នៅតាមវត្តអារាមខ្មែរមិនត្រឹមតែជាកន្លែងគោរពជំនឿសាសនាប៉ុណ្ណោះទេ បច្ចុប្បន្នបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរចូលមកកាន់ភូមិស្រុក។ ចំពោះមុខនិន្នាការនេះ វត្តនីមួយៗបានរៀបចំទៅតាមទិសដៅរៀងៗខ្លួន មានវត្តខ្លះបានម្ចាស់ការកែទម្រង់ដើម្បីអភិវឌ្ឍ ចំណែកវត្តខ្លះទៀតបន្តរក្សាវិន័យធម៌អាថ៌យ៉ាងស្ងៀមស្ងាត់។ ភាពចម្រុះគ្នានៃទស្សនៈទាំងនេះ បានដាក់ចេញនូវចំណោទបញ្ហាដែលមានលក្ខណៈទាន់ហេតុការណ៍ គឺធ្វើដូចម្តេចដើម្បីទាញយកផលពីវិស័យទេសចរណ៍ និងអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែមិនធ្វើឱ្យបាត់បង់នូវព្រលឹងវប្បធម៌សាសនា។
ម្ចាស់ការអភិវឌ្ឍទេសចរណ៍ផ្លូវចិត្ត

ទេសភាពនៅវត្តបទុមវង្សាសំរោង។
ជាមួយនឹងប្រវត្តិកសាងតាំងពីឆ្នាំ ១៧២៥ វត្តបទុមវង្សាសំរោង ស្ថិតនៅសង្កាត់សុកត្រាំង ទីក្រុងកឹងធើ គឺជាភស្តុតាងនៃនិន្នាការអភិវឌ្ឍនេះ។ គណៈកម្មការវត្តបានម្ចាស់ការបើកទូលាយចន្លោះវប្បធម៌ តាមរយៈការកសាងសំណង់ស្ថាបត្យកម្មដ៏ស្កឹមស្កៃ ជំនួសឱ្យការបិទជិតតាមទម្លាប់ចាស់។ ការវិនិយោគនេះ មិនត្រឹមតែឆ្លើយតបនឹងតម្រូវការជំនឿសាសនាប៉ុណ្ណោះទេ នៅថែមទាំងក្លាយជាកម្លាំងចលករទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ខ្មែរទៅកាន់ភ្ញៀវទេសចរជិតឆ្ងាយទៀតផង។ ស្មារតីបើកចំហនោះ ស្ដែងឡើងយ៉ាងច្បាស់តាមរយៈសំណង់ស្ថាបត្យកម្មធំៗជាច្រើន។ ក្នុងនោះ សំណង់លេចធ្លោបំផុតគឺព្រះពុទ្ធបដិមាចូលបរិនិព្វានដ៏ធំសម្បើម ដែលមានប្រវែង ៧២ ម៉ែត្រ និងកម្ពស់ ២៩ ម៉ែត្រ ហើយត្រូវបានចាត់ទុកជាព្រះពុទ្ធបដិមាទ្រង់និព្វានធំបំផុតក្នុងប្រទេសវៀតណាម។ ផ្សារភ្ជាប់នឹងសម្រស់ដ៏ប្រណីតនៃព្រះវិហារ និងព្រះចេតិយ វត្តបទុមវង្សាសំរោងបានក្លាយជាទីសក្ការបូជា និងជាចំណុចទស្សនាដ៏លេចធ្លោរបស់ភូមិភាគ។
យោងតាមព្រះតេជព្រះគុណ លីឌឹក ព្រះចៅអធិការវត្តបទុមវង្សាសំរោង មានថេរដីកា៖ "អាស្រ័យរដ្ឋអំណាចភូមិភាគបង្កលក្ខណៈងាយស្រួលនិងអនុញ្ញាតច្បាប់ជួសជុល កសាងសំណង់នានាក្នុងវត្តឱ្យកាន់តែសមរម្យនិងល្អស្អាត។ ហេដ្ឋារចនាសម្ព័ន្ធរបស់វត្ត ត្រូវបានជួសជុល និងកសាងថ្មីយ៉ាងសមរម្យ។ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់នោះ ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទបានរួមគ្នាបរិច្ចាគធនធានដើម្បីកែលម្អទីអារាម។ បច្ចុប្បន្ន ទីនេះមិនត្រឹមតែជាទីសក្ការបូជាដ៏ថ្លៃថ្នូរប៉ុណ្ណោះទេ ថែមទាំងជាចំណុចទាក់ទាញភ្ញៀវទេសចរទៀតផង"។
ផ្ដើមចេញពីការម្ចាស់ការបង្កើតលំហវប្បធម៌នេះហើយ ទើបវត្តសំរោងបានក្លាយជាចំណុចទេសចរណ៍ដ៏គួរឱ្យទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះ។ បច្ចុប្បន្ន នៅពេលគេរំលឹកដល់វត្តសំរោង គឺមិនត្រឹមតែភ្ញៀវទេសចរក្នុងភូមិភាគប៉ុណ្ណោះទេ មានភ្ញៀវទេសចរមកពីបណ្ដាខេត្តក្រុងជិតខាងនានាក៏ស្គាល់យ៉ាងច្បាស់ផងដែរ។
រក្សាភាពស្ងប់ស្ងាត់នៃការបួសរៀន

ស្ថាបត្យកម្មព្រះវិហារវត្តសិរីតេជោមហាទប់។
វត្តវត្តសិរីតេជោមហាទប់(ឬហៅថា វត្តមហាទប់) គឺជាវត្តបុរាណដ៏ល្បីល្បាញមួយក្នុងចំណោមវត្តបុរាណនានានៃខេត្តសុកត្រាំងចាស់។ ដូចគ្នានឹងបណ្តាវត្តអារាមខ្មែរដទៃទៀតនៅលើភូមិឋានទីក្រុងដែរ វត្តមហាទប់មានរចនាបថស្ថាបត្យកម្មដិតដាមដោយវប្បធម៌ខ្មែរណាមបូ។ មិនត្រឹមតែប៉ុណ្ណោះ វត្តមានលក្ខណៈពិសេសដាច់ដោយឡែក រួមជាមួយនឹងរឿងរ៉ាវរៀបរាប់អំពីហ្វូងជ្រឹងដែលរស់នៅក្នុងវត្តដ៏អាថ៌កំបាំងនិងជក់ចិត្ត។ ក្នុងសម័យកាលដ៏រុងរឿង កេរដំណែលថ្នាក់ជាតិនេះ ធ្លាប់ជា "ម៉ាកសញ្ញា" ទេសចរណ៍ដ៏ល្បីល្បាញប្រចាំតំបន់ ដោយទាក់ទាញមនុស្សម្នាយ៉ាងកុះករមកធ្វើសក្ការបូជា និងទស្សនាផ្ទាល់ភ្នែកនូវហ្វូងជ្រឹងដ៏ធំសម្បើមដែលមានខ្លួនតោងជាប់នឹងមែកឈើនានាក្នុងវត្ត។
ប៉ុន្តែ ដោយការប្រែប្រួលពីបរិស្ថានធម្មជាតិនិងទេសភាពតាមពេលវេលា បានធ្វើឱ្យចំនួនភ្ញៀវទេសចរក្នុងស្រុកថយចុះយ៉ាងខ្លាំង។ ទោះបីជាមិនមានសភាពអ៊ូអរដូចដំណាក់កាលអភិវឌ្ឍន៍ដ៏រុងរឿងក្តី ប៉ុន្តែភាពស្ងប់ស្ងាត់និងធម្មជាតិដើមនៃវត្តមហាទប់នៅតែរក្សាបាននូវភាពទាក់ទាញដោយឡែក។ បច្ចុប្បន្ន វត្តនៅតែរក្សាបាននូវចំនួនភ្ញៀវទេសចរស្ថិរភាព ដែលភាគច្រើនជាភ្ញៀវទេសចរអន្តរជាតិ ដែលមានបំណងចង់ស្វែងយល់អំពីជម្រៅវប្បធម៌ និងជំនឿសាសនារបស់ប្រជាជនអ្នកស្រុក។
ចែករំលែកអំពីបញ្ហានេះ ព្រះតេជព្រះគុណ ឡឹមទូលិន ព្រះពហុស្សូតវត្តមហាទប់ មានថេរដីកា៖ “វត្តអារាមមិនមានទិសដៅអ្វីទាក់ទងនឹងការអភិវឌ្ឍវិស័យទេសចរណ៍នោះទេ។ ផ្ទុយទៅវិញ ព្រះសង្ឃគ្រប់ព្រះអង្គផ្តោតលើការប្រតិបត្តិធម៌វិន័យ ដើម្បីកសាងជីវិតល្អទាំងផ្លូវធម៌ និងផ្លូវលោក។ វត្តអារាមនៅតែបន្តរក្សាការរៀបចំពិធីបុណ្យប្រពៃណីផ្សេងៗ និងមានវង់ភ្លេងដើម្បីប្រគំកំដរភ្ញៀវទេសចរ ក្នុងបំណងថែរក្សាប្រពៃណីវប្បធម៌របស់ជនជាតិ។ ចំពោះលំហូរភ្ញៀវទេសចរមកកាន់វត្តអារាម គឺអាត្មាភាពនិងព្រះសង្ឃគ្រប់ព្រះអង្គតែងតែទទួលស្វាគមន៍ដោយចិត្តជ្រះថ្លានិងមេត្តាធម៌ជានិច្ច”។
ទោះបីជាគ្មានបំណងអភិវឌ្ឍវិស័យទេសចរណ៍ក្តី ប៉ុន្តែវត្តមហាទប់មិនដែលបិទជិតឬផ្ដាច់ចេញពីសហគមន៍ឡើយ។ បេតិកភណ្ឌអរូបីនៅតែបានវត្តអារាមផ្សព្វផ្សាយយ៉ាងប៉ិនប្រសប់ តាមរយៈការរក្សាលំហសម្តែងវង់ភ្លេងខ្សែប្រពៃណីនៅចំបរិវេណវត្តដើម្បីកំដរភ្ញៀវទេសចរ ព្រមទាំងរៀបចំថ្នាក់បង្រៀនសិល្បៈរបាំ ថ្នាក់រៀនអក្សរខ្មែរ និងភ្លេងពិណពាទ្យ ដែលរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។
ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងបណ្តាវត្តអារាមខ្មែរ តម្រូវឱ្យមានវិធីសាស្ត្រខិតជិតប្រកបដោយភាពបត់បែន និងសម្បូរបែប។ ទោះបីជាម្ចាស់ការទាក់ទាញភ្ញៀវទេសចរ ឬរក្សានូវតម្លៃប្រពៃណីស្ងប់ស្ងាត់ក៏ដោយ ក៏បេតិកភណ្ឌទាំងនេះសុទ្ធសឹងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជីវភាពរស់នៅ និងមុខរបរចិញ្ចឹមជីវិតរបស់មាមីងនៅក្នុងភូមិស្រុក។ តាមរយៈនោះ ការក្តាប់ច្បាស់ទស្សនៈពីបណ្តាវត្តអារាម ត្រូវបានចាត់ទុកថាជា "កូនសោរ" ដ៏សំខាន់ ជួយឱ្យវិស័យទេសចរណ៍របស់ភូមិភាគរៀបចំនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ល្អិតល្អន់ ប្រកបដោយចីរភាព និងបង្កប់ទៅដោយតម្លៃមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅក្នុងពេលខាងមុខ៕
ថាញហ៊ុង - ថាច់ធី
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ