18/06/2026 - 07:27

គ្រប់​យ៉ាង​ដើម្បី​អនា​គត​កូនៗ 

នៅ​តំ​បន់​ជន​បទ ជីវ​ភាព​របស់​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​នៅ​ជួប​ការ​លំ​បាក ប៉ុន្តែ​នៅ​តែ​ប្ដេជ្ញា​ចិត្ត​គិត​គូរ ចិញ្ចឹម​កូនៗ​រៀន​សូត្រ​ដើម្បី​មាន​អនា​គត​ល្អ​ប្រ​សើរ។ តួ​យ៉ាង​ដូច​ជា លោក​លី​ហ្វា​ប៊ិញ នៅ​ភូមិ​បឹង​កក់  និង​លោក​ត្រឹង​ថាញ នៅ​ភូមិ​ពពុះ​ទឹក ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ បាន​ជម្នះ​ការ​លំ​បាក​នឿយ​ហត់ ដើម្បី​ចិញ្ចឹម​កូន​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម មាន​ការ​ងារ​ធ្វើ​និង​មាន​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព។

លោក លី​ហ្វា​ប៊ិញ មោទន​ភាព​ចំ​ពោះ​លទ្ធ​ផល​រៀន​សូត្រ​របស់​កូនៗ។

ពេល​រំលឹក​ដល់​លោក លី​ហ្វា​ប៊ិញ អ្នក​ភូមិ​បឹង​កក់​គ្រប់​គ្នា​តែង​កោត​សរ​សើរ​គាត់ មាន​ដី​ស្រែ​ត្រឹម​តែ ៥ កុង​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​អាច​ចិញ្ចឹម​កូន ២ នាក់​រៀន​មហា​វិទ្យា​ល័យ​និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង។

ជា​ច្រើន​ឆ្នាំ​កន្លង ក្រៅ​ពី​ធ្វើ​ស្រែ​ដើម្បី​មាន​ប្រាក់​សម្រាប់​ឱ្យ​កូន​រៀន​សូត្រ លោក​ប៊ិញ ថែម​ទាំង​ទៅ​ធ្វើ​កម្ម​ករ​នៅ​រោង​ចក្រ​កិន​ស្រូវ​មួយ​កន្លែង​នៅ​ទី​តាំង ផ្សារ​សុក​ត្រាំង  ចំ​ណែក​ប្រ​ពន្ធ​ទៅ​ធ្វើ​ការ​បក​បង្គា​នៅ​ក្រុម​ហ៊ុន។ លោក​ប៊ិញ រៀប​រាប់៖ “ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ ពេល​យប់​ទើប​ត្រ​ឡប់​មក​ផ្ទះ​ម្នាក់ៗ សុទ្ធ​តែ​ហត់​នឿយ ប៉ុន្តែ​តែង​លើក​ទឹក​ចិត្ត​គ្នា ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ចិញ្ចឹម​កូន​រៀន​សូត្រ កុំ​ឱ្យ​ធ្លាក់​ខ្លួន​ក្រី​ក្រ និង​លំ​បាក​ដូច​យើង​ទៀត។ ប្រាក់​ដែល​រក​បាន​ទាំង​ប៉ុន្មាន គឺ​សន្សំ​ផ្ញើ​ឱ្យ​កូន​ពី ៣ ទៅ ៥ លាន​ដុង​ក្នុង​មួយ​ខែ ដើម្បី​ឱ្យ​កូនៗ​បាន​ស្ងប់​អា​រម្មណ៍​រៀន​សូត្រ​បាន​ល្អ”។

ជីវ​ភាព​ក្រី​ក្រ​និង​ហត់​នឿយ​ រឹត​តែ​ធ្វើ​ឱ្យ​កូនៗ​របស់​លោក​ប៊ិញ ខិត​ខំ​រៀន​សូត្រ​ឱ្យ​បាន​ពូ​កែ​និង​រៀន​ចប់​មហា​វិទ្យា​ល័យ។ បច្ចុប្បន្ន កូន​ទាំង ២ នាក់ កំ​ពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ក្នុង​តំ​បន់​ឧស្សាហ​កម្ម​អាង​ង៉េប ទី​ក្រុង​កឹង​ធើ និង​មាន​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព។ ជា​មួយ​ការ​អត់​ធ្មត់ ស៊ូ​លំ​បាក​ដើម្បី​ចិញ្ចឹម​កូន​រៀន​សូត្រ បាន​បើក​ផ្លូវ​ឱ្យ​កូនៗ​របស់​គាត់​ឆ្ពោះ​ទៅ​រក​អនា​គត​ភ្លឺ​ស្វាង។ លោក​ប៊ិញ រៀប​រាប់៖ “ការ​វិ​និយោគ​លើ​ការ​អប់​រំ គឺ​ជា​ការ​វិ​និ​យោគ​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​អនា​គត​របស់​កូនៗ។ ឥ​ឡូវ​នេះ កូន​ៗ​មាន​ការ​ងារ​ធ្វើ មាន​ប្រាក់​ចំ​ណូល​លំ​នឹង ខ្ញុំ​អស់​បា​រម្ភ លែង​ទៅ​ធ្វើ​ការ​លី​សែង​ដូច​មុន​ទៀត នៅ​ផ្ទះ​ធ្វើ​ស្រែ និង​ដាំ​ដំ​ណាំ​រួម​ផ្សំ”។

ផ្ទះ​ក្រ គ្មាន​ដី​ផលិត ថែម​ទាំង​ជា​យុទ្ធ​ជន​ពិការ មិន​អាច​ធ្វើ​ការ​ងារ​ធ្ងន់​បាន ប៉ុន្តែ​លោក​ត្រឹង​ថាញ នៅ​ភូមិ​ពពុះ​ទឹក នៅ​តែ​ជម្នះ​រាល់​ឧប​សគ្គ​ដើម្បី​ចិញ្ចឹម​កូន​ឱ្យ​រៀន​សូត្រ​មាន​ចំ​ណេះ​ដឹង។ រាល់​ថ្ងៃ ដើម្បី​មាន​ប្រាក់​ចិញ្ចឹម​កូន​រៀន ប្រ​ពន្ធ​របស់​លោក​ថាញ តែង​ក្រោក​ពី​ព្រ​លឹម​ធ្វើ​បង្អែម​និង​ដាំ​បបរ​លក់​នៅ​ពេល​ព្រឹក ចំ​ណែកលោក​ថាញ រត់​ម៉ូ​តូ​ឌុប ហើយ​អ្នក​ណា​ពឹង​ពាក់​ឱ្យ​ជួយ​សរ​សេរ​លិ​ខិត​ស្នាម​អ្វី​ក៏​ជួយ​ដែរ អ្នក​ភូមិ​អា​ណិត​ស្រ​ឡាញ់​ជូន​ប្រាក់​ប៉ុន្មាន​ក៏​បាន​ដែរ។ ប្រាក់​ដែល​រក​បាន​ទាំង​ប៉ុន្មាន លោក​ថាញ សន្សំ​ទុក​ដើម្បី​ផ្ញើ​ឱ្យ​កូន​ស្រី​រៀន​មហា​វិទ្យា​ល័យ​នៅ​ទី​ក្រុង​ហា​ណូយ។ ទោះ​ជា​ជីវ​ភាព​មាន​ការ​លំ​បាក នឿយ​ហត់​ក៏​ដោយ ប៉ុន្តែ​ប្ដី​ប្រ​ពន្ធ​គាត់​តែង​តែ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​ខិត​ខំ​ជម្នះ​លំ​បាក​ ដើម្បី​ឱ្យ​កូន​មាន​ចំ​ណេះ​ដឹង មាន​មុខ​របរ​លំ​នឹង គិត​គូរ​ពី​ជីវ​ភាព។

មិន​ធ្វើ​ឱ្យ​ខក​បំ​ណង​ចំ​ពោះ​ការ​ហត់​នឿយ​របស់​ឪ​ពុក​ម្ដាយ កូន​ស្រី​លោក​ថាញ់ រៀន​ចប់​មហា​វិទ្យា​ល័យ ក្លាយ​ជា​អ្នក​បក​ប្រែ​ភា​សា​ឱ្យ​ក្រុម​ហ៊ុន​បរ​ទេស នៅ​តំ​បន់​ឧស្សាហ​កម្ម​អាង​ង៉េប រក​បាន​ប្រាក់​ចំ​ណូល ពី​ ១០ - ២០ លាន​ដុង​ក្នុង​មួយ​ខែ។ លោក​ថាញ និយាយ​ទាំង​ក្តី​រំភើប៖ “ឥ​ឡូវ​នេះ កូន​ស្រី​មាន​ការ​ងារ​ធ្វើ មាន​ប្រាក់​ចំ​ណូល​លំ​នឹង និង​កតញ្ញូ​ចំ​ពោះ​ឪ​ពុក​ម្ដាយ ដូច្នេះ នេះ​ជា​សុភ​មង្គល​ដ៏​ពិត​ប្រាកដ។ ការ​លះ​បង់​និង​ភាព​ហត់​នឿយ​របស់​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​គឺ​ពិត ជា​មាន​តម្លៃ​ណាស់ ព្រោះ​បាន​មក​វិញ​នូវ​ភាព​ជោគ​ជ័យ​និង​អនា​គត​ភ្លឺ​ស្វាង​របស់​កូន”៕

  យ្វី​អាញ​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ