មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/04/2026 - 07:53

អនុ​វត្ត​វិទ្យា​សាស្រ្ត - បច្ចេក​ទេស ជួយ​លើក​កម្ពស់​តម្លៃ​កសិ​ផល 

ជា​មួយ​នឹង​បញ្ហា​ប្រ​ឈម​ជា​ច្រើន​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ សត្វ​ល្អិត​បំ​ផ្លាញ និង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​របស់​ទី​ផ្សារ​អំ​ពី​គុណ​ភាព ការ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​បែរ​មក​អនុ​វត្ត​វិទ្យា​សាស្រ្ត - បច្ចេក​ទេស​ចូល​ក្នុង​ផលិត បាន​ក្លាយ​ជា​កត្តា​ដ៏​សំ​ខាន់​ជួយ​ឱ្យ​កសិ​ករ​នៅ​ទី​ក្រុង​កឹង​ធើ លើក​កម្ពស់​តម្លៃ​កសិ​ផល។

លោក​ង្វៀង​វ៉ាំង​ស៊ើង (ខាង​ស្តាំ) នៅ​ឃុំ​ទ្រឿង​ខាញ់ ទទួល​បាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ពី​ទម្រង់​ដាំ​ជម្ពូ​ក្នុង​ផ្ទះ​សំ​ណាញ់។

ក្នុង​បំ​ណង​ចង់​លើក​កម្ពស់​គុណ​ភាព​កសិ​ផល កសិ​ករ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ និង​អនុ​វត្ត​វិទ្យា​សាស្រ្ត - បច្ចេក​ទេស​ក្នុង​ផលិត។ ក្នុង​នោះ លេច​ធ្លោ​ជាង​គេ​គឺ​ទម្រង់​ដាំ​ជម្ពូ​បៃ​តង​ក្នុង​ផ្ទះ​សំ​ណាញ់​របស់​លោក​ង្វៀង​វ៉ាំង​ស៊ើង នៅ​ភូមិ​ភូធឺ ឃុំ​ទ្រឿង​ខាញ់។ កាល​ពី​មុន គ្រួ​សារ​លោក​ធ្វើ​ស្រែ​ជា​ចម្បង ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មិន​សូវ​ខ្ពស់។ លុះ​ដល់​ឆ្នាំ ២០០២ ចៃ​ដន្យ​លោក​ទិញ​បាន​ពូជ​ជម្ពូ​បៃ​តង ផ្អែម​យក​មក​ដាំ​សាក​ល្បង ឃើញ​ថា​ជម្ពូ​បៃ​តង​ផ្អែម​នេះ លូត​លាស់​ល្អ ផ្លែ​ធំ​ផ្អែម និង​ងាយ​ស្រួល​ថែ​ទាំ ទើប​លោក​សម្រេច​ចិត្ត​បង្វែរ​ដី​ស្រែ ៣ ហិក​តា មក​ដាំ​ជម្ពូ​វិញ។ ជំ​នួស​ឱ្យ​ការ​ច្រក​ថង់​ការ​ពារ​ផ្លែ​តាម​បែប​បុ​រាណ លោក​ស៊ើង បាន​វិនិ​យោគ​ប្រ​ព័ន្ធ​សំ​ណាញ់​គ្រប​ដណ្តប់​សួន​ទាំង​មូល។ លោក​ស៊ើង ឱ្យ​ដឹង៖ “ការ​ដាំ​ជម្ពូ​ក្នុង​ផ្ទះ​សំ​ណាញ់​នាំ​មក​នូវ​ផល​ប្រ​យោជន៍​ជា​ច្រើន ជួយ​កាត់​បន្ថយ​ចំ​ណាយ និង​កម្លាំង​ពល​កម្ម ដោយ​សារ​មិន​បាច់​ប្រើ​ថង់​ប្លា​ស្ទិក​សម្រាប់​ច្រក​ផ្លែ​នី​មួយៗ​ឡើយ។ ស្រ​ទាប់​សំ​ណាញ់​ថែម​ទាំង​ជួយ​កាត់​បន្ថយ​កម្ដៅ​ក្នុង​សួន រក្សា​សំ​ណើម​បាន​ល្អ អា​ស្រ័យ​ហេតុ​នោះ អាច​សន្សំ​សំ​ចៃ​ទឹក​ស្រោច​ស្រព​បាន​ប្រ​ហែល​ពី ៣០% ដល់ ៤០% បើ​ធៀប​នឹង​ការ​ដាំ​ដុះ​តាម​បែប​បុរាណ។ ជា​ពិ​សេស គឺ​ទប់​ស្កាត់​បាន​សត្វ​ល្អិត​បំ​ផ្លាញ ធ្វើ​ឱ្យ​ជម្ពូ​មាន​ផ្លែ​ធំ ស្អាត ឆ្លើយ​តប​បាន​តាម​បទ​ដ្ឋាន​កសិ​ផល​ជ្រះ​ស្អាត”។ ជា​មួយ​នឹង​ដើម​ជម្ពូ​បៃ​តង​ផ្អែម​ចំ​នួន ២.០០០ ដើម លើ​ផ្ទៃ​ដី ៣ ហិក​តា ក្នុង​មួយ​ឆ្នាំៗ​ផ្តល់​ទិន្ន​ផល​ប្រ​ហែល ១០ តោន តម្លៃ​លក់​ចន្លោះ​ពី ៥០​.០០០ ដុង​ដល់ ៨០​.០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។ ក្រោយ​ពេល​ទូ​ទាត់​ចំ​ណាយ​រួច លោក​ទទួល​បាន​ប្រាក់​ចំ​ណេញ​ប្រ​មាណ ៥០០ លាន​ដុង ដែល​ខ្ពស់​ជាង​ការ​ធ្វើ​ស្រែ​ឆ្ងាយ​ណាស់។

អា​ស្រ័យ​ដោយ​ការ​អនុ​វត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ បាន​ជួយ​ដល់​គ្រួ​សារ​លោក​ថាច់​ផល នៅ​ភូមិ​រ៉ាច់​សេន ឃុំ​ញូ​យ៉ា បន្ថយ​បាន​ចំ​ណាយ​ផលិត​កម្លាំង​ពល​កម្ម និង​បង្កើន​ទិន្ន​ផល​ដំ​ណាំ​រួម​ផ្សំ។ លោក​ផល ឱ្យ​ដឹង៖ “ជា​មួយ​នឹង​ផ្ទៃ​ដី​ដាំ​ខ្ទឹម​ស្លឹក ២.៥០០ ម៉ែត្រ​កា​រ៉េ ការ​ស្រោច​ស្រព​និង​ថែ​ទាំ​គឺ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ចាប់​តាំង​ពី​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​មក ការ​បង្ក​បង្កើន​ផល​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ដំ​ណាំ​លូត​លាស់​ល្អ និង​ផ្តល់​ទិន្ន​ផល​ខ្ពស់​ជាង​ការ​ដាំ​ដុះ​តាម​បែប​បុ​រាណ”។

លោក ដាំង​តឹង​យ៉ាង អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ “ការ​អនុ​វត្ត​វិទ្យា​សាស្រ្ត - បច្ចេក​ទេស មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​បើក​ចេញ​នូវ​ទិស​ដៅ​ថ្មី ក្នុង​ការ​ផ្លាស់​ប្តូរ​ពី​ផលិត​កសិ​កម្ម​តាម​បែប​សា​មញ្ញ ទៅ​ជា​ផលិត​ទំ​និញ បង្កើន​ប្រាក់​ចំ​ណូល​ជូន​កសិករ ឈាន​ទៅ​រក​ការ​លើក​កម្ពស់​ទិន្ន​ផល គុណ​ភាព​ផលិត​ផល ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​របស់​ទី​ផ្សារ”៕

                                    ថាញ​វ៉ាង - ថាច់​ធី

ចែករំលែកអត្ថបទ