ចូលរួមគាំទ្រសារលិខិត “បរិច្ចាគឈាមសង្គ្រោះមនុស្ស - ជាទង្វើដ៏ថ្លៃថ្នូរមួយ” កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធយុវជន យុវជននិងប្រជាជនលើភូមិឋានទីក្រុងកឹងធើ បានចូលរួមយ៉ាងសកម្ម។ តាមរយៈនោះ បានប្រទះឃើញគំរូបរិច្ចាគឈាមស្ម័គ្រចិត្តជាច្រើន។

អ្នកគ្រូ វ៉ធីឡែហាំង ចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត។
តួយ៉ាងដូចអ្នកគ្រូ វ៉ធីឡែហាំង ជាគ្រូបង្រៀននៅសាលាបឋមសិក្សាឡុងភូ A បានបរិច្ចាគឈាមចំនួន ៣៦ លើក។ ដោយគិតថា “រាល់តំណក់ឈាមដែលបរិច្ចាគ - ជីវិតមនុស្សម្នាក់រស់ឡើងវិញ” ហើយការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺដើម្បីចែករំលែកការលំបាកចំពោះអ្នកជំងឺដែលកំពុងត្រូវ ការឈាម ម្ល៉ោះហើយ អ្នកគ្រូហាំង បានចូលរួមបរិច្ចាគឈាមចាប់ពីឆ្នាំ ២០១២ រហូតដល់ពេល នេះ។ ពេលកាកបាទក្រហមបំផុសចលនាបរិច្ចាគឈាមម្តងៗ អ្នកគ្រូតែងចូលរួម។ ពីព្រោះគាត់យល់ថា ពេលបរិច្ចាគឈាមរួច រាងកាយយើងបន្តផលិត ឈាមថ្មីល្អសម្រាប់សុខភាព ហើយនៅទាំងបានជួយអ្នកជំងឺដែលកំពុងត្រូវការឈាមសង្គ្រោះបន្ទាន់ និងព្យាបាលទៀតផង។ ព្រោះហេតុនោះ អ្នកគ្រូហាំង តែងបរិច្ចាគឈាមពី ២ ដល់ ៣ លើកក្នុងមួយឆ្នាំ។ អ្នកគ្រូហាំង ឱ្យដឹង៖ “តំណក់ឈាមដែលបរិច្ចាគ បាននាំមកនូវភាពជឿជាក់ ក្តីសង្ឃឹមរស់រាន មានជីវិត មិនចំពោះតែអ្នកទទួលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវក្តីរីករាយនិងសុភមង្គលដល់សាច់ញាតិ គ្រួសារអ្នកជំងឺទៀតផង ដូច្នេះខ្ញុំនឹងបន្តបរិច្ចាគឈាមពេលសុខភាពរបស់ខ្ញុំនៅល្អ។ ជាច្រើនឆ្នាំមកនេះ ទោះបីបានបរិច្ចាគឈាមច្រើនលើកក៏ដោយ ប៉ុន្តែសុខភាពរបស់ខ្ញុំនៅតែល្អមាំមួន នៅតែចូលថ្នាក់បង្រៀនមួយថ្ងៃពីរពេល និងគិតគូរដល់គ្រួសារបានល្អ។ កាន់តែមោទនភាពជាងទៀត ពេលដឹងថាឈាមរបស់ខ្ញុំបានជួយសង្គ្រោះដល់អ្នកណានិងមាន ជំងឺអ្វីទៀតនោះ”។
ផ្តើមពីការស្ម័គ្រចិត្តរបស់អ្នកគ្រូឡែហាំង បានញ៉ាំងឱ្យចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនៅសាលាបឋមសិក្សាឡុងភូ A កាន់តែរីកសាយភាយ។ មកដល់ពេលនេះ គ្រូបង្រៀនរបស់សាលាស្ទើរតែទាំងអស់សុទ្ធតែបានចូលរួមបរិច្ចាគឈាមពី ៣ ដល់ជាង ១០ លើក។ តួយ៉ាងដូចអ្នកគ្រូហ្វិញធីវៀតធ្វី ក៏បានបរិច្ចាគឈាមស្ម័គ្រចិត្តចំនួន ១៥ លើក។ អ្នកគ្រូ វៀតធ្វី ឱ្យដឹង៖ “ការបរិច្ចាគឈាមបានក្លាយជាចលនាមួយក្នុងទូទាំងសង្គម ខ្ញុំឃើញផលប្រយោជន៍នៃការបរិច្ចាគឈាម គឺបានពិនិត្យសុខភាពដោយឥតគិតថ្លៃ។ ពិសេស ពេលបរិច្ចាគឈាមរួច រាងកាយ នឹងបង្កើតឈាមថ្មីឡើងវិញ ធ្វើឱ្យរាងកាយមានសុខភាពល្អនិងស្បែកភ្លឺថ្លា។ ខ្ញុំសង្ឃឹមថា អ្នកស្ម័គ្រចិត្តដែលមានសុខភាពគ្រប់គ្រាន់ ចូរស្ងប់អារម្មណ៍បរិច្ចាគឈាម ហើយយើងត្រូវគិតថា តំណក់ឈាមដែលយើងបរិច្ចាគទៅនឹងជួយដល់អ្នកជំងឺដែលត្រូវការឈាមដើម្បីរស់ ហើយការបរិច្ចាគឈាមក៏ជាទង្វើល្អ មួយមានផលប្រយោជន៍ដល់សង្គមទៀតផង”។
តាមប្រសាសន៍លោក ហូក្វឹកហុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ A ការបរិច្ចាគឈាមគឺជាទង្វើមនុស្សធម៌ដ៏ថ្លៃថ្នូរដើម្បីសហគមន៍។ រាល់ឯកតាឈាមរបស់យើងបានបរិច្ចាគ នឹងផ្តល់ឱកាសរស់បន្ថែមដល់អ្នកជំងឺជាច្រើនដែលកំពុងត្រូវការឈាមសម្រាប់ព្យាបាលនៅតាមគ្រឹះស្ថានសុខាភិបាល។ ការបរិច្ចាគឈាមស្ម័គ្រចិត្តរបស់អ្នកគ្រូឡែហាំង និងអ្នកគ្រូវៀតធ្វី បានសាយភាយស្មារតីទទួលខុសត្រូវ បង្កកម្លាំងជំរុញដើម្បីកម្មាភិបាល បក្ខជន សម្ព័ន្ធយុវជន យុវជន និងប្រជាជនយ៉ាងច្រើន បំផុតគឺ កងជួរគ្រូបង្រៀន ឱ្យសកម្មចូលរួមក្នុងចលនាបរិច្ចាគឈាមសង្គ្រោះមនុស្ស៕
យ្វីអាញ-វិមាន