មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/07/2026 - 14:03

ឡាយហ្វា ជំរុញខ្លាំងក្លាការងារផ្លាស់ប្តូរឌីជីថលដល់ផ្ទះ 

ដើម្បីធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ និងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០៣០ របស់នាយករដ្ឋមន្ត្រី និងសេចក្តីសម្រេចចិត្តលេខ ០២ របស់គណៈកម្មាធិការបក្សក្រុងកឹងធើ ស្តីពីការផ្លាស់ប្តូរឌីជីថលក្រុងកឹងធើ ឆ្នាំ២០២៥ និងទិសដៅរហូតដល់ឆ្នាំ ២០៣០។ ក្នុងរយៈពេលកន្លង ឃុំឡាយហ្វា ក្រុងកឹងធើ តែងយកចិត្តទុកដាក់វិនិយោគ ផ្លាស់ថ្មី និងជំរុញការផ្លាស់ប្តូរឌីជីថលយ៉ាងស៊ីជម្រៅលើវិស័យជាច្រើននៅលើភូមិសាស្រ្តឃុំ។

មាមីងមកកាន់មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ​ឃុំឡាយហ្វា ធ្វើបែបបទរដ្ឋបាល។

ដោយកំណត់ច្បាស់ថា ការផ្លាស់ប្តូរឌីជីថលគឺជាភារកិច្ចស្នូល មានអត្ថន័យយ៉ាងសំខាន់ក្នុងដំណើរការកសាងរដ្ឋអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា បានពង្រឹងការដឹកនាំនិងចង្អុលការ; កសាងផែនការអនុវត្តឱ្យស្របតាមលក្ខណៈជាក់ស្តែងរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជនអំពីតួនាទី និងផលប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថលក្នុងជីវភាព និងផលិត។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ​ឃុំឡាយហ្វា បានទទួលសំណូមឯកសារជាង ៣.៦០០ ច្បាប់ ក្នុងនោះមានជិត ១០០% សំណូមឯកសារបានដាក់ពាក្យតាមប្រព័ន្ធអនឡាញ។ អត្រាដោះស្រាយទាន់ពេល និងមុនកាលកំណត់សម្រេចស្ទើរតែទាំងស្រុង។ នេះគឺជាលទ្ធផលនៃដំណើរការជំរុញការផ្លាស់ប្តូរឌីជីថល អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ថ្មីឥតឈប់ឈរនូវវិធីសាស្ត្របម្រើប្រជាជននៅភូមិភាគ។

លោក វ៉ ហ្វាងណាម នាយកមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋ​ឃុំឡាយហ្វា បានឱ្យដឹង៖ “នៅពេលប្រជាជនបានខិតជិត ប្រជា​ជននឹងយល់ដឹងកាន់តែច្បាស់អំពីបែបបទ​រដ្ឋបាល។ បច្ចុប្បន្ន ប្រជាជនភាគច្រើនធ្វើសំណូមឯកសារនៅលើគេហទំព័រសេវារដ្ឋ​អនឡាញជាតិ។ មានកែទម្រង់ រដ្ឋបាលជាច្រើនផ្សេងទៀតនៅឃុំឡាយហ្វា កំពុងពង្រីកបានប្រសិទ្ធភាព ដូចជាការណែនាំដាក់ពាក្យសុំអនឡាញនៅលើគេហទំព័រសេវារដ្ឋ​ជាតិ ការយកលេខរៀងស្វ័យប្រវត្តិតាមរយៈ Zalo Official Account របស់គណៈកម្មាធិការប្រជាជនឃុំ និងបញ្ចាំងវីដេអូណែនាំធ្វើបែបបទរដ្ឋបាល។ ជាពិសេស មជ្ឈមណ្ឌលបានចាត់តាំងកិច្ចផ្សព្វផ្សាយចំនួន ៤២ លើក ដោយមានប្រជនជនចូលរួមជាង ១.២៥០ នាក់ ជួយឱ្យប្រជាជនស៊ាំជាបណ្តើរៗជាមួយសេវារដ្ឋ​អនឡាញ។ ទាំងអស់នេះគឺឆ្ពោះទៅរកគោលដៅកសាងប្រព័ន្ធរដ្ឋបាលទំនើប បើកចំហ តម្លាភាព យកប្រជាជនធ្វើជាមជ្ឈមណ្ឌលនៃការបម្រើ”។

ទន្ទឹមនឹងនោះ ឃុំឡាយហ្វា បានសកម្មណែនាំប្រជាជនឱ្យដំឡើង និងប្រើប្រាស់កម្មវិធីឌីជីថលនានាសម្រាប់បម្រើការរស់នៅ ដូចជាគណនីអត្តសញ្ញាណអេឡិចត្រូនិក VNeID ការទូទាត់មិនប្រើសាច់ប្រាក់ សេវារដ្ឋ​អនឡាញ សៀវភៅសុខភាពអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ឌីជីថលផ្សេងៗទៀត។ ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅតាមភូមិ តែងតែចុះទៅតាមផ្ទះនីមួយៗដើម្បីឃោសនា និងជួយប្រជាជនក្នុងការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ចុះឈ្មោះគណនីសេវារដ្ឋ​ អនុវត្តបណ្តាសេវាកម្មអនឡាញ និងប្រើប្រាស់កម្មវិធីឌីជីថលឱ្យមានភាពងាយស្រួល។ បង ដាវ ភឿកហ្វៀង ប្រជាជនឃុំឡាយហ្វា បានឱ្យដឹង៖ “ខ្ញុំមកទីនេះធ្វើក្រដាស់ដីដែលឪពុកម្តាយចែកឱ្យ។ នៅពេលមកដល់ ផ្នែករដ្ឋបាលរដ្ឋ​ឃុំបានណែនាំយ៉ាងយកចិត្តទុកដាក់អំពីលិខិតស្នាម និងបែបបទរដ្ឋបាល។ ក្រៅពីនេះ នគរបាល និងអង្គការមហាជនឃុំក៏បានណែនាំមាមីងយើងខ្ញុំអំពីបច្ចេកទេសដំឡើងកម្មវិធី VNeID និងបើកគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២ ដើម្បីងាយស្រួលនៅពេលធ្វើបែបបទរដ្ឋបាលសម្រាប់គ្រួសារ”។

កម្មាភិបាលឃុំឡាយហ្វាចុះទៅតាមផ្ទះណែនាំប្រជាជនដំឡើងកម្មវិធី VNeID និងបើកគណនីអត្តសញ្ញាណអេឡិចត្រូនិកកម្រិត ២។

ដើម្បីបន្តពង្រីកប្រសិទ្ធភាព ក្នុងពេលខាងមុខ ឃុំឡាយហ្វាកំណត់ច្បាស់ថា ការផ្លាស់ប្តូរឌីជីថលនៅតែជាភារកិច្ចស្នូល។ លោក ត្រឹង ទ្រីវ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា បានមានប្រសាសន៍៖ “ក្នុងពេលខាងមុខ សម្រាប់ឃុំឡាយហ្វា នឹងបន្តធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តនានារបស់មជ្ឈិម របស់គណៈកម្មាធិការបក្សក្រុង និងផែនការរបស់គណៈកម្មាធិការប្រជាជនក្រុង។ ផ្តោតលើសសរស្តម្ភទាំងបីគឺ សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋអំណាចឌីជីថល។ ក្នុងនោះ នឹងលើកកម្ពស់អត្រាសេវារដ្ឋ​អនឡាញ ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការដោះស្រាយបែបបទរដ្ឋបាល កសាងទម្រង់ផ្លាស់ប្តូរឌីជីថលឱ្យមានភាពជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកបម្រើបានល្អដល់ការងារគ្រប់គ្រងភូមិភាគ និងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរបស់ប្រជាជន ជួយឱ្យឃុំឡាយហ្វាអភិវឌ្ឍបានឆាប់ និងប្រកបដោយចីរភាព”។

ដោយការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការឯកភាពរបស់ប្រជាជន ការងារផ្លាស់ប្តូរឌីជីថលនៅឃុំឡាយហ្វាកំពុងសម្រេចបាននូវលទ្ធផលវិជ្ជមានជាបណ្តើរៗ រួមចំណែកលើកកម្ពស់គុណភាពនៃការបម្រើប្រជាជន ជំរុញការកែទម្រង់រដ្ឋបាល អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងឆ្ពោះទៅរកការកសាងភូមិភាគមួយថ្ងៃកាន់តែទំនើប និងស៊ីវិល័យ៕

ដាលីន-វ៉ាន់តឹន

ចែករំលែកអត្ថបទ