ក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលអភិវឌ្ឍខ្លាំងក្លា បណ្តាញសង្គមមិនត្រឹមតែជាកន្លែងតភ្ជាប់ ចែករំលែកព័ត៌មានប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាបណ្តាញដ៏មានប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយ អភិរក្សនូវតម្លៃវប្បធម៌ប្រពៃណីទៀតផង។ ចំពោះបងស្រី ឡឹមធីម៉ាយថាវ ជនជាតិខ្មែរនៅភូមិកញ្ចោងភ្នំពេញ ឃុំទីវកឹង ខេត្តវិញឡុង ការចែករំលែកភាសាខ្មែរលើបណ្តាញឌីជីថល មិនត្រឹមតែផ្តើមចេញពីទឹកចិត្តស្រឡាញ់ភាសាជាតិប៉ុណ្ណោះទេ ថែមទាំងជាបំណងប្រាថ្នាចង់រួមចំណែកអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរឱ្យបានទូលំទូលាយដល់សហគមន៍ទៀតផង។
.jpg)
បងស្រីឡឹមធីម៉ាយថាវ អ្នកសាយភាយភាសាខ្មែរលើបណ្តាញឌីជីថល។
រាល់វីដេអូរបស់បងស្រីថាវ មានខ្លឹមសារជិតស្និទ្ធ ដោយផ្តោតលើការណែនាំ និងពន្យល់ពីពាក្យពេចន៍ភាសាខ្មែរទូទៅជាភាសាវៀតណាម។ វីដេអូនីមួយៗមានរយៈពេលត្រឹមតែពីរបីនាទីប៉ុណ្ណោះ ប៉ុន្តែបានបង្ហាញយ៉ាងច្បាស់លាស់ ងាយយល់ ជួយឱ្យអ្នកទស្សនាងាយទទួលយកបាន និងងាយចងចាំ។ មិនប្រើបច្ចេកទេសកាត់តស្មុគស្មាញ គ្រាន់តែជ្រើសរើសវិធីបញ្ជូនសារបែបស្រទន់ ស្មោះត្រង់ បង្កនូវអារម្មណ៍ជិតស្និទ្ធ រវាងអ្នកដែលស្រឡាញ់ភាសា និងវប្បធម៌ជនជាតិ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ បណ្តាញរបស់បងស្រីមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងទាក់ទាញជនជាតិកិញជាច្រើន និងអ្នកដែលស្រឡាញ់វប្បធម៌បណ្តាជនជាតិនៅវៀតណាមផងដែរ។ តាមរយៈវីដេអូនីមួយៗ អ្នកទស្សនាមិនត្រឹមតែបានរៀនពាក្យថ្មីប៉ុណ្ណោះទេ ថែមទាំងយល់ដឹងកាន់តែច្បាស់អំពីលក្ខណៈពិសេសក្នុងការប្រព្រឹត្ត ប្រាស្រ័យទាក់ទង និងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរទៀតផង។ បើតាមបងស្រីថាវ ខាងក្រោយពាក្យពេចន៍នីមួយៗ គឺជាតម្លៃវប្បធម៌បានអភិរក្សជាច្រើនជំនាន់ណាស់មកហើយ។ ហេតុនេះ ការចែករំលែកភាសាខ្មែរក៏ជាដំណើររឿងអំពីអត្តសញ្ញាណជនជាតិ តាមរូបភាពដែលសមស្របនឹងនិន្នាការទទួលយកព័ត៌មានរបស់យុវជននាពេលបច្ចុប្បន្ន។
សេចក្តីស្រឡាញ់ចំពោះភាសាកំណើត បងស្រីបានចិញ្ចឹមចិត្តតាំងពីកុមារភាពក្នុងគ្រួសារ។ ធំដឹងក្តីឡើងជាមួយនឹងទំនុកបំពេររបស់លោកយាយ និងអ្នកម្តាយ បងស្រីបានបន្តរៀនអក្សរសាស្ត្រខ្មែរនៅតាមវត្តអារាមក្នុងភូមិស្រុក ចាប់ពីនោះមកក៏បានយល់ដឹងអំពីវេយ្យាករណ៍ ពាក្យពេចន៍ និងអត្ថន័យនៃតួអក្សរនីមួយៗ។ នេះក៏ជាមូលដ្ឋានគ្រឹះដើម្បីបងស្រីមានទំនុកចិត្តបង្កើតខ្លឹមសារ និងផ្សព្វផ្សាយចំណេះដឹងទៅកាន់សហគមន៍។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ វីដេអូនីមួយៗបងស្រីបានចំណាយពេលស្រាវជ្រាវឯកសារ និងផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងហ្មត់ចត់។ បងស្រីនៅទាំងទទួលបានការរួមដំណើរពីស្វាមី ដែលជាអ្នកមានចំណេះដឹងខាងភាសាបាលី ជួយពិនិត្យផ្ទៀងផ្ទាត់ខ្លឹមសារមុនពេលបង្ហោះផ្សាយ។
បងស៊ើងសាវ៉េត នៅឃុំសុងឡុក ខេត្តវិញឡុង គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលតាមដានវីដេអូរបស់បងស្រីថាវជាប្រចាំ បងបានចែករំលែក៖ "អ្នកនាងថាវ ណែនាំងាយយល់ របៀបរៀបរាប់ជិតស្និទ្ធម្ល៉ោះហើយធ្វើឱ្យអ្នកទស្សនាងាយទទួលយកបាន។ ខ្ញុំតែងដោះដូរបន្ថែមជាមួយគាត់អំពីពាក្យពេចន៍ខ្មែរមួយចំនួន។ សហគមន៍ពិតជាត្រូវការអ្នកដែលលះបង់អស់ពីចិត្ត ដើម្បីរួមគ្នាអភិរក្ស និងពង្រីកភាសានិយាយរបស់ជនជាតិ"។
.jpg)
បងស្រី ឡឹមធីម៉ាយថាវ កំពុងណែនាំការរៀនភាសាខ្មែរលើបណ្តាញឌីជីថល។
បច្ចុប្បន្ន បងស្រីថាវ គឺជាអនុប្រធានផ្នែកឱសថសាស្ត្រ - ធ្វើតេស្តនៃមជ្ឈមណ្ឌលសុខាភិបាលតំបន់ទីវកឹង។ ការងារមុខជំនាញដែលមានវេនប្រចាំការច្រើន មិនសូវមានពេលវេលាឡើយ ប៉ុន្តែរាល់ពេលទំនេរ បងស្រីតែងចំណាយពេលអានសៀវភៅ ស្វែងយល់ឯកសារ បង្កើតខ្លឹមសារ និងថតវីដេអូ។ ចំពោះបងស្រី ផលិតផលនីមួយៗដែលបានបង្ហោះ មិនមែនគ្រាន់តែជាខ្លឹមសារលើបណ្តាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេរៀនតូចមួយអំពីភាសា និងវប្បធម៌ដែលផ្ញើជូនសហគមន៍ផងដែរ។
ដំណើរផ្សព្វផ្សាយភាសាខ្មែររបស់បងស្រី ក៏មិនអាចជៀសផុតពីមតិផ្ទុយមួយចំនួន ឬការបញ្ចេញមតិខ្វះសុឆន្ទៈលើបណ្តាញសង្គមនោះដែរ។ ថ្វីដ្បិតដូច្នោះក្តី ជំនួសឱ្យការធ្លាក់ទឹកចិត្ត បងស្រីចាត់ទុកថាវាជាកម្លាំងចលករដើម្បីបន្តរៀនសូត្រ បំពេញបន្ថែមចំណេះដឹង និងលើកកម្ពស់គុណភាពខ្លឹមសារ។ ភាពអត់ធ្មត់នោះបានជួយឱ្យបណ្តាញរបស់បងស្រីកាន់តែទទួលបានការចាប់អារម្មណ៍ច្រើនឡើងៗ បានក្លាយជាអាសយដ្ឋានធ្លាប់ដឹងរបស់អ្នកដែលចង់ស្វែងយល់ពីអក្សរខ្មែរ។
ផ្តើមពីវីដេអូខ្លីៗដែលបានធ្វើឡើងដោយទឹកចិត្តលះបង់ និងសេចក្តីស្រឡាញ់ចំពោះភាសាកំណើត បងស្រីឡឹមធីម៉ាយថាវ កំពុងរួមចំណែកផ្សព្វផ្សាយភាសាខ្មែរឱ្យកាន់តែខិតជិតទៅដល់សាធារណជន ព្រមទាំងបំផុសគំនិតយុវជនជាច្រើនរួមគ្នាព្រួតដៃអភិរក្សភាសាជាតិលើបណ្តាញឌីជីថល។ ទង្វើរបស់បងស្រីបានបង្ហាញឱ្យឃើញ ការអភិរក្សវប្បធម៌មិនចាំបាច់ត្រូវចាប់ផ្តើមពីគម្រោងធំៗនោះទេ ប៉ុន្តែអាចផ្តើមចេញពីសកម្មភាពសាមញ្ញៗ និងព្យាយាមជារៀងរាល់ថ្ងៃ។ ការរួមចំណែកយ៉ាងស្ងៀមស្ងាត់ទាំងនោះហើយ ដែលកំពុងរួមចំណែកអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរនៅក្នុងជីវភាពទំនើប។
អត្ថបទ រូបថត៖ ស៊ើងម៉ាល័យ - លីសៀ