ផ្តើមពីការផលិតជាលក្ខណៈគ្រួសារ កសិករភូមិព្រែកអណ្តើក ឃុំញូយ៉ា ទីក្រុងកឹងធើ បានចងសម្ព័ន្ធបង្កើតជាសហករណ៍ “សាមគ្គីនិងអភិវឌ្ឍន៍” ដើម្បីបង្កើតតំបន់ផលិតប្រមូលផ្តុំ បង្កើនប្រាក់ចំណូល លំនឹងជីវភាពនិងបន្ថយភាពក្រីក្រដោយចីរភាព។

ទម្រង់ដាំដំណាំរបស់សហករណ៍ “សាមគ្គីនិងអភិវឌ្ឍន៍”។
តាមរយៈការក្ដាប់ពីមតិនិងគោលបំណងរបស់សមាជិក សមាគមកសិករឃុំញូយ៉ា បានខ្នះខ្នែងផ្សព្វផ្សាយ ចលនាកសិករចូលរួមក្នុងការអភិវឌ្ឍទម្រង់សេដ្ឋកិច្ចសមូហភាព។ ផ្អែកលើមូលដ្ឋានធ្វើសេនាធិការពីសាខាសមាគមកសិករភូមិព្រែកអណ្តើក ព្រមទាំងទទួលបានការឯកភាពពីប្រចាំការនៃគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ សហករណ៍ “សាមគ្គីនិងអភិវឌ្ឍន៍” ភូមិព្រែកអណ្តើក ឃុំញូយ៉ា ទីក្រុងកឹងធើ បានបង្កើតឡើងជាផ្លូវការ។
សហករណ៍ផ្តើមដំណើរការជាផ្លូវការ ចាប់ពីខែ កក្កដា ឆ្នាំ២០២២ មានសមាជិក ៣១ នាក់ ដោយមានផ្ទៃដីផលិតសរុប ៩០ ហិកតា។ ប៉ុន្មានថ្ងៃដំបូង សមាជិកនៅស្រពេចស្រពិលចំពោះវិធីសាស្ត្រក្នុងការផលិតនិងការគ្រប់គ្រង។ ប៉ុន្តែតាមរយៈវគ្គហ្វឹកហ្វឺនអំពីការផ្ទេរវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿនក្នុងការដាំដុះនិងចិញ្ចឹមសត្វ សមាជិកបានផ្លាស់ប្តូរគំនិតបន្តិចម្តងៗ មោះមុតអនុវត្តបច្ចេកទេសថ្មីក្នុងការផលិត។
ឆ្នាំ ២០២៥ សហករណ៍មានសមាជិកកើនឡើង ៤៥ នាក់ ជាមួយផ្ទៃដីផលិតពង្រីកទំហំ ១១០ ហិកតា។ បច្ចុប្បន្ន សហករណ៍បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនហ៊ឺវឌាំង ធានាទិញស្រូវពូជ OM៥៧៦ ផលិតលើផ្ទៃដី ២០ ហិកតា ចំណែកផ្ទៃដីនៅសល់ផលិតពូជស្រូវគុណភាពខ្ពស់ ដូច៖ ពូជស្រូវដាយថើម៨និងOM១៨។ ក្រៅពីនោះ សមាជិកថែមទាំងឆ្លៀតប្រើប្រាស់ដីតាមមាត់ប្រឡាយ ភ្លឺស្រែដើម្បីដាំដំណាំរួមផ្សំ មានដូច៖ ស្ពៃ ម្ទេស ត្រឡាច ល្ពៅជាដើម។ល។ ជាមួយផ្ទៃដីប្រមាណ ៧ ហិកតា រួមចំណែកបង្កើនប្រាក់ចំណូល។
បងយឿងយៀង សមាជិកសហករណ៍ “សាមគ្គី និងអភិវឌ្ឍន៍” ឱ្យដឹង៖ “ចូលរួមក្នុងសហករណ៍ យើងខ្ញុំបានណែនាំអំពីបច្ចេកទេសចងសម្ព័ន្ធការផលិតនិងមានទីផ្សារធានាទិញផលិតផល ទើបការចំណាយថយចុះ ច្រកចេញលំនឹងជាងមុន។ អាស្រ័យហេតុនេះ ប្រាក់ចំណូលរបស់គ្រួសារខ្ញុំ ក៏បានលើកកម្ពស់បើធៀបនឹងពីមុន”។
មិនត្រឹមតែផ្តោតលើការផលិតប៉ុណ្ណោះទេ សហករណ៍នៅទាំងរក្សាទម្រង់ហ៊ុនទុនបង្វិលជុំដើមទុន ៣១ លានដុង ដើម្បីឱ្យសមាជិកខ្ចីគ្មានគិតការប្រាក់ក្នុងរយៈពេល ៦ ខែ ឧបត្ថម្ភសមាជិកក្នុងការផលិតនិងការរស់នៅបានទាន់ពេល។ ជារៀងរាល់ខែ សមាជិកទាំងអស់ចូលរួមប្រជុំជីវភាព ដើម្បីដោះដូរបទពិសោធន៍ រួមគ្នាដោះស្រាយបញ្ហាប្រឈម ពង្រឹងស្មារតីសាមគ្គីនិងបង្កភាពស្និទ្ធស្នាល។
អ្នកស្រី ង្វៀងហ៊ុងក្វាង ប្រធានសមាគមកសិករ ឃុំញូយ៉ា បញ្ជាក់៖ “សហករណ៍ “សាមគ្គីនិងអភិវឌ្ឍន៍” ជាទម្រង់សេដ្ឋកិច្ចសមូហភាពសមស្រប នឹងលក្ខណៈភូមិភាគ រួមចំណែករៀបចំការផលិតឡើងវិញ បង្កើនប្រាក់ចំណូលដល់កសិករព្រមទាំងទាក់ទាញសមាជិក ចូលរួមប្រជុំជីវភាពសមាគម លើកកម្ពស់គុណភាពរបស់សាខាសមាគមនិងក្រុមសមាគមនៅមូលដ្ឋាន”៕
ហុងទើ-មុនី