24/03/2026 - 11:35

ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​សម្ដែង​បម្រើ​ទស្ស​និក​ជន​ក្នុង​រដូវ​ប្រាំង 

ជា​រៀង​រាល់​ឆ្នាំ រដូវ​ប្រាំង​គឺ​ជា​ពេល​វេលា​ដែល​ពន្លឺ​ភ្លើង​ឆាក​សិល្បៈ​ល្ខោន​យូរ​កេ​បាន​ចាប់​ផ្តើម​បំ​ភ្លឺ​ឡើង​ដើម្បី​សម្ដែង​បម្រើ​ជូន​ជន​រួម​ជាតិ។ មុន​ពេល​ឈាន​ចូល​រដូវ​កាល​ចេញ​ទៅ​សម្តែង​ឆ្នាំ​នេះ ក្រុម​សិល្បៈ​ខ្មែរ​របស់​ទី​ក្រុង​បាន​ហាត់​សម​យ៉ាងសស្រាក់​សស្រាំ និង​ដំ​ឡើង​ឈុត​ឆាក​តាំង​ពី​ចម្ងាយ ដោយ​បំ​ណង​នាំ​យក​នូវ​ឈុត​សម្ដែង​ពិ​សេសៗ​បម្រើ​ជូន​ទស្ស​និក​ជន។

សកម្ម​ភាព​ចេញ​ទៅ​សម្តែង​របស់​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ។ 

ឆ្នាំ​នេះ ក្រោយ​ពី​ការ​រួម​បញ្ចូល​ខេត្ត​មក​ភូមិ​ឋាន​សកម្ម​ភាព​របស់​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ (មុន​នេះ​គឺ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង) បាន​​ធំ​ទូលាយជាង​មុន​ ផ្ដើម​ពី​នោះ ទាម​ទារ​ថ្នាក់​ដឹក​នាំ​ក្រុម និង​សិល្ប​ករ សិល្ប​កា​រិនី ត្រូវ​ក្តាប់​ឱ្យ​ច្បាស់​ពី​តម្រូវ​ការ​របស់​ទស្ស​និក​ជន ក៏​ដូច​ជា​ខ្នះ​ខ្នែង​និ​ពន្ធ និង​ហ្វឹក​ហាត់​នូវ​ឈុត​ឆាក​ពិ​សេសៗ ដើម្បី​បម្រើ​តម្រូវ​ការ​កម្សាន្ត​សប្បាយ​របស់​មា​មីង​ជន​រួម​ជាតិ។ ទន្ទឹម​នឹង​នោះ ដើម្បី​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ថ្មី បម្រើ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​នូវ​ភារ​កិច្ច​នយោ​បាយ និង​ភារ​កិច្ច​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ថ្នាក់​ដឹក​នាំ​ក្រុម ក៏​បាន​ផ្លាស់​ថ្មី​ជា​បណ្ដើរៗ និង​លើក​កម្ពស់​គុណ​ភាព​នៃ​កម្ម​វិធី​សិល្បៈ​នា​នា​ផង​ដែរ។ ក្នុង​នោះ ក្រុម​បាន​ហ្វឹក​ហាត់ និង​និពន្ធ​រឿង​ល្ខោន​យូរ​កេ​ថ្មី​ចំ​នួន ០៣ រឿង រួម​ជា​មួយ​ឈុត​ឆាក​ចម្រៀង និង​របាំ​ថ្មីៗ​យ៉ាង​ពិ​សេស ដើម្បី​ត្រៀម​បម្រើ​សា​ធា​រណ​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ថ្មី។

លោក​ស៊ើង​ណេង – ថ្នាក់​ដឹក​នាំ​កា​រិយា​ល័យ​រដ្ឋ​បាល​ចម្រុះ​នៃ​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ “ដើម្បី​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​សម្តែង​បម្រើ​ឱ្យ​បាន​ល្អ​នូវ​ភារ​កិច្ច​នយោ​បាយ កិច្ច​ការ​បរ​ទេស និង​ជា​ពិ​សេស​គឺ​បម្រើ​ប្រ​ជា​ជន​ឱ្យ​បាន​ល្អ​បំ​ផុត។ រយៈ​ពេល​កន្លង គណៈ​ដឹក​នាំ​ក្រុម ក៏​បាន​ដាក់​ចេញ​នូវ​ភារ​កិច្ច និង​ដំ​ណោះ​ស្រាយ​ជា​ច្រើន។ ទី​មួយ ផ្ដោត​លើ​ការ​អា​ទិភាព​ធន​ធាន​មនុស្ស ជា​ពិ​សេស​គឺ​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់ ដោយ​ផ្តល់​អា​ទិភាព​ជ្រើស​រើស​កូន​ចៅ​ដែល​មាន​កម្រិត​ជំ​នាញ​ឯក​ទេស មាន​បំ​ណិន​សិល្បៈ និង​បទ​ដ្ឋាន​មួយ​ចំ​នួន​ទៀត... ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ល្អ​នូវ​តម្រូវ​ការ​ការ​ងារ​ដែល​បាន​ប្រ​គល់​ជូន។ ទី​ពីរ បន្ត​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​បណ្តុះ​បណ្តាល និង​បំ​ប៉ន ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​បទ​ដ្ឋាន​លើក​កម្ពស់​កម្រិត​ជំ​នាញ ក៏​ដូច​ជា​គុណ​ភាព​នៃ​កងជួរ​កម្មា​ភិបាល បុគ្គ​លិក និង​ពល​ករ ដែល​ក្នុង​នោះ​មាន​ទាំង​កម្មា​ភិបាល​ដឹក​នាំ គ្រប់​គ្រង កម្មា​ភិបាល​ធ្វើ​ការ​ងារ​ជំ​នាញ សិល្ប​ករ សិល្ប​ការិ​នី និង​តន្ត្រី​ករ​ជា​ដើម។ ទី​បី ហ៊ាន​ស្នើ​សុំ​វិនិ​យោគ​ថវិកា​សម្រាប់​ការ​ស្រាវ​ជ្រាវ ប្រ​មូល​ចង​ក្រង និ​ពន្ធ និង​សម្តែង​សាក​ល្បង ដើម្បី​ចង​ក្រង និ​ពន្ធ​ទៅ​ជា​កម្ម​វិធី​សិល្បៈ​ដែល​មាន​គុណ​ភាព​ខ្ពស់ សំ​ដៅ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កម្សាន្ត​សប្បាយ​របស់​សា​ធា​រណ​ជន ទស្ស​និក​ជន និង​ប្រ​ជា​ពល​រដ្ឋ​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រ​សើរ​ក្នុង​ស្ថាន​ភាព​ថ្មី។”

នា​ពេល​បច្ចុប្បន្ន ក្រុម​បាន​ចេញ​ទៅ​សម្តែង​បាន​ប្រ​ហែល ១០ កន្លែង​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។ តាម​រយៈ​រាត្រី​នៃ​ការ​សម្តែង​កន្លង​មក​នេះ ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ បាន​នាំ​មក​នូវ​ឈុត​ឆាក​ថ្មី​និង​ពិ​សេសៗ បម្រើ​បាន​ល្អ​នូវ​តម្រូវ​ការ​កម្សាន្ត​សប្បាយ​របស់​ទស្ស​និក​ជន។ ចាប់​តាំង​ពី​សំ​នៀង​ចម្រៀង ក្បាច់​រាំ រហូត​ដល់​ការ​សម្តែង​រឿង​ល្ខោន​យូរ​កេ ទាំង​អស់​សុទ្ធ​តែ​បាន​សម្រិត​សម្រាំង​យ៉ាង​ហ្មត់​ចត់​បំ​ផុត។

បង​ស្រី ស្រី​មុំ – សិល្ប​កា​រិនី​នៃ​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ បាន​ចែក​រំលែក៖ “រយៈ​ពេល​កន្លង​មក នាង​ខ្ញុំ និង​បង​ប្អូន​ក្នុង​ក្រុម​បាន​រួម​គ្នា​ហាត់​សម ដើម្បី​ត្រៀម​ខ្លួន​ចេញ​ទៅ​សម្តែង​បម្រើ​មា​មីង​ក្នុង​រដូវ​ប្រាំង​នេះ។ ឆ្នាំ​នេះ​ក៏​មាន​ចំ​ណុច​ថ្មីៗ​ច្រើន​ដែរ បង​ប្អូន​បាន​ហាត់​ទាំង​តន្ត្រី​ប្រ​ពៃ​ណី និង​សម័យ ដោយ​សង្ឃឹម​ថា​ទស្ស​និក​ជន​នឹង​ទទួល​យក។ ចំ​ពោះ​នាង​ខ្ញុំ ការ​បាន​បម្រើ​មា​មីង​ជន​រួម​ជាតិ គឺ​ជា​មោ​ទន​ភាព​របស់​នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​នឹង​ខិត​ខំ​ឆ្លើយ​តប​ឱ្យ​បាន​នូវ​តម្រូវ​ការ​ទស្សនា​កម្សាន្ត​របស់​ទស្ស​និក​ជន។”

ដូច្នេះ ពន្លឺ​ភ្លើង​ឆាក​សិល្បៈ​កំ​ពុង​បាន​បំភ្លឺ​ឡើង​វិញ​នៅ​តាម​បណ្តា​ភូមិ​ស្រុក​ខ្មែរ​នានា។ ជា​មួយ​នឹង​ការ​ត្រៀម​រៀប​ចំ​យ៉ាង​ហ្មត់​ចត់ និង​ក្តី​ស្រ​ឡាញ់​សិល្បៈ​ដ៏​លើស​លុប​នោះ ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ សន្យា​នឹង​នាំ​មក​នូវ​រដូវ​កាល​ចេញ​ទៅ​សម្តែង​ឆ្នាំ ២០២៦ ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​នៅ​កណ្តាល​តំ​បន់​តៃ​ដូ៕

ច័ន្ទ​សិរី - ថាច់​ធី

ចែករំលែកអត្ថបទ