ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/03/2026 - 14:34

ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ាវ ស្រ​ស្រាក់​ស្រ​ស្រាំទៅ​បោះ​ឆ្នោត 

ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី​១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១ នៅ​ឃុំ​ហឹង​ហោយ ខេត្ត​កា​ម៉ាវ បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិ​យា​កាស​ឱ​ឡា​រិក​អធិក​អធម ក្លាយ​ជា​ថ្ងៃ​បុណ្យ​ទូ​ទាំង​ប្រ​ជា​ជន​យ៉ាង​ពិត​ប្រា​កដ។ នៅ​តាម​ដង​ផ្លូវ​នា​នា​ចូល​ទៅ​កាន់​ភូមិ​ស្រុក និង​តាម​ទី​តាំង​បោះ​ឆ្នោត សុទ្ធ​តែ​បាន​តុប​តែង​លម្អ​ដោយ​ទង់ និង​ផ្កា​ភ្ញី​យ៉ាង​ស្រស់​បំ​ព្រង។ ម្ចាស់​ឆ្នោត​គ្រប់​រូប​សុទ្ធ​តែ​មាន​ទឹក​មុខ​រីក​រាយ សប្បាយ​ចិត្ត ដើម្បី​អនុ​វត្ត​សិទ្ធិ កា​តព្វ​កិច្ច​ពល​រដ្ឋ​របស់​ខ្លួន ព្រម​ទាំង​ផ្ញើ​នូវ​ក្ដី​ជឿ​ជាក់​និង​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំ​ក្នុង​អា​ណត្តិ​កាល​ថ្មី។

តាម​ប្រ​សាសន៍​លោក តឺ​មិញ​ភុក លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ និង​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​បោះ​ឆ្នោត​ឃុំ​ហឹង​ហោយ បាន​ឱ្យ​ដឹង៖ ឃុំ​មាន​ប្រ​ជា​ជន​ជិត ៣០​.០០០​នាក់ ក្នុង​នោះ​មា​មីងជន​រួម​ជាតិ​ខ្មែរ​មាន​អត្រា​ជាង ៣០%។ នេះ​ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​បំ​ផុត​ក្នុង​ខេត្ត​កា​ម៉ាវ ដោយ​មាន​មណ្ឌល​បោះ​ឆ្នោត​ចំ​នួន ១៨ កន្លែង​នៅ​តាម​ភូមិ និង​មាន​ម្ចាស់​ឆ្នោត​ជាង ២១​.០០០ នាក់​ចូល​រួម​បោះ​ឆ្នោត។ ឃុំ​មាន​បេក្ខ​ជន​ឈរ​ឈ្មោះ​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី​១៦ ចំ​នួន ០៥ រូប (បោះ​ឆ្នោត​ជ្រើស​រើស​យក ០៣ រូប) បេក្ខ​ជន​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ០៧​រូប (បោះ​ឆ្នោត​ជ្រើស​រើស​យក ០៤​រូប) និង​បេក្ខ​ជន​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ ៣៥ រូប (បោះ​ឆ្នោត​ជ្រើស​រើស​យក ២១ រូប)។

លោក​ស្រី ត្រឹង​ធី​ហ្វា​រី អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា (ខាង​ឆ្វេង) និង​ម្ចាស់​ឆ្នោត​ឃុំ​ហឹង​ហោយ អញ្ជើញ​ទៅ​បោះ​ឆ្នោត។

តាម​ការ​កត់​សម្គាល់​នៅ​ទី​តាំង​បោះ​ឆ្នោត​វត្ត​បុប្ផា​រាម (មណ្ឌល​បោះ​ឆ្នោត​លេខ ១៦) ឃុំ​ហឹង​ហោយ តាំង​ពី​ព្រ​លឹម​ស្រាងៗ មាន​ម្ចាស់​ឆ្នោត​យ៉ាង​ច្រើន​កុះ​ករ ស្លៀក​ពាក់​តាម​ប្រ​ពៃ​ណី អញ្ជើញ​មក​អនុ​វត្ត​កា​តព្វ​កិច្ច​ពល​រដ្ឋ។ ពិធី​បើក​ការ​បោះ​ឆ្នោត​នៅ​ទី​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ខ្លី​ខ្លឹម និង​សម​រម្យ។ បន្ទាប់​ពី​ក្រុម​ការ​ងារ​បោះ​ឆ្នោត​បាន​អាន​លក្ខន្តិកៈ​បន្ទប់​បោះ​ឆ្នោត រួច​ពិ​និត្យ​ហិប​ឆ្នោត​ធំ និង​ហិប​ឆ្នោត​បន្ទាប់​បន្សំ នៅ​ចំ​ពោះ​មុខ​ម្ចាស់​ឆ្នោត ព្រម​ទាំង​បិទ​ស្លាក​សញ្ញា​តាម​សេច​ក្ដី​កំ​ណត់​រួច​រាល់​ហើយ​នោះ ម្ចាស់​ឆ្នោត​ក៏​ចាប់​ផ្តើម​បោះ​សន្លឹក​ឆ្នោត។ បណ្តា​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា និង​ឃុំ​ហឹង​ហូយ គឺ​ជា​ម្ចាស់​ឆ្នោត​ដែល​បាន​បោះ​សន្លឹក​ឆ្នោត​ដំ​បូង​បង្អស់ បន្ទាប់​មក​មា​មីង​ម្ចាស់​ឆ្នោត ក៏​បន្ត​គ្នា​អនុវត្ត​សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន ប្រ​កប​ដោយ​សណ្តាប់​ធ្នាប់​រៀប​រយ។

ព្រះ​ឧបជ្ឈាយ៍ តាំង​សា​វង្ស ព្រះ​ចៅ​អធិ​ការ​វត្ត​បុប្ផា​រាម មាន​ថេរ​ដី​កា​ថា ព្រះ​អង្គ​បាន​ស្វែង​យល់​យ៉ាង​ច្បាស់​លាស់​នូវ​ប្រ​វត្តិ​រូប​សង្ខេប​របស់​បេក្ខ​ជន​តំ​ណាង​រដ្ឋ​សភា និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ ដើម្បី​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជ្រើស​រើស​បុគ្គល​ដែល​មាន​គុណ​ធម៌ និង​សមត្ថ​ភាព​ពេញ​លេញ ចូល​ក្នុង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់។ ព្រះ​ឧបជ្ឈាយ៍ តាំង​សា​វង្ស ក៏​បាន​ផ្ញើ​នូវ​ក្ដី​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ក្នុង​អា​ណត្តិ​កាល​ថ្មី នឹង​អនុ​វត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​របស់​ខ្លួន ដើម្បី​ដឹក​នាំ​ប្រ​ទេស​ជាតិ​ឈាន​ចូល​យុគ​សម័យ​ថ្មី - យុគ​សម័យ​ឈាន​ឡើង​នៃ​ប្រ​ជា​ជាតិ ដូច​ប្រ​សាសន៍​ចង្អុល​ការ​របស់​លោក​អគ្គ​លេខា​ធិការ​បក្ស តូ​ឡឹម។ 

លោក​ថាច់​ខួន អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​កៃ​យ៉ា ទោះ​បី​លោក​មាន​អា​យុ​ជាង ៧០ ឆ្នាំ​ក៏​ដោយ ក៏​នៅ​តែ​មាន​ស្មារតី​សកម្ម ​កាន់​សន្លឹក​ឆ្នោត​តាំង​ពី​ព្រ​លឹម​ដើម្បី​អនុ​វត្ត​សិទ្ធិ​បោះ​ឆ្នោត។ លោក​ថាច់​ខួន មាន​ប្រ​សាសន៍៖ “តាម​រយៈ​អង្គ​ប្រ​ជុំ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​ម្ចាស់​ឆ្នោត ខ្ញុំ​ក្តាប់​ច្បាស់​នូវ​ព័ត៌​មាន​អំ​ពី​ជីវ​ប្រ​វត្តិ​នយោ​បាយ កម្រិត​វិជ្ជា​ជីវៈ ក៏​ដូច​ជា​កម្ម​វិធី​សកម្ម​ភាព​របស់​បេក្ខ​ជន​ម្នាក់ៗ។ អា​ស្រ័យ​ហេតុ​នោះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​តាម​រយៈ​សន្លឹក​ឆ្នោត និង​រំ​ពឹង​ថា បេក្ខ​ជន​ដែល​ជាប់​ឆ្នោត​នឹង​បន្ត​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ជា​ពិ​សេស​គឺ​នៅ​ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន យក​ចិត្ត​ទុក​ដាក់​ស្ដាប់ និង​ពាំ​នាំ​យក​នូវ​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​ជូន​ដល់​បក្ស និង​រដ្ឋ”។

អ្នក​តំ​ណាង​ចូល​រួម​ពិ​ធី​បើក​ការ​បោះ​ឆ្នោត។

ជា​មួយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ម្ចាស់​ឆ្នោត​នៅ​តាម​ទី​តាំង​បោះ​ឆ្នោត​នា​នា​ក្នុង​ឃុំ​ហឹង​ហោយ​និ​យាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក ចាប់​ពី​មនុស្ស​ចាស់​រហូត​ដល់​យុវ​ជន​ដែល​ទើប​អនុ​វត្ត​សិទ្ធិ​បោះ​ឆ្នោត​លើក​ដំ​បូង បាន​អញ្ជើញ​មក​ចូល​រួម​យ៉ាង​កុះ​ករ ដើម្បី​បំ​ពេញ​សិទ្ធិ​និង​កា​តព្វ​កិច្ច​ពល​រដ្ឋ។ តាម​រយៈ​នោះ ម្ចាស់​ឆ្នោត​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​តំ​ណាង​ឆ្នើម​ដែល​មាន​ទាំង​គុណ​ធម៌​និង​សមត្ថ​ភាព ដើម្បី​តំ​ណាង​ឱ្យ​ឆន្ទៈ​និង​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន ចូល​ជា​តំ​ណាង​រដ្ឋ​សភា​នីតិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ អា​ណត្តិ​កាល ២០២៦​-២០៣១។ ប្អូន​ថាច់​សួ​ស្ដី អា​យុ ១៩ ឆ្នាំ ដែល​ចូល​រួម​បោះ​ឆ្នោត​លើក​ដំ​បូង បាន​បញ្ចេញ​ក្ដី​រំ​ភើប​រីក​រាយ​ថា៖ “ខ្ញុំ​មាន​អា​រម្មណ៍​ភ័យ​ផង​អរ​ផង​និង​រំភើប​យ៉ាង​ខ្លាំង។ ដំ​បូង ខ្ញុំ​បា​រម្ភ​ខ្លាច​អនុ​វត្ត​ខុស​នីតិ​វិធី​បោះ​ឆ្នោត ព្រោះ​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ ប៉ុន្តែ​ដោយ​សារ​មាន​ការ​ណែ​នាំ​ពី​កម្មា​ភិបាល​ឃុំ រួម​ជា​មួយ​ការ​ស្វែង​យល់​ព័ត៌​មាន​តាម​សារ​ព័ត៌​មាន ទើប​ខ្ញុំ​យល់​ច្បាស់​និង​អនុ​វត្ត​បាន​ត្រឹម​ត្រូវ​តាម​សេចក្ដី​កំ​ណត់។ ខ្ញុំ​មាន​មោ​ទន​ភាព​ណាស់​ដែល​បាន​រួម​ចំ​ណែក​ជា​មួយ​មា​មីង​ក្នុង​ឃុំ អនុ​វត្ត​ជោគ​ជ័យ​នូវ​ការ​បោះ​ឆ្នោត​លើក​នេះ”។

ការ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១ មិន​ត្រឹម​តែ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​ឱកាស​ដើម្បី​ប្រ​ជា​ជន​គ្រប់​រូប​បញ្ជាក់​ពី​ក្ដី​ជឿ​ជាក់​ទៅ​លើ​បក្ស រដ្ឋ និង​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​នៅ​អនា​គត។ ក្នុង​បរិ​យា​កាស​សប្បាយ​រីក​រាយ​នៃ​ទិវា​បុណ្យ​ទូ​តាំង​ប្រ​ទេស មា​មីង​ខ្មែរ​នៅ​ឃុំ​ហឹង​ហោយ ខេត្ត​កា​ម៉ាវ សម្តែង​នូវ​ការ​ទំ​នុក​ចិត្ត​និង​ក្តី​រំពឹង​ថា ការ​បោះ​ឆ្នោត​ជ្រើស​តំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១ នឹង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់ បង្ក​នូវ​ទិស​ដៅ​អភិ​វឌ្ឍន៍​ប្រ​ទេស​ជាតិ​គ្រប់​ជ្រុង​ជ្រោយ ក្នុង​យុគ​សម័យ​ថ្មី - យុគ​សម័យ​ឈាន​ឡើង​នៃ​ប្រ​ជា​ជាតិ៕

យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ