លោកត្រឹងជីហុង សំណូមពរស្ថាប័នស្ថិតិទីក្រុង ដឹកនាំ សហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងកឹងធើ និងបណ្តាអង្គភាពពាក់ព័ន្ធ បន្តត្រួតពិនិត្យ បង្ហើយ វិនិច្ឆ័យនិងបូកសរុបទិន្នន័យ។ ប្រញាប់ចងក្រង និងប្រកាសលទ្ធផលផ្លូវការនៃកិច្ចជំរឿនតាមបទបញ្ញត្តិ។
នាព្រឹកថ្ងៃទី ២០ ខែមីនា លោកត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមសន្និបាតបូកសរុប និងស្ងើចសរសើរក្នុងកិច្ចជំរឿនជនបទ កសិកម្មឆ្នាំ ២០២៥។

តំណាងស្ថាប័នស្ថិតិទីក្រុងកឹងធើ រាយការណ៍លទ្ធផលដំបូងនៃកិច្ចជំរឿន។
កិច្ចជំរឿនជនបទនិងកសិកម្មឆ្នាំ ២០២៥ បានអនុវត្តតាមសេចក្តីសម្រេចលេខ ៤៨៤/QĐ-TTg ចុះថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤ របស់នាយករដ្ឋមន្ត្រី ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយអំពីកសិកម្ម រុក្ខកម្ម ជលផល ជនបទ និងប្រជាជននៅជនបទ បម្រើឱ្យការកសាងយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ ការប្រមូលព័ត៌មានបានអនុវត្តក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥។
នៅលើភូមិសាស្ត្រទីក្រុងកឹងធើ កិច្ចជំរឿនបានប្រមូលព័ត៌មានពីគ្រួសារប្រជាជនជាង ៣៩១.៣០០ គ្រួសារ ដែលមានសកម្មភាពផលិតកសិកម្ម រុក្ខកម្ម និងជលផល; កសិដ្ឋានចំនួន ៦៧៤; អាជីវកម្ម និងសហករណ៍ចំនួន ៤៩០ រួមទាំងព័ត៌មានបណ្តាឃុំ។ លទ្ធផលបឋមបានបង្ហាញថា ក្រោយរយៈពេល ១០ ឆ្នាំ កសិកម្ម និងជនបទរបស់ទីក្រុងមានការវិវឌ្ឍន៍ជាវិជ្ជមានជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមត្រូវបានវិនិយោគព្រមៗគ្នា គិតត្រឹមថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មានឃុំ និងភូមិចំនួន ១០០% មានអគ្គិសនីប្រើប្រាស់; ៨៩,១៤% ភូមិមានផ្លូវរថយន្តពីទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ ទៅដល់តំបន់ប្រជាជនក្នុងភូមិ; ឃុំទាំង១០០%ក្នុងទីក្រុងមានប្រព័ន្ធសាលារៀន ទីតាំងសាលាមត្តេយ្យនិងសាលាបឋមសិក្សា។
បណ្តាញសាលារៀន និងសុខាភិបាលបន្តបានពង្រឹង; គ្រឹះស្ថានវប្បធម៌ និងព័ត៌មានវិទ្យាបានពង្រីក; ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យបរិស្ថានមានការកែលម្អច្រើន។ រចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទមានការវិវឌ្ឍន៍តាមទិសដៅវិជ្ជមាន។ សេដ្ឋកិច្ចកសិដ្ឋាន អាជីវកម្ម និងសហករណ៍មានការរីកចម្រើន ឈានទៅរកការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងលើកកម្ពស់ប្រសិទ្ធភាពនៃការផលិត។ គិតត្រឹមថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ទីក្រុងមានកសិដ្ឋានចំនួន ៦៧៤; សហករណ៍កសិកម្ម រុក្ខកម្ម និងជលផលចំនួន ៣២១; វាលស្រែធំៗចំនួន ៥៦ ត្រូវបានអនុវត្តនៅ ២៥ ឃុំ...

លោកត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងអង្គសន្និបាត។
ថ្លែងការណ៍ក្នុងអង្គសន្និបាត លោកត្រឹងជីហុង បានស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បណ្តាអង្គភាព ភូមិភាគ និងកងកម្លាំងចូលរួម ដែលបានរួមចំណែកដល់ជោគជ័យរួមនៃកិច្ចជំរឿនជនបទ កសិកម្មឆ្នាំ ២០២៥។ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវលទ្ធផលដែលសម្រេចបាន ស្ថាប័នស្ថិតិទីក្រុងគប្បីដឹកនាំ សហការជាមួយមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងបណ្តាអង្គភាពពាក់ព័ន្ធ បន្តត្រួតពិនិត្យ បង្ហើយ វិនិច្ឆ័យ និងបូកសរុបទិន្នន័យ។ ទន្ទឹមនឹងនោះ ត្រូវប្រញាប់ចងក្រង និងប្រកាសលទ្ធផលផ្លូវការនៃកិច្ចជំរឿនតាមបទបញ្ញត្តិ។
បណ្តាមន្ទីរ គណៈ ផ្នែក និងភូមិភាគ ម្ចាស់ការទាញយក និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលកិច្ចជំរឿន ដើម្បីធ្វើជាមូលដ្ឋានវិទ្យាសាស្ត្របម្រើដល់ការងារគ្រប់គ្រង កសាងផែនការ និងទិសដៅអភិវឌ្ឍន៍ផ្នែក វិស័យ ភូមិភាគក្នុងពេលខាងមុខ។ បន្តពង្រីកបទពិសោធន៍ពីកិច្ចជំរឿននេះ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចជំរឿនស្ថិតិតាមកាលកំណត់ ជាពិសេសគឺកិច្ចជំរឿនសេដ្ឋកិច្ច សំដៅលើកកម្ពស់គុណភាពទិន្នន័យ បម្រើល្អដល់ការងារដឹកនាំ ចង្អុលការនិងបញ្ជាការ។

លោកត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដល់បណ្តាសមូហភាពដែលមានស្នាដៃឆ្នើមក្នុងកិច្ចជំរឿនជនបទ កសិកម្មឆ្នាំ ២០២៥។

លោកត្រឹងជីហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដល់បុគ្គលដែលមានស្នាដៃឆ្នើមក្នុងកិច្ចជំរឿនជនបទ កសិកម្មឆ្នាំ ២០២៥។ ក្នុងឱកាសនេះ សមូហភាព និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងកិច្ចជំរឿនជនបទ កសិកម្មឆ្នាំ ២០២៥ បានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង និងលិខិតសរសើររបស់ប្រធានស្ថាប័នស្ថិតិទីក្រុង៕
ត្វៀកទ្រិន - សុផន