ដើម្បីឧបត្ថម្ភប្រជាជនមកធ្វើអត្តសញ្ញាណប័ណ្ណ និងបើកដំណើរការគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិកក្នុងចំណុចកំពូល អនុវត្តយុទ្ធនាការ ៦០ ថ្ងៃនិងយប់របស់ទីក្រុងកឹងធើ សមាគមនារីឃុំលីវទូ បានសហការជាមួយសាខាសមាគមនារីនគរបាលឃុំលីវទូ រៀបចំទម្រង់ “អាហារ ០ ដុង” បំរើអាហារពេលព្រឹកនិងទឹកផឹកដោយឥតគិតថ្លៃជូនប្រជាជន។ សកម្មភាពដ៏មានអត្ថន័យនេះ មិនត្រឹមតែរួមចំណែកជួយសម្រាលការលំបាកនិងឧបត្ថម្ភមាមីងប៉ុណ្ណោះទេ ថែមទាំងបង្កបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងលើកទឹកចិត្តឱ្យប្រជាជនសកម្មចូលរួមបំពេញនីតិវិធីរដ្ឋបាលតាមប្រព័ន្ធឌីជីថលផងដែរ។
តាំងពីព្រឹកព្រលឹម សមាជិកាសមាគមនារីជាច្រើននាក់បានមកជួបជុំគ្នាដើម្បីរៀបចំគ្រឿងផ្សំ។ ទោះបីជាអាហារទាំងនេះតិចតួចក៏ដោយ ប៉ុន្តែបានបង្កប់នូវមនោសញ្ចេតនា ការទទួលខុសត្រូវរបស់កម្មាភិបាល សមាជិកាសមាគមនារីចំពោះសហគមន៍។ លោកស្រី វរសេនីយ៍ទោ ង្វៀងធីកេវ ប្រធានសាខាសមាគមនារីនគរបាលឃុំលីវទូ ឱ្យដឹង៖ “បងប្អូននារី រួមទាំងសមាជិកសម្ពន្ធយុវជនបានក្រោកពីព្រលឹមដើម្បីរៀបចំគ្រឿងផ្សំ ហើយទៅផ្សារនិងចម្អិនម្ហូបអាហារ។ ភ្ញាក់ពីដំណេកប្រហែលពីម៉ោង ២ - ៣ ទៀបភ្លឺនិងទៅផ្សារ ដើម្បីឱ្យទាន់ពេលរៀបចំអាហារដែលមានគុណភាពនិងធានាអនាម័យ។ ក្នុងអំឡុងពេលចូលរួម បងប្អូននារីទាំងអស់មានភាពសប្បាយរីករាយនិងសកម្ម រួមគ្នាចាប់តាំងពីដំណាក់កាលរៀបចំគ្រឿងផ្សំ ចម្អិនម្ហូបអាហារនិងវេចខ្ចប់ដាក់ប្រអប់ រហូតជូនដល់ដៃប្រជាជន"។

សមាគមនារីឃុំលីវទូ សហការជាមួយសាខាសមាគមនារីនគរបាលឃុំលីវទូ រៀបចំទម្រង់ “អាហារ ០ ដុង” បំរើអាហារពេលព្រឹកនិងទឹកផឹកដោយឥតគិតថ្លៃជូនប្រជាជន។
ម្នាក់ៗមានការងាររៀងៗខ្លួន អាហារពេលព្រឹកបានរៀបចំរួចរាល់យ៉ាងឆាប់រហ័សដើម្បីជូនប្រជាជនបានទាន់ពេលវេលា។ បងស្រី ផាងធីប៊ិចលៀង អនុប្រធានសមាគមនារីឃុំលីវទូ ឱ្យដឹង៖ “មាមីងមកបំពេញបែបបទឯកសាររដ្ឋបាលមានចំនួនច្រើនណាស់ ដូច្នេះមានករណីខ្លះមាមីងត្រូវរង់ចាំអស់រយៈពេលយូរដើម្បីបំពេញនីតិវិធីរដ្ឋបាល។ ដោយឃើញស្ថានភាពជាក់ស្តែង សាខាសមាគមនារីនគរបាលបានសហការជាមួយសមាគមនារីឃុំលីវទូ រៀបចំអាហារសហគមន៍ ដើម្បីចែករំលែកក្នុងអំឡុងពេលរង់ចាំ មាមីងស្ងប់អារម្មណ៍ជាងក្នុងពេលដោះស្រាយបែបបទរដ្ឋបាល” ។
ថវិកាអនុវត្តទម្រង់បានកៀរគរពីប្រភពសង្គមូបនីយកម្មផ្សេងៗ ដោយផ្តោតលើស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមក ដើម្បីបម្រើប្រជាជន។ ពេលរៀបចំម្ដងៗ អង្គភាពនានាឧបត្ថម្ភអាហារចាប់ពី ១០០ ដល់ ១៥០ ចំណែក មានដូច៖ នំបញ្ចុក នំប៉័ង បបរនិងទឹកផឹកដោយឥតគិតថ្លៃ។ ពេលប្រជាជនមកធ្វើអត្តសញ្ញាណប័ណ្ណ ធ្វើបច្ចុប្បន្នភាពព័ត៌មានឬបើកដំណើរការគណនី VNeID សុទ្ធតែបានស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃ ក្នុងអំឡុងពេលរង់ចាំបំពេញបែបបទរដ្ឋបាល។ បងស្រីថាច់ធីណី នៅឃុំលីវទូ ឱ្យដឹង៖ “មកទីនេះ ខ្ញុំទទួលបានអាហារពេលព្រឹកពីក្មួយៗ ហើយក្មួយៗបម្រើដោយអស់ពីចិត្តពីថ្លើម ពីព្រោះមាមីងភាគច្រើនមកតាំងពីព្រលឹម ហើយជួនក៏មិនទាន់បានទទួលទានអាហារនៅឡើយទេ ដូច្នេះ ទទួលបានអាហារដោយឥតគិតថ្លៃបែបនេះ ធ្វើឱ្យមាមីងសប្បាយរីករាយយ៉ាងខ្លាំង”។

សមាជិកាសមាគមនារីឃុំលីវទូ ជូនអាហារនិងទឹកផឹកដល់មាមីងដោយឥតគិតថ្លៃ។
មិនត្រឹមតែឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ សមាជិកាសមាគមនារីថែមទាំងសកម្មចូលរួមក្នុងការណែនាំប្រជាជនចុះឈ្មោះ បើកដំណើរការ រួមបញ្ចូលឯកសារនិងការប្រើប្រាស់កម្មវិធី VNeID រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថលនៅក្នុងសហគម។ តាមការឱ្យដឹងពីថ្នាក់ដឹកនាំនគរបាលឃុំលីវទូ ជារៀងរាល់ថ្ងៃ អង្គភាពទទួលប្រជាជនរាប់រយនាក់មកធ្វើអត្តសញ្ញាណប័ណ្ណ និងបើកដំណើរការគណនីអត្តសញ្ញាណអេឡិចត្រូនិក។ មិនត្រឹមតែនៅឃុំលីវទូប៉ុណ្ណោះទេ ថែមទាំងមកពីភូមិភាគជិតខាងទៀតផង។
ទម្រង់ “អាហារ ០ ដុង” គឺជាសកម្មភាពជាក់ស្តែងមួយ ពង្រីកតួនាទីរបស់អង្គការសមាគមនារីក្នុងការចូលរួមកំណែទម្រង់រដ្ឋបាល រួមដំណើរជាមួយកម្លាំងនគរបាលក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចបម្រើប្រជាជន។ លោកស្រី វរសេនីយ៍ទោ ង្វៀងធីកេវ ឱ្យដឹង៖ “ទោះបីជាអំណោយទាំងនេះមានតម្លៃតិចតួចក៏ដោយ ប៉ុន្តែបានបង្កប់នូវមនោសញ្ចេតនានិងទឹកចិត្តដ៏ច្រើនរបស់បងប្អូននារី ដែលបានចូលរួមដោយអស់ពីចិត្តពីថ្លើម និងទទួលខុសត្រូវ។ នៅពេលខាងមុខ យើងខ្ញុំសង្ឃឹមថា នឹងមានអ្នកឧបត្ថម្ភ និងអង្គភាពនានាជាច្រើន បន្តគាំទ្រ និងរួមដំណើរជាមួយសកម្មភាពដ៏មានអត្ថន័យបែបនេះ”។
អាហារពេលព្រឹកដោយឥតគិតថ្លៃ ដបទឹកសុទ្ធ ឬពាក្យណែនាំដោយអស់ពីចិត្តពីថ្លើមទោះបីជាសាមញ្ញក៏ដោយ ប៉ុន្តែបានរួមចំណែកផ្សព្វផ្សាយស្មារតីបម្រើប្រជាជន។ ទន្ទឹមនឹងនោះ បង្កកម្លាំងចិត្តដើម្បីប្រជាជនសកម្មចូលរួមក្នុងយុទ្ធនាការ ៦០ ថ្ងៃនិងយប់ អនុវត្តសម្រេចផែនការបើកដំណើរការនិងបញ្ចូលព័ត៌មានលើកម្មវិធី VNeID កម្រិត ២ រួមចំណែកកសាងរដ្ឋបាលទំនើប បម្រើប្រជាជនកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់៕
ដាលីន-ទីទុយ