25/06/2026 - 19:54

វត្ត​ខ្មែរ​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ បើក​ថ្នាក់​បង្រៀន​ភាសា​បា​លី រួម​ចំ​ណែក​បណ្តុះ​បញ្ញ​វន្ត​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​ខ្មែរ​ 

ឆ្នាំ​សិក្សា ២០២៦ - ២០២៧ វត្ត​ខ្មែរ​មួយ​ចំ​នួន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​បើក​ថ្នាក់​បង្រៀន​ភាសា​បា​លី ចាប់​ពី​ថ្នាក់​បា​លី​ទី ១ ដល់​ថ្នាក់​ទី ៣ ដើម្បី​បង្រៀន​អក្សរ​សាស្រ្ត  និង​ធម៌​វិន័យ​ដល់​សម​ណ​សិស្ស រួម​ចំណែក​អភិ​រក្ស​ភាសា អក្សរ​សាស្រ្ត និង​បង្ក​ប្រ​ភព​ដើម្បី​មាន​សិក្ខា​កាម​ចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​កឹង​ធើ។ 

សម​ណ​សិស្ស​ថ្នាក់​បា​លី​១ នៅ​វត្ត​ពោ​ធិ​សត្ថា​រាម សង្កាត់​ភូ​ឡើយ ទី​ក្រុង​កឹង​ធើ។ 

នៅ​វត្ត​ពោ​ធិ​សត្ថា​រាម សង្កាត់​ភូ​ឡើយ ទី​ក្រុង​កឹង​ធើ តែង​បើក​ថ្នាក់​បង្រៀន​ភាសា​បា​លី​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ បង​លី​ថាញ​ត្វឹង ជា​គ្រូ​បង្រៀន​នៅ​វត្ត​ពោ​ធិ​សត្ថា​រាម សង្កាត់​ភូ​ឡើយ ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ឆ្នាំ​សិក្សា ២០២៦ - ២០២៧ នេះ វត្ត​ពោ​ធិ​សត្ថា​រាម​បាន​បើក​ថ្នាក់​បា​លី​ទី​១។ ពី​មុន​វត្ត​ធ្លាប់​បើក​ថ្នាក់​ធម្ម​វិន័យ ចាប់​ពី​ថ្នាក់​ត្រី ថ្នាក់​ទោ​ដល់​ថ្នាក់​ឯក។ ដោយ​សម្រប​តាម​កាល​វេលា​និង​សង្គម និង​ដើម្បី​បង្ក​លក្ខ​ណៈឱ្យ​សម​ណ​សិស្ស​បាន​ចូល​រៀន​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ ម្ល៉ោះហើយ​វត្ត​បាន​បើក​ថ្នាក់​បា​លី​ទី​១ ទី​២ និង​ទី៣ ប៉ុន្តែ​នៅ​តែ​មិន​ចោល​ថ្នាក់​ធម្ម​វិន័យ។ តួ​យ៉ាង​ដូច​ថ្នាក់​បា​លី​ទី​១ នឹង​បំប៉ន​បន្ថែម​ធម្ម​វិន័យ​ថ្នាក់​ត្រី បា​លី​ទី​២ បំប៉ន​បន្ថែម​ធម្ម​វិន័យ​ថ្នាក់​ទោ​ និង​បា​លី​ទី​៣ បំប៉ន​បន្ថែម​ធម្ម​វិន័យ​ថ្នាក់​ឯក។ អា​ស្រ័យ​ហេ​តុ​នោះ ពេល​សម​ណ​សិស្ស​បញ្ចប់​ថ្នាក់​បា​លី​ទី​៣ (បា​លី​រង​) នឹង​មាន​ចំ​ណេះ​ដឹង​ទាំង​ផ្នែក​បា​លី និង​ធម្ម​វិន័យ”។

នៅ​វត្ត​ព្រែក​អណ្ដើក ឃុំ​ញូ​យ៉ា ទើប​បាន​បើក​ថ្នាក់​បង្រៀន​ភាសា​បា​លី​ក្នុង​អំ​ឡុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ទេ​។ អា​ចារ្យ លី​ថាញ គ្រូ​បង្រៀន​នៅ​វត្ត​ព្រែក​អណ្ដើក ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ឆ្នាំ​នេះ វត្ត​បាន​បើក​ថ្នាក់​បា​លី​ទី​១ និង​បា​លី​ទី​៣ មាន​សម​ណ​សិស្ស ២១ អង្គ។ ថ្នាក់​បង្រៀន​ភាសា​បា​លី​តែង​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ជា​ច្រើន ជួយ​ឱ្យ​សម​ណ​សិស្ស​យល់​ច្បាស់​អំ​ពី​ធម៌​វិន័យ សិក្ខា​បទ ផ្តើម​ពី​នោះ អាច​ណែ​នាំ​ពុទ្ធ​បរិ​ស័ទ​អនុ​វត្ត​បាន​ត្រឹម​ត្រូវ ក្រៅ​ពី​ភាសា​បា​លី សម​ណ​សិស្ស​នៅ​ទាំង​រៀន​មុខ​វិជ្ជា​ផ្សេងៗ​ទៀត​ដូច​ជា វេយ្យា​ករណ៍​ខ្មែរ វិន័យ ពុទ្ធ​ប្រ​វត្តិ សរ​សេរ​តាម​អាន… ដើម្បី​បំ​ពេញ​បន្ថែម”។

ម៉ោង​រៀន​របស់​សណ​សិស្ស​វត្ត​ព្រែក​អណ្ដើក ឃុំ​ញូ​យ៉ា។

ថ្នាក់​បង្រៀន​ភាសា​បា​លី​មិន​ត្រឹម​តែ​បាន​រៀន​ពី​អក្សរ​សាស្ត្រ និង​ធម៌​វិន័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បណ្តុះ​គុណ​ធម៌ និង​ប្រាជ្ញា​ដល់​សម​ណ​សិស្ស​ទៀត​ផង​។ ឆ្លង​តាម​រយៈ​ការ​រៀន​ពី​ព្រះ​ត្រៃ​បិដក គម្ពីរ សម​ណ​សិស្ស​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​ព្រះ​ធម៌ និង​ចេះ​របៀប​អនុ​វត្ត​ទៅ​ក្នុង​ជីវ​ភាព​អ្នក​បួស​។ ទន្ទឹម​នឹង​នោះ នេះ​ក៏​ជា​វិធី​សាស្រ្ត​ដើម្បី​ថែ​រក្សា​ភាសា និង​អក្សរ​សាស្រ្ត​ជាតិ ដែល​ជា​កត្តា​ដ៏​សំ​ខាន់​ផ្សារ​ភ្ជាប់​នឹង​វប្ប​ធម៌ ជំនឿ និង​អត្ត​សញ្ញា​ណ​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ។ ក្រោយ​ពី​បញ្ចប់​កម្ម​វិធី​សិក្សា​ថ្នាក់​បា​លី​រង​ សម​ណ​សិស្ស​ជា​ច្រើន​អាច​បន្ត​ការ​សិក្សា​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ អនុ​វត្ត​ចំ​ណេះ​ដឹង​ដែល​បាន​សិក្សា​ដើម្បី​បង្រៀន​បន្ត​ដល់​ជំនាន់​ក្រោយ អាច​និយាយ​បាន​ថា នេះ​ជា​ប្រ​ភព​ធន​ធាន​ព្រះ​សង្ឃ​រួម​ចំណែក​រក្សា​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ​បាន​យូរ​អង្វែង ទន្ទឹម​នឹង​នោះ​បណ្តុះ​កង​ជួរ​បញ្ញវន្ត​បម្រើ​ភូមិ​ស្រុក​ទៅ​អនាគត​ផង​ដែរ។

ក្នុង​បរិ​ការណ៍​សមា​ហរ​ណ​កម្ម  និង​អភិវឌ្ឍ ការ​អភិ​រក្ស​ភាសា អក្សរ​សាស្រ្ត​ជាតិ​កំ​ពុង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ ផ្នែក​គ្រប់​ថ្នាក់ និង​សហ​គមន៍។ បច្ចុប្បន្ន នៅ​ទី​ក្រុង​កឹង​ធើ មាន​វត្ត​ខ្មែរ​ជិត​៣០​វត្ត​  បាន​និង​កំ​ពុង​បើក​ថ្នាក់​បង្រៀន​ភាសា​បា​លី ក្នុង​នោះ​ មាន​វត្ត​ពោ​ធិ​សត្ថា​រាម​ និង​វត្ត​ព្រែក​អណ្តើក គឺ​ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​បាន​រួម​ចំណែក​អភិ​រក្ស និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​យ៉ាង​ជាក់​ស្តែង​។ នេះ​ជា​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​កសាង​កង​ជួរ​ស្នង​បន្ត​វេន​មាន​ចំ​ណេះ​ដឹង គុណ​ធម៌​គ្រប់​គ្រាន់ និង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អភិ​រក្ស​ភាសា និង​វប្ប​ធម៌​ខ្មែរ៕

ដា​លី​ន - វិមាន​

ចែករំលែកអត្ថបទ