សំដៅអបអរសាទរខួប ១១៦ ឆ្នាំនៃទិវានារីអន្តរជាតិ ៨ មីនា និងខួបអនុស្សាវរីយ៍ ១៩៨៦ ឆ្នាំនៃកុបកម្ម ហាយបាត្រឹង នារីនៅតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពជាច្រើនមានអត្ថន័យ បង្ករបរិយាកាសប្រកួតប្រជែងយ៉ាងសកម្ម និងរីកសាយភាយតម្លៃវប្បធម៌ប្រពៃណី។
នៅឃុំលិតហោយទឿង អបអរសាទរសកម្មភាព “សប្ដាហ៍អាវផាយ និងអាវបាបា” ឆ្នាំ ២០២៦ ដែលសមាគមនារីទីក្រុងកឹងធើ បានបំផុសចលនាចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ សកម្មភាពនេះ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាក់ទាញការចូលរួមយ៉ាងសកម្មពីកម្មាភិបាល សមាជិក និងនារីនៅភូមិភាគ។ តាមរយៈនោះ កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ គ្រូបង្រៀន និងសមាជិកនារីជាច្រើន បានសកម្មពាក់អាវផាយក្នុងបណ្តាថ្ងៃធ្វើការ កិច្ចប្រជុំ សកម្មភាពសាខា ក្រុមសមាគមនារី និងសកម្មភាពអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា។


អបអរសាទរសកម្មភាព “សប្ដាហ៍អាវផាយ និងអាវបាបា” ឆ្នាំ ២០២៦។
ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីបណ្តាភូមិភាគ នៅទាំងចាត់តាំងពិធីជួបជុំប្រពៃណី បង្កបរិយាកាសសាមគ្គីភាព ជិតស្និទ្ធរវាងសមាជិកជាមួយគ្នា។ ជាក់ស្ដែង នៅឃុំកូវឡាវយុង សមាគមសហព័ន្ធនារីឃុំ បានសហការជាមួយសាខាសមាគម ចាត់តាំងពិធីជួបជុំអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ភ្ជាប់ជាមួយការផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ទាក់ទាញសមាជិកនារីជាច្រើនចូលរួម។
នៅក្នុងពិធីជួបជុំនោះ បងប្អូននារីបានរំលឹកឡើងវិញអំពីប្រវត្តិនៃការបង្កើតទិវានារីអន្តរជាតិ ៨ មីនា ព្រមទាំងបញ្ជាក់ពីតួនាទីនិងឋានៈសំខាន់របស់នារីវៀតណាមក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ខ្លឹមសារនៃការផ្សព្វផ្សាយអំពីកុបកម្ម ហាយបាត្រឹង បានផ្គួបបញ្ចូលយ៉ាងរស់រវើកក្នុងកម្មវិធី រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ និងឆន្ទៈរឹងមាំរបស់នារី។
អ្នកស្រីថាច់ធីត្វៀក សមាជិកសមាគមនារីឃុំកូវឡាវយុង ចែករំលែក៖ “សកម្មភាពទាំងនេះ បានជួយបងប្អូននារីយើងយល់ដឹងកាន់តែច្បាស់អំពីប្រពៃណីនារីវៀតណាម ហើយក៏ផ្តល់កម្លាំងចិត្តបន្ថែម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងខ្នះខ្នែងចូលរួមបណ្តាចលនាផ្សេងៗនៅភូមិភាគ”។
ក្នុងពេលនោះដែរ នៅឃុំសាភៀង សមាគមនារីឃុំបានចាត់តាំងពិធីជួបជុំ ដោយមានសកម្មភាពសប្បាយរីករាយជាច្រើន ដូចជារំលឹកឡើងវិញអំពីប្រពៃណី និងចាត់តាំងកម្មវិធី “បេះផ្កាប្រជាធិបតេយ្យ” បង្កបរិយាកាសសប្បាយរីករាយសម្រាប់សមាជិកសមាគម។
ក្នុងឱកាសនេះដែរ សមាគមនារីបានបង្ហាញមុខទម្រង់ “បៃតងតាំងពីផ្លូវតូច” ដោយអំពាវនាវឱ្យសមាជិកចូលរួមការពារបរិស្ថាន កសាងទិដ្ឋភាពភ្លឺ - បៃតង - ជ្រះ- ស្អាត។ ជាមួយគ្នានេះ សមាគមក៏បានស្ងើចសរសើរសមាជិកឆ្នើមចំនួន ៦ នាក់ ហើយផ្តល់អំណោយជាអាវផាយនិងអាវបាបា ជូនដល់នារីដែលមានជីវភាពលំបាក។
លោកស្រីត្រឹងធីអ៊ុក ប្រធានសមាគមសហព័ន្ធនារីឃុំសាភៀង ឱ្យដឹង៖ “តាមរយៈសកម្មភាពនេះ សមាគមចង់បន្តលើកកម្ពស់តួនាទីរបស់នារី ក្នុងការកសាងសុភមង្គលគ្រួសារ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសកម្មគាំទ្រចលនាប្រឡងប្រណាំងនៅភូមិភាគ។ ទន្ទឹមនឹងនោះ ក៏ជួយលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់សមាជិក ក្នុងការចូលរួមបំពេញភារកិច្ចនយោបាយ ជាពិសេស ការងារបោះឆ្នោតនឹងឈានមកដល់នៅពេលខាងមុខ”៕
ហុងទើ - ពេជ្រសឿន