឌោថាញប៊ិញ។ រូបថត៖ អាញយ៉ុង
នៅក្នុងកិច្ចប្រជុំនេះ ទទួលការផ្ទេរសិទ្ធិពីការិយាល័យនយោបាយ លោក ង្វៀងថាញ់តឹម បានប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការបញ្ជូន ចាត់ តែងតាំងបុគ្គលិក។ តាមនោះ ការិយាល័យនយោបាយបានសម្រេចបញ្ជូនលោកឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈចាត់តាំងមជ្ឈិម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល ឱ្យឈប់ចូលរួមគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សរដ្ឋាភិបាល បញ្ឈប់កាន់តំណែងជាអនុប្រធានគណៈចាត់តាំងមជ្ឈិម និងមុខតំណែងពាក់ព័ន្ធផ្សេងទៀត។ ទន្ទឹមនឹងនោះ បានបញ្ជូន ចាត់តែងតាំងលោក ឌោថាញប៊ិញ ឱ្យចូលរួមគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍ និងកាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០ ព្រមទាំងចាត់តាំងឱ្យចូលរួមគណៈកម្មាធិការបក្សយោធភូមិភាគ ៩។
ថ្លែងការណ៍នៅក្នុងកិច្ចប្រជុំនេះ លោកង្វៀងយ្វីង៉ុក តំណាងឱ្យការិយាល័យនយោបាយ អបអរសាទរដល់លោកឌោថាញប៊ិញ ដែលបានការិយាល័យនយោបាយទុកចិត្តប្រគល់ភារកិច្ចជាលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។ ប្រធានគណៈចាត់តាំងមជ្ឈិមមានជំនឿថា ជាមួយនឹងបទពិសោធន៍ សមត្ថភាព និងឆន្ទៈរបស់ខ្លួន លោក ឌោថាញប៊ិញ នឹងអនុវត្តសម្រេចឆ្នើមនូវភារកិច្ចដែលបានប្រគល់ជូន។
ប្រធានគណៈចាត់តាំងមជ្ឈិមសំណូមពរគណៈប្រតិបត្តិការបក្ខភាគ គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សទីក្រុង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែករបស់ក្រុងកឹងធើ បន្តរក្សានិងពង្រីកប្រវេណីសាមគ្គីភាព ឯកភាព រួមដំណើរជាមួយលោកឌោថាញប៊ិញ ផ្តោតការដឹកនាំ ចង្អុលការអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២៥-២០៣០...
ថ្លែងការណ៍ទទួលភារកិច្ច លោកឌោថាញប៊ិញ បញ្ជាក់ថានឹងរួមជាមួយគណៈប្រចាំការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង គណៈប្រតិបត្តិការបក្ខភាគទីក្រុង បន្តរក្សាសាមគ្គីភាព ឯកភាព ពង្រីកប្រជាធិបតេយ្យ លើកកម្ពស់ក្រឹត្យវិន័យ និងស្មារតីទទួលខុសត្រូវខ្ពស់បំផុត បំផុសឆន្ទៈអភិវឌ្ឍន៍ អនុវត្តជាក់លាក់នូវបណ្ដាគោលការណ៍ សេចក្តីសម្រេចចិត្តឱ្យក្លាយជាផលិតផលជាក់ស្តែង បំប្លែងសក្តានុភាពទៅជាលទ្ធផល បំប្លែងការប្តេជ្ញាចិត្តទៅជាសកម្មភាព និងបំប្លែងឧត្តមភាពទៅជាសមត្ថភាពប្រកួតប្រជែង ធ្វើដល់ណាជាក់លាក់ដល់នោះ ធ្វើឱ្យដល់ទីបំផុត ធ្វើពិតប្រាកដមានផលិតផលជាក់ស្តែង ដើម្បីកសាងទីក្រុងកឹងធើឱ្យកាន់តែអភិវឌ្ឍ លើកកម្ពស់គុណភាពជីវភាពប្រជាជន...
មុននេះ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា លោកង្វៀងយ្វីង៉ុក បានចូលរួមកិច្ចប្រជុំប្រគល់សេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការបញ្ជូន ចាត់តែងតាំងលោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ឱ្យកាន់តំណែងជាលេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង អាណត្តិកាល ២០២៥-២០៣០៕
អាញយ៉ុង - សុផន