ដោយបោះបង់ចោលវិស្វករវារីវប្បកម្ម ដើម្បីចាប់យកក្តីស្រមៃក្លាយជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរ លោកគ្រូ លីហៀង បានធ្វើឱ្យសិស្សានុសិស្សនិងមិត្តរួមអាជីពនៃអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ គោរពរាប់អាន។ អស់រយៈពេលជាង ១៦ ឆ្នាំបង្រៀន លោកគ្រូតែងមានវិធីសាស្រ្តបង្រៀនសមស្រប ជួយឱ្យសិស្សនឹងនរចិត្តរៀនសូត្រ។

លោកគ្រូលីហៀង ក្នុងម៉ោងបង្រៀនមុខវិជ្ជាភាសាខ្មែរ។
ឆ្នាំ ២០១៣ បន្ទាប់ពីលាលែងពីការងារជាវិស្វករវារីវប្បកម្ម លោកគ្រូ ហៀង បានចុះកិច្ចសន្យាចូលបង្រៀនមុខវិជ្ជាភាសាខ្មែរនៅសាលា។ គ្រូបង្រៀន គឺជាវិជ្ជាជីវៈដែលលោកគ្រូពេញចិត្តតាំងពីយូរណាស់មកហើយ ពិសេសគឺបង្រៀនភាសាខ្មែរ។ លោកគ្រូ ហៀង ឱ្យដឹង៖ “ខ្ញុំបានបួសរៀនជាង ១០ ឆ្នាំ និងបានសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ម្ល៉ោះហើយភាសាខ្មែរបានដក់ជាប់ក្នុងបេះដូង។ ហេតុដូច្នោះ ខ្ញុំចង់យកចំណេះដឹងអំពីអក្សរខ្មែរ ទៅបង្រៀនដល់កូនចៅជនជាតិខ្មែរនៅតំបន់ជនបទអូរម៉ូង”។ ជាមួយប្តេជ្ញាចិត្តនោះ លោកគ្រូ ហៀង បានបន្តការសិក្សាផ្នែកគរុកោសល្យអក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យត្រាវិញ ហើយបានក្លាយជាគ្រូបង្រៀនភាសាខ្មែរជាផ្លូវការរបស់សាលារហូតមកដល់សព្វថ្ងៃ។
រយៈពេលច្រើនឆ្នាំមកនេះ លោកគ្រូ ហៀង បានសាលាប្រគល់ភារកិច្ចបង្រៀនភាសាខ្មែរដល់សិស្សថ្នាក់វិទ្យាល័យ និងបំប៉នសិស្សពូកែដើម្បីចូលរួមប្រឡងថ្នាក់ទីក្រុង និងប្រឡងវោហារកោសល្យនៅសាកលវិទ្យាល័យត្រាវិញ និងអាងយ៉ាង។ តាមប្រសាសន៍លោកគ្រូ ហៀង ដើម្បីឱ្យមានចំណេះដឹងជ្រៅជ្រះអំពីអក្សរខ្មែរ ចាំបាច់គឺត្រូវអានសៀវភៅ កាសែត ឱ្យបានច្រើន និងស្រាវជ្រាវវចនានុក្រមខ្មែរ - វៀត; វៀត-ខ្មែរ។ លោកគ្រូ ហៀង ចែករំលែក៖ “ក្នុងនាមជាគ្រូបង្រៀន ត្រូវតែរៀនសូត្រជានិច្ច ទើបមានចំណេះដឹងទូលំទូលាយនិងវិធីសាស្រ្តបង្រៀនល្អៗដល់សិស្ស។ ភារកិច្ចរបស់ខ្ញុំគឺធ្វើយ៉ាងណាឱ្យសិស្សរៀនដល់ថ្នាក់ទី ១២ មានគ្រប់លក្ខណៈប្រឡងយកវិញ្ញាបនបត្របញ្ចប់ថ្នាក់ទី ១២ ភាសាខ្មែរ”។ ជាមួយនឹងភារកិច្ចនោះ រាល់ម៉ោងរៀន លោកគ្រូ តែងរិះរកវិធីសាស្រ្តផ្លាស់ថ្មី និងបែងចែកក្រុមសិស្ស ដើម្បីងាយស្រួលក្នុងការបង្រៀន។ ចំពោះសិស្សដែលមិនទាន់ចេះអក្សរខ្មែរ គឺបង្កើតក្រុមបង្រៀនដោយឡែក ចំណែកសិស្សដែលចេះអក្សរហើយ គឺបង្រៀនដោយឡែក។ ក្នុងការបង្រៀន លោកគ្រូហៀង តែងភ្ជាប់មេរៀនទៅនឹងសភាពការណ៍ជាក់ស្តែង ប្រើប្រាស់រូបភាពឧទាហរណ៍រស់រវើក និងអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន ម្ល៉ោះហើយជួយឱ្យសិស្សងាយចងចាំ។ ប្អូនលី គឹមអៀង សិស្សថ្នាក់ទី ១១ ឱ្យដឹង៖ “ពេលទើបចូលរៀនថ្នាក់ទី ១០ ប្អូនមិនទាន់ចេះអក្សរខ្មែរច្រើនទេ ដូច្នេះលោកគ្រូបានបង្រៀនចាប់ពីមូលដ្ឋានក្នុងការរស់នៅរៀនសូត្រ និងបង្រៀនពីព្យញ្ជនៈប្រកបអក្សរនិងអាន ។ល។ ប្អូនៗចូលចិត្តលោកគ្រូបង្រៀន ពីព្រោះមានវិធីសាស្រ្តបង្រៀនងាយយល់ និងមានចំណេះដឹងទូលំទូលាយ។ ឥឡូវនេះ នៅពេលប្អូនៗចេះអក្សរហើយ លោកគ្រូបានបង្រៀនវេយ្យាករណ៍ខ្មែរ បង្រៀនពីរបៀបបែងចែកកិរិយាសព្ទ គុណនាម នាមសព្ទ ។ល។ និងណែនាំពីរបៀបតែងសេចក្តី ដូច្នេះប្អូនចូលចិត្តខ្លាំងណាស់”។
អ្នកគ្រូ ដាវធីសារ៉ន នាយិការងអនុវិទ្យាល័យ និងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ ឱ្យដឹង៖ “រយៈពេលជាង ១៦ ឆ្នាំបង្រៀនភាសាខ្មែរ លោកគ្រូ លីហៀង តែងអស់ពីចិត្តបង្ហាត់បង្រៀន ម្ល៉ោះហើយបន្ទាប់ពីប្រឡងបញ្ចប់វិទ្យាល័យ សិស្សចេះអាន ចេះសរសេរបានត្រឹមត្រូវ១០០%។ ប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងវិធីសាស្រ្តបង្រៀនល្អ មានប្រសិទ្ធភាព លោកគ្រូបានជួយឱ្យសិស្សជាច្រើនមានទំនុកចិត្តចូលរួមប្រឡងសិស្សពូកែថ្នាក់ទីក្រុង និងប្រឡងវោហារកោសល្យភាសាខ្មែរ ដណ្តើមបានរង្វាន់ខ្ពស់ជាច្រើនជូនសាលា”៕
យ្វីអាញ - លីសៀ